​ឆបោក​ម៉ូតូ​មិត្តភក្តិ​នៅ​ខេត្តកំពង់ស្ពឺ​មកជា​ប់​ខ្នោះ​ក្នុង​ខេត្តកំពត​

2205
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​បន្ទាប់ពី​ឆបោក​ម៉ូតូ​មិត្តភក្តិ​នៅ​ខេត្តកំពង់ស្ពឺ​បញ្ចាំ​យកលុយ​រួច​គេចខ្លួន​មួយរយៈ​ពេល​ខ្លី​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ក្រុង​កំពត​ឃាត់​បាន​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៨​។​លោក​តូ​ម៉ា​ណារិន​អធិការរង​ក្រុង​កំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ដែល​កម្លាំង​នគរបាល​ក្រុង​កំពត​ឃាត់ខ្លួន​បាន​ឈ្មោះ​សាត់​ភក្ត្រា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំមាន​ស្រុកកំណើត​ក្នុង​ខេត្តព្រៃវែង​តែ​បច្ចុប្បន្ន​មិនមាន​ទីលំនៅ​ពិតប្រាកដ​ទេ​។​

​លោក​អធិការរង​បាន​រៀបរាប់ថា​កាលពី​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៨​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ស៊ុយ​ហ្ស៊ុ​យ​គី​ឡែ​ត​ពី​មិត្តភក្តិ​ម្នាក់​មាន​ទី​លំ​ក្នុងភូមិ​អូរ​ពង្រ ឃុំ​ភ្នំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រួច​យកទៅ​បញ្ចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​លុយ​៤៩៥​ដុលារ ហើយក៏​គេចខ្លួន​តែម្តង​។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៨​ជនសង្ស័យ​រូបនេះ​បាន​លេចមុខ​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​ខណៈពេល​មកសុំ​ការងារ​ធ្វើ​នៅ​សិប្បកម្ម​បក​សាច់​ក្តាម​មួយ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តាម​បណ្តឹង​ជនរងគ្រោះ​តែម្តង​។

​ប្រភព​ដដែល​បាន​បន្តថា​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​រកឃើញ​លិខិត​បញ្ចាំ​ម៉ូតូ​ដែល​គេ​លាក់ទុក​ចំនួន​ពីរ​សន្លឹក​បន្ថែមទៀត​ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌​ក្រហម ពាក់​ស្លាក ភ្នំពេញ 1BN-6538 បញ្ចាំ​ថ្ងៃ​ី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ តម្លៃ​២៤២​ដុល្លារ​។ ចំណែក​មួយគ្រឿង​ទៀត​បញ្ចាំ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1D- 0512 តែ​ក្នុង​លិខិត​បញ្ចាំ​ពុំបាន​ដាក់ថា​ស្លាក​លេខ​ខេត្ត​ណា​ទេ​៕S/​