​ចំណាយ​ទុន​១​លាន​ដុល្លារ​វិនិយោគ​រមណីយដ្ឋាន​ទឹកឆា​ក្នុង​ខេត្តកំពង់ចាម​

1270

(​កំពង់ចាម​)៖​ក្រុមហ៊ុន​វិនិយោគឯកជន​មួយ​គ្រោង​នឹង​ចំណាយ​ទុន​ផ្ទាល់ខ្លួន​ចំនួន​១​លាន​ដុល្លារ​ដើម្បី​បន្ត​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឆា​ដែល​ស្ថិតនៅលើ​ផ្ទៃដី​ទំហំ​៧១​ហិកតា​ក្នុងស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​ឲ្យ​ក្លាយទៅជា​កន្លែង​កម្សាន្ត​ដ៏​ធំ​មួយ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។​

លោក​ហេង​ហួរ​ជា​អ្នកវិនិយោគ​រមណីយដ្ឋាន​ទឹកឆា​បាន​ឲ្យ​ដឹងថា​អាជ្ញាធរខេត្ត​កំពង់ចាម​បានផ្តល់​សិទ្ធិ​ឲ្យ​លោក​វិនិយោគ​តំបន់​រមណីយដ្ឋាន​ទឹកឆា​នេះ​ចាប់ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០៤៨​គឺមាន​រយ​:​ពេល​៣០​ឆ្នាំ​។​ការសម្រេច​របស់​ខេត្ត​នេះ​គឺ​ក្រោយពី​អាជ្ញាធរ​ឲ្យ​ក្រុមហ៊ុន​លោក​សាកល្បង​ធ្វើការ​អភិវឌ្ឍ​តំបន់​នេះ​រយ​:​ពេល​៥​ឆ្នាំ​ហើយ​។​

ក្នុងការ​វិនិយោគ​នេះ​គឺ​ភាគី​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​តម្រូវ​ឲ្យ​ខាង​ក្រុមហ៊ុន​រយ​:​ពេល​៥​ឆ្នាំ​ដំបូង​គឺ​ចាប់ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២៣​ត្រូវ​បន្ត​អភិរក្ស​និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ដែល​មាននៅ​តំបន់​ទឹកឆា​នេះ​ទៅតាម​កិច្ចសន្យា​។​

លោក​បាន​បន្តថា​ក្នុងនោះ​ត្រូវ​សាងសង់​ខឿន​បេតុង​អម​សងខាង​ប្រឡាយ​ដែលមាន​ប្រវែង​ទទឹង​ចាប់ពី​១៥​ទៅ​៣០​ម៉ែត្រ​និង​បណ្តោយ​ប្រវែង​៦០០​ម៉ែត្រ​,​សង់​សួនច្បារ​ចំនួន​៣៦​កន្លែង​ដែលមាន​ទំហំ​ពី​៤​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ​និង​៤​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ​,​រង្វង់​មូល​មាន​អង្កត់ផ្ចិត​ប្រវែង​៥​ម៉ែត្រ​,​។

​ទំនប់​ស្ទាក់​ទឹក​ចំនួន​៥​កន្លែង​,​ចំណតរថយន្ត​មួយកន្លែង​,​បង្គន់​អនាម័យ​,​ដាំ​ដើមឈើ​ចំនួន​៤០០​ដើម​គឺ​ក្នុង​មួយឆ្នាំ​ចំនួន​១០០​ដើម​,​សង់​ផ្លូវលំ​សម្រាប់​ច្រកចេញ​១​ខ្សែ​និង​កែលម្អ​ជួសជុល​ផ្លូវលំ​ដែលមាន​ស្រាប់​ដែល​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​នឹងត្រូវ​ចំណាយ​ថវិកា​១​លាន​ដុល្លារ​អាមេរិក​។​

លោក​បន្ថែមថា​សព្វថ្ងៃនេះ​លោក​ក៏​កំពុងដំណើរការ​បើក​អាជីវកម្ម​បម្រើ​ដល់​ភ្ញៀវ​ដែល​មកលេង​កម្សាន្ត​មាន​ទំនប់​ស្ទាក់​ទឹក​ចំនួន​២​កន្លែង​,​សួនច្បារ​ចំនួន​១៤​កន្លែង​,​រោង​មានភ្ជាប់​គ្រែ​អង្គុយលេង​ចំនួន​ជាង​៣០០​និង​ភោជនីយដ្ឋាន​ជិត​២០​កន្លែង​។​ជា​រៀងរាល់ឆ្នាំ​ក្នុង​ពិធីបុណ្យ​នានា​មាន​មនុស្ស​ជាច្រើន បាន​ចូល​មកលេង​កម្សាន្ត​សប្បាយ​ដែល​នៅទីនេះ​អាច​ធានាបាន​មនុស្ស​ពី​៣​ទៅ​៥​ពាន់​នាក់​ក្នុង​មួយថ្ងៃ​។​
​ ​
​លោក​បាន​បន្ថែមថា​នាពេល​អនាគត​ប្រសិនបើ​ភ្ញៀវ​នៅតែ​បន្ត​កើនឡើង​និង​បើ​មាន​សំណូមពរ​ពី​អ្នកទស្សនា​ច្រើន​គឺ​លោក​នឹង​ពង្រីក​កន្លែង​កម្សាន្ត​សិប្ប​និមិត្ត​បន្ថែមទៀត​លើដី​ទំហំ​ដី​២​ហិកតា​បន្ថែម​ទៀតហើយ​បើ​មាន​ភ្ញៀវ​ចង់​ស្នាក់នៅ​ដើម្បី​លំហែកាយ​ច្រើន​ថ្ងៃ​គឺ​លោក​គ្រោង​នឹង​សង់ផ្ទះ​សំណាក់​១០ កន្លែង​តៀតផង​ដែរ​។​

​លោក​ស៊ាន​សុគន្ធ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​លោក​ជឿជាក់ថា​លើ​ម្ចាស់​វិនិយោគ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឆា​តាមរយ​:​ការសាកល្បង​ប៉ុន្មាន​ឆ្នាំនេះ​ដែល​បានធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទៅ​ទស្សនា​កើន​ពី​៨​ទៅ​១០​ភាគរយ​ក្នុង​១​ឆ្នាំ​។​

ផ្តើម​ពី​កត្តា​ទាំងនេះហើយ​ដែល​នាំ​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ចាម​សម្រេច​ដាក់​រមណីយដ្ឋាន​ទឹកឆា​និង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ស្ថិតក្នុង​ការគ្រប់គ្រង​និង​វិនិយោគ​របស់​វិស័យ​ឯកជន​ក្នុងចំណោម​រមណីយដ្ឋាន​សរុប​ចំនួន​១០​កន្លែង​នៅក្នុង​ខេត្ត​នេះ​។​

​គួរ​បញ្ជាក់ថា​រមណីយ​ដ្ឋា​ន​ធម្មជាតិ​ទឹកឆា​គឺមាន​ចម្ងាយ​ពី​ក្រុង​កំពង់ចាម​ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ​ស្ថិតក្នុង​ឃុំ​បឹង​ណាយ​ឃុំ​ក្រូច​និង​ឃុំ​ថ្ម​ពូន​ស្រុក​ព្រៃឈរ​។​ប្រសិនបើ​ធ្វើដំណើរ​ហួស​ខ្លោងទ្វារ​ច្រកចូល​ប្រាសាទព្រះធាតុ​ទឹកឆា​ជាង​៦០០​ម៉ែត្រ​គឺ​នឹង​បានឃើញ​កន្លែង​ប្រភព​ទឹកផុស​ពី​ក្នុង​ដី​ដែល​គេ​ហៅថា​ជប់​តូច និង​ជប់​ធំ​៕S/​ដោយ​: គង់​ហេង

​ចំណាយ​ទុន​១​លាន​ដុល្លារ​វិនិយោគ​រមណីយដ្ឋាន​ទឹកឆា​ក្នុង​ខេត្តកំពង់ចាម​

​ ​
​ ​
​ ​