​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ខេត្តព្រះវិហារ​បាន​ឯកភាពគ្នា​នាំ​ទំនិញ​មួយចំនួន​ចេញចូល​បាន​

699
ចែករម្លែក
  • 35
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ និង​អាជ្ញាធរ​ស្រុក​ណាំ​យឺន ខេត្ត​អ៊ូ​ប៊ុន ប្រទេស​ថៃ​ក្នុង​កិច្ចប្រជុំ​មួយ​បាន​ឯកភាពគ្នា​នៅ​ច្រក​អានសេះ ។​បន្ទាប់ពី​មានការ​ប្រតិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភាគី​ថៃ បាន​បិទ​មិន​ឲ្យ​ទំនិញ​២៣​មុខ របស់​កម្ពុជា ចូលទៅ​លក់​ក្នុង​ផ្សារ​ថៃ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​

​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​តំណាង​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​និង​សមត្ថកិច្ច​ពាក់​ពន្ធ​ជាច្រើនរូប​ទៀត​។ ចំណែក​ភាគី​ថៃ ដឹកនាំ​ដោយ​លោក វរសេនីយ៍​វិ​ឆី​ត​ម៉ាត់​កា​រុន​មេបញ្ជាការ​ទិស​ទី​១​និង​មានការ​ចូលរួម​ពី​លោក​ស៊ុម​ឆៃ​បូ​រណៈ​អភិបាលស្រុក​ណាំ​យឺន ព្រមទាំង​មន្ត្រី និង​កងកម្លាំង​ជាច្រើនរូប​ទៀត​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ថៃ​បានអនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​នាំ​មើម​ខ្ទឹមស​និង​ខ្ទឹមក្រហម​ចូលទៅ​លក់​ក្នុង​ផ្សារ​ថៃ​ក្នុង​ម្នាក់ៗ​៣​គីឡូក្រាម​, ផ្លែ​ល្ពៅ​អាច​យកទៅលក់​ក្នុង​ម្នាក់ៗ​១០​គីឡូក្រាម​។ ដោយឡែក ទំនិញ​ដែលមាន​តម្លៃ​ចាប់ពី​៥​ម៉ឺន​បាត​ត្រូវសុំ​ច្បាប់​គយ​ឲ្យ​បាន​ត្រឹមត្រូវ​។​

លើសពីនេះ​ភាគី​ថៃ​បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ជំងឺ​ត្រូវ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ថៃ​អាចធ្វើ​ការទំនាក់ទំនង​ជាមួយ​មន្ត្រី​ប្រចាំការ នៅ​មាត់ច្រក​។ គេ​អាច​ជូនទៅ​២៤​ម៉ោង រីឯ​អ្នក​ដែលមាន​លិខិត​ណាត់ជួប​ជាមួយ​ពេទ្យ ត្រូវដាក់​ឯកសារ​នៅ​មាត់ច្រក​ឲ្យ​បាន​មួយអាទិត្យ​មុន​។​ស្រប​ជាមួយនិង​ការកំណត់​ក្នុង​ការនាំ​ទំនិញ​ចូល​ប្រទេស​ថៃ​នោះ​ភាគី​កម្ពុជា​ក៏បាន​ធ្វើការ​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​អាច​នាំ​សត្វ​មាន់​រស់ក្នុង​ម្នាក់​១០​គីឡូក្រាម​ចូលមក​កម្ពុជា​និង​ផ្លែ​ដូង​ក្នុង​ម្នា​ក់មួយ​ធ្លាយ​ផងដែរ​។​

​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា​ច្រក​អានសេះ​ជា​ច្រក​តំបន់​មួយ​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​នៅជាប់​ព្រំដែន​ទាំងពីរ​អាចធ្វើ​ការដោះដូ​រ​ទំនិញ​គ្នា​ទៅវិញទៅមក​ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ​។​កន្លងមក​ភាគី​កម្ពុជា​តែងតែមាន​ការយោគយល់​ចំពោះ​ប្រជាពលរដ្ឋ​នៅជាប់​ព្រំដែន​ប្រទេស​ទាំងពីរ​ដោយ​មិន​យក​បញ្ហា​ច្បាប់​មក​អនុវត្តន៍​អ្វី​ឲ្យ​ហួសហេតុ​ទេ​។​ករណីនេះ​លោក​ក៏បាន​ស្នើ​ឲ្យ​ភាគី​ថៃ ត្រូវមាន​ការយោគយល់​ដែរ ទើប​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​នេះ​មាន​ភាព​សុខដុម និង​គ្នា​។​

​ដោយឡែក​បងប្អូន​ជា​ជីវ​ករ​នៅ​ផ្សារ​អានសេះ​បាន​សំដែង​នូវ​ការសប្បាយរីករាយ​ចំពោះ​អាជ្ញាធរខេត្ត​ព្រះវិហារ​ក៏ដូចជា​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​ដែល​បាន​ខិតខំ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​៕S/​

​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ខេត្តព្រះវិហារ​បាន​ឯកភាពគ្នា​នាំ​ទំនិញ​មួយចំនួន​ចេញចូល​បាន​