​ចំណាយ​ទុនវិនិយោគ ៨ លាន​ដុល្លារ ពង្រីក​ចំណត​យន្តហោះ​ថ្មី ” B ” បន្ថែម​

443
ចែករម្លែក

** ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា រំពឹងថា នៅ​ចុងឆ្នាំ​២០១៩ នេះ អ្នកដំណើរ អាច​នឹង​កើន​ឡើងដល់ ៦ លាន​នាក់​
ដោយ​៖ ទេព មង្គល​
​ភ្នំពេញៈ
ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បានដាក់​ទុនវិនិយោគ ចំនួន ៨ លាន​ដុល្លារ​អាម៉េរិក ដើម្បី​ពង្រីក​ចំណត​យន្តហោះ​ថ្មី ” B ” បន្ថែមទៀត នៅក្នុង​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ក្នុង​គោលបំណង​ឆ្លើយតប​នឹង​កំណើន នៃ​ជើងហោះហើរ កំណើន​នៃ​អ្នកដំណើរ ក៏ដូចជា​អ្នកទេសចរ ហើយក៏​ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​បណ្ដា​ឆ្នាំក្រោយ ដែល​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​នេះ បានធ្វើ​ឡើង តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រោយ​ពិធី​ប្រោះព្រំ ដាក់ឱ្យ​ប្រើប្រាស់​ចំណត​យន្តហោះ​ថ្មី B នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក អា​ឡាំង ប្រ៊ុ​ន (Alain BRUN) នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​អាកាស យានដ្ឋាន​កម្ពុជា បានឱ្យដឹង នៅក្នុង​បទសម្ភាសន៍​ជាមួយបណ្ដាញ សារព័ត៌មាន​នានា ថា អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ នៅថ្ងៃនេះ បាន​បើក​ដាក់ឱ្យ​ដំណើរការ​នូវ សមិទ្ធផល​ថ្មី​មួយ គឺ​ចំណត​យន្តហោះ​ថ្មី B ដើម្បី​ជាការ​ឆ្លើយតប តាម​កំណើន​នៃ​អ្នកដំណើរ អ្នកទេសចរ និង​តាម​កំណើន នៃ​ជើងហោះហើរ បច្ចុប្បន្ន និង​ទៅ​ពេលខាងមុខ ហើយ​លោក​សង្ឃឹមថា សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ចុងឆ្នាំ​២០១៩ នេះ អ្នកដំណើរ ក៏ដូចជា ភ្ញៀវទេសចរ អាច​នឹង​កើនឡើង​រហូតដល់ ៦ លាន​នាក់​។​

​លោក​បាន​បន្តថា សម្រាប់​បេសកកម្ម​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា កាលពី​២៥​ឆ្នាំមុន គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៥ មក តែង​បេ្ត​ជ្ញា​អភិវឌ្ឍន៍ ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នា នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ​។ ជាក់ស្តែង ទីតាំង​ចំណត​យន្តហោះ ចំនួន ១២ កន្លែង​ថ្មី​នេះ គឺជា​ចំណត​យន្តហោះ​ប្រភេទ​មធ្យម ដែល​មិនមែនជា​ប្រភេទ​យន្តហោះ​ពាណិជ្ជកម្ម​។ ចំណត​យន្តហោះ​ថ្មី B នេះ មាន​ទំហំ​បណ្តោយ​ប្រវែង ៥៤០​ម៉ែត្រ និង​ទទឹង​ប្រវែង ៨៦ ម៉ែត្រ ដោយ​ចំណាយ​ថវិកា អស់​ចំនួន ៨ លាន​ដុល្លារ​អាម៉េរិក​។​

​លោក អា​ឡាំង ប្រ៊ុ​ន បាន​បញ្ជាក់ថា ឥឡូវនេះ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ មាន​ចំណត​យន្តហោះ​ថ្មី B ចំនួន ១២ កន្លែង ។ ចំណែក​ចំណត​យន្តហោះ A យើង​មាន​ចំណត ២៣ កន្លែង ដែល​បាននិងកំពុង​ជួសជុល​ពង្រីក​ទីតាំង ឱ្យ​ធំ​ទូលាយ​ជាង​មុន ហើយ​គ្រោង​នឹង​បញ្ចប់​ការស្ថាបនា នៅ​ដំណាច់​ឆ្នាំនេះ​។

ដោយឡែក យើង​ក៏​បាននិងកំពុង​ជួសជុល​ពង្រីក​ទីតាំង ឱ្យ​ធំ​ទូលាយ​ជាង​មុន នៅ​ផ្នែក​ខាងលិច ដែល​នឹងមាន​ចំណត ចំនួន ៧ កន្លែង​បន្ថែមទៀត​។ ដូច្នេះ នៅពេល​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ នឹងត្រូវ​បញ្ចប់ នៅពេល​ខាងមុខ យើង​នឹងមាន​ចំណត​សរុប ចំនួន ៤២ ទីតាំង ដើម្បី​បម្រើ​ដល់​កំណើន​នៃ​ជើងហោះហើរ ក៏ដូចជា​កំណើន​ភ្ញៀវទេសចរ និង​អ្នកដំណើរ មកកាន់​កម្ពុជា​។

​លោក អា​ឡាំង ប្រ៊ុ​ន បាន​អះអាងថា ការអភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ គឺ​ដោយមាន​ការគាំទ្រ និង​ការ​ផ្តល់នូវ​អនុសាសន៍​ផ្សេងៗ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល បានឱ្យដឹងថា ការសាងសង់​ចំណត​យន្តហោះ​ថ្មី ” B ” នេះ គឺមាន​គោលបំណង​ជាក់លាក់ ចំនួន ២ រួមមាន ទី​១៖ គឺ​ដើម្បី​ពង្រីក​ចំណត​យន្តហោះ សម្រាប់​ទិសដៅ​ពាណិជ្ជកម្ម និង​ទី​២៖ យើង​ពង្រីក​ចំណត​នេះ គឺ​សម្រាប់​ជូនទៅ​រាជរដ្ឋាភិបាល ដើម្បី​ត្រៀម​ទទួល​យន្តហោះ​របស់ គណៈប្រតិភូ​បរទេស ដែល​នឹង​អញ្ជើញ​មក​ចូលរួម ក្នុង​ព្រឹត្តិការណ៍​ធំៗ ជា​លក្ខណៈ​អន្តរជាតិ​។ នៅ​ឆ្នាំ​ក្រោយនេះ កម្ពុជា​យើង​នឹងមាន​រៀបចំ​ព្រឹត្តិការណ៍ នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ដែល​យើង​រំពឹងថា នឹងមិន​តិចជាង ៥០ ប្រទេស​ទេ ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំងនោះ ព្រមទាំង​ព្រឹត្តិការណ៍​ធំៗ ផ្សេងទៀត​ផងដែរ ដូចជា​កម្ពុជា​យើង នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន និង​នៅ​ឆ្នាំ​២០២៣ កម្ពុជា​យើង នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ។ ដូច្នេះ បើសិនជា​យើង មិន​រៀបចំ​ទុកជាមុន​ទេ នៅពេលនោះ យើង​នឹង​ជួប​បញ្ហា​នូវ​ចំណត​យន្តហោះ​ជាមិនខាន នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ជាមួយនឹង​ការអភិវឌ្ឍ​ទីតាំង​ចំណត​យន្តហោះ​នេះ លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ បាន​បញ្ជាក់ថា ដោយមាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាកាសយាន​ដា្ឋ​ន​អន្តរជាតិ​ភ្នំពេញ នាពេលខាងមុខ យើង​នឹងមាន​ចំណត​យន្តហោះ សរុប​ចំនួន ៤២ កន្លែង ហើយ​ក្នុងចំណោម​៤២ កន្លែង​នោះ យើង​មាន​ចំណត សម្រាប់​យន្តហោះ​ខ្នាត​ធំ ចំនួន ១០ កន្លែង​។​

​លោក​បាន​វាយតម្លៃថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅពេលនេះ គឺ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បានធ្វើ​ឡើង តា​មកា​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផង តាម​ការកើនឡើង​នៃ​ជើងហោះហើរ និង​តាម​ការកើន ឡើង​នៃ​អ្នកធ្វើដំណើរ​ផង រួម​ជាមួយនឹង​ទំនុកចិត្ត លើ​ស្ថេរភាព​នយោបាយ និង​សុខសន្តិភាព របស់​កម្ពុជា​ផង ដូច្នេះ​ក្រុមហ៊ុន បាន​បន្ថែម​ការដាក់ទុន​វិយោគ​របស់ខ្លួន ដើម្បី​ធ្វើការ​អភិវឌ្ឍ ជា​បន្តបន្ទាប់​ទៀត សំដៅ​ត្រៀមខ្លួន​ទទួលភ្ញៀវ រហូតដល់​ទៅ ៦ លាន​នាក់ នៅ​ចុង​ឆ្នាំនេះ ឬ​នៅ​ដើមឆ្នាំ​ក្រោយ និង​បណ្ដា​ឆ្នាំ​ជា​បន្ទ​បន្ទាប់​ទៀត​។​

​គួរ​បញ្ជាក់ថា រយៈពេល​៩​ខែ ឆ្នាំ​២០១៨ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ អ្នកធ្វើដំណើរ ប្រមាណ​ជា ១០​លាន ៥​សែន​នាក់ ហើយ​រំពឹងថា រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩​នេះ នឹងមាន​ការកើនឡើង នៃ​អ្នកធ្វើដំណើរ​ចំនួន ១២ លាន​នាក់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ ទីតាំង នៅ​កម្ពុជា មាននៅ​រាជធានី ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​៕v