​ចោរ​ថ្លើមធំ​ហ៊ាន​លួច​រថយន្ត​កុង​តៃ​ន័​រ​ម្ចាស់​ដេញតាម​ប្តឹង​ប៉ូលិស​ដេញចាប់បាន​ម្នាក់​រត់​រួច​ម្នាក់​

1145
ចែករម្លែក
  • 5
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ ប្រដេញ​តាម​ចាប់ខ្លួនបាន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​រថយន្ត​កុង​តៃ​ន័​រ​ខណៈដែល​ម្ចាស់​ចត​ទុក​ហើយ​ចេញទៅ​ហូបបាយ​បាត់​។

​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ដេញចាប់បាន​រថយន្ត និង​ជនសង្ស័យ​ម្នាក់ តាមផ្លូវ​សហព័ន្ធ​រុស្សី មុខ​ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឃាត់ខ្លួន​បាន​ម្នាក់ ឈ្មោះ សុខ វណ្ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ ជាង​បាញ់ថ្នាំ​រថយន្ត ស្នាក់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ កែវ វឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​កុង​តៃ​ន័​រ ភូមិ​តំណាក់​ត្របែក​ខាងលិច ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ដោយឡែក រថយន្ត​កុង​តៃ​ន័​រ​ដែល​ជនសង្ស័យ​លួច ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-5589 មាន​សណ្តោង​រ៉ឺម៉ក ។​

តាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខ្លួន​បាន​បើករថយន្ត​កុង​តៃ​ន័​រ ចេញពី​ក្រុងព្រះសីហនុ ដើម្បី​មក​ដឹក​ឥ​វ៉ាន់ នៅ​ភ្នំពេញ ។​លុះ​បើក​មកដល់ ចំណុច​ភូមិ​ត្រពាំង​គល់ សង្កា​ក់ន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ នៅវេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃទី​១ ខែឧសភា មាន​មិត្តភក្តិ រួមការ​ងារ ណាត់​បបួល ឲ្យ​ចូលទៅ​ហូបបាយ នៅផ្ទះ​របស់គេ ក្នុងភូមិ​ព្រៃ​កុ​ដ៍ សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ​។​គាត់​បាន ចត​រថយន្ត​អែប​ខាង ចាក់សោរ​ទ្វារ​រថយន្ត​ត្រឹមត្រូវ​រួច​ទៅ​ហូបបាយ​ផ្ទះ​មិត្តភក្តិ ថែមទាំង​ណាត់ ឲ្យ​មិត្តភក្តិ​ម្នាក់ទៀត ដែល​បើករថយន្ត​កុង​តៃ​ន័​រ មក​តាម​ក្រោយ​ដែរ​។​ពេលដែល​មកដល់​ចំណុច​ខាងលើ ឃើញ​រថយន្ត​របស់ខ្លួន ហើយ​ឈប់​ក្បែរ​គ្នា​នោះ​ទៅ ដើម្បី ទៅ​ហូបបាយ​ជុំគ្នា​។

ក៏ប៉ុន្តែ ពេលដែល​មិត្តភក្តិ​មកដល់​កន្លែង​ដែក​ប្រាប់​ឲ្យ​ឈប់​ចត​នោះ​ហើយ បែ​ជា​មិនឃើញ​រថយន្ត ទើប​ប្រាប់​ដំណឹង​តាម​ទូរស័ព្ទ នាំគ្នា​ផ្អើលឆោឡោ ដឹងថា មាន​ជនសង្ស័យ​លួច​រថយន្ត​កុង​តៃ​ន័​រហើយ សាកសួរ អ្នក​ជុំវិញ ដឹង​គោលដៅ ដែល​ជនសង្ស័យ​បើក​រត់ ប្តឹង​ប៉ូលីស ហើយ បើករថយន្ត​កុង​តៃ​ន័​រ​មួយគ្រឿង​ទៀត​ដេញតាម រហូតដល់​មុខ​សលាកាត់​កា​កាប​១ ។​ជនរងគ្រោះ​រួមជាមួយ​មិត្តភក្តិ តាម​ទាន់ រួមទាំង​កម្លាំង​សមត្ថកិច្ច យក​រថយន្ត​កុង​តៃ​ន័​រ បើក​គៀង​ចូល​ខាង តែ​ជនសង្ស័យ​ដឹងខ្លួន​ទាន់ បើកទ្វារ​រថយន្ត​សងខាង ហើយ​លោត​ហក់ចុះ ទើប​កម្លាំង​សមត្ថកិច្ច ដេញចាប់បាន​ម្នាក់ រត់​រួច​ម្នាក់ ។​

​ក្រោយពី​ចាប់ខ្លួនបាន ជនសង្ស័យ នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន ដើម្បី​ក​សង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី រីឯ​រថយន្ត សមត្ថកិច្ច​ប្រគល់ជូន​ជនរងគ្រោះ​វិញ ៕S/​

​ចោរ​ថ្លើមធំ​ហ៊ាន​លួច​រថយន្ត​កុង​តៃ​ន័​រ​ម្ចាស់​ដេញតាម​ប្តឹង​ប៉ូលិស​ដេញចាប់បាន​ម្នាក់​រត់​រួច​ម្នាក់​