​ច្រាំងទន្លេ​កំពុង​គំរាមកំហែង​អគារ​សាលាសង្កាត់​និង​ប៉ុស្តិ៍នគរបាល​កំពង់ចាម​

300
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ច្រាំងទន្លេ​មេគង្គ​បាននិងកំពុង​រអិល​បាក់​ស្រុត​ខឿន​មាត់ទន្លេ​បណ្តាលឱ្យ​គំរាមកំហែង​ដល់​អគារ​សាលាសង្កាត់​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​ចាម​។​អគារ​និង​ប៉ុស្តិ៍​ប្រឈម​រអិល​បាក់​ចូលក្នុង​ទឹកទន្លេ​ហេតុនេះ​សុំ​អន្តរាគមន៍​សង្គ្រោះបន្ទាន់​ពី​មន្ត្រី​ជំនាញ​ដើម្បី​រក្សា​អគារ​ដ៏​សំខាន់​បម្រើសេវា​សាធារណ​: និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។​

​លោក ផ្លោក សុវណ្ណ ចៅសង្កាត់​កំពង់ចាម​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ១៧ វិច្ឆិកា ២០១៩​ថា នៅ​ម៉ោង ៤ រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ខឿន​ច្រាំងទន្លេ​នៅ​ខាងក្រោយ​សាលាសង្កាត់​កំពង់ចាម​ដែល​ស្ថិត​ក្នុងភូមិ​ទី​១៥​សង្កាត់​កំពង់ចាម​ក្រុង​កំពង់ចាម​បាន​រអិល​បាក់ស្រុត​ប្រវែង​៥០​ម៉ែត្រ​បណ្តាលឱ្យ​ប៉ះពាល់​ដល់​អគារ​រដ្ឋបាល​សាលាសង្កាត់​កំពង់ចាម គឺ​រង​ហានិភ័យ​ខ្ពស់​។

​បើទោះជា​ខាង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ទើបបាន​ជួយសង្គ្រោះ​បឋម​បូម​ខ្សាច់​ចាក់​និង​រៀប​បាវ​ខ្សាច់​តំបន់​បាក់ស្រុត​ហើយ​នាពេល​ថ្មីៗ​នេះ​យ៉ាងណាក្តី​។​លោក​ចៅសង្កាត់​បានឱ្យដឹង​ទៀតថា​ផល​លំបាក​នៅ​ចំពោះមុខ​នៃ​ការបាក់​ស្រុត​ច្រាំងទន្លេ​នៅ​ខាងក្រោយ​សាលាសង្កាត់​បែបនេះ​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​អំពី​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ចំពោះ​មន្ត្រីរដ្ឋបាល​សង្កាត់​និង​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ចាំបាច់​រៀងរាល់​ថ្ងៃនោះ​។​

លោក​សុវណ្ណ​បាន​បន្តថា​អាស្រ័យហេតុនេះ​សូម​សំណូមពរ​និង​អំពាវនាវ​ជួយ​អន្តរាគមន៍​ជួសជុល​ច្រាំងទន្លេ​រងគ្រោះ​ជាបន្ទាន់​ដើម្បី​សង្គ្រោះ​អគារ​រដ្ឋបាល​សាលាសង្កាត់​មួយ​នេះ​។​ប៉ុន្តែ​ករណី​ចាំបាច់​យើង​នឹង​សុំ​រើ​ស្នាក់ការ​សង្កាត់​នេះ​ទៅ​ស្នាក់​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​នេះ​ឬក៏​សុំ​ការចង្អុលបង្ហាញ​ពី​ថ្នាក់លើ ពី​ទីតាំង​សមស្រប​ណាមួយ​នោះ​។​

សូមបញ្ជាក់ថា​ច្រាំងទន្លេ​មេគង្គ​ខាងលើ​ដែល​បាននិងកំពុង​រអិល​បាក់​ស្រុត​នេះ​បានចាប់ផ្តើម​កាលពី​រដូវ​ទឹក​ស្រក​រង្វង់​ខែតុលា​ឆ្នាំ​២០១៩​នេះ​។​ខណ​:​នោះអាជ្ញាធរ​ខេត្តកំពង់ចាម​បាន​សុំ​អន្តរាគមន៍​សង្គ្រោះ​បឋម​ពី​ខាង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជួយ​ទប់ស្កាត់​បណ្តោះអាសន្ន​។​ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​បាន​ធ្លាក់​ជាប់​គ្នា​ធ្វើឱ្យ​ការបាក់​ស្រុត​របស់​ច្រាំងទន្លេ​នេះ​បាន​កើតឡើង​សាជាថ្មី​៕S/​