​ឆាយ ស៊ិន អតីត​នីរសារ នៅ​ស្រុក​ចុងកាល់​

269

សកម្មភាព​ដឹកជញ្ជូន​ក្នុងអំឡុង​ពេលដែល​ទីនោះ​ពុំទាន់​មានការ​អភិវឌ្ឍន៍ (​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

(​ភ្នំពេញ​)៖ ឆាយ ស៊ិន កើត​ក្នុង​ឆ្នាំ​១៩៥៦ នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​អង្គរធំ ស្រុក​សៀមរាប ខេត្ត សៀមរាប​។ ឆាយ ស៊ិន មាន​ឪពុក​ឈ្មោះ ឆាយ ចាយ និង​ម្តាយ​ឈ្មោះ ស៊ឹម​។ ស៊ិន មាន ប្អូនប្រុស​ពីរ​នាក់ មួយ​ឈ្មោះ ឆាយ ភ្លី​វ និង​ម្នាក់ទៀត​ឈ្មោះ ឆាយ អឿន ដែល បាន​បែក​គ្នា​ក្នុងសម័យ​ក្រហម​ខ្មែរ និង​បាត់​ដំណឹង​រហូតមកដល់​ស​ព្វ​ថ្ងៃ​។

​នៅក្នុង​ឆ្នាំ​១៩៦៦ ស៊ិន បាន​ចាក់​ចេញពី​គ្រួសារ​ទៅ​រស់នៅ​ជាមួយ​ឪពុកមា​នៅ​ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយសារ​គ្រួសារ​ឪពុកមា​របស់គាត់​មិនមាន​កូនប្រុស​។ អំឡុងពេល​នៅ​ជាមួយ​ឪពុកមា ស៊ិន មាន​ភារកិច្ច​ឃ្វាលគោ​។

​នៅ​ឆ្នាំ​១៩៧០ បន្ទាប់ពី​រដ្ឋប្រហារ​ទ​ម្លា​ក់ស​ម្ដេច សីហនុ ស៊ិន និង​ក្រុមគ្រួសារ​របស់​ឪពុកមា​បាន​ទៅ​រស់នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ដោយសារ​ពេលនោះ នៅក្នុង​ឃុំ​ចុងកាល់​មាន​ភាពច្របូកច្របល់​។ ស៊ិន និង​គ្រួសារ​ឪពុកមា​ត្រូវ​ធ្វើដំណើរ​ដោយ​ជិះ​រទេះគោ ដោយមាន​ដឹក​អង្ករ សម្លៀកបំពាក់ និង​អីវ៉ាន់​មួយចំនួនទៀត​។ ការធ្វើដំណើរ​ពេលនោះ​ត្រូវ​ឆ្លងកាត់​ស្រុក​ស្រីស្នំ ក្លូត និង​ត្រាំ​កង់ ដោយ​ចំណាយ​ជិត​មួយខែ ទើប​ទៅដល់​ស្រែ​ណូយ​។ ទៅដល់​ទីនោះ ស៊ិន និង​គ្រួសារ​ឪពុកមា ត្រូវ​ស្នាក់នៅ​បណ្តោះអាសន្ន​ជាមួយ​អ្នកភូមិ​រយៈពេល​មួយខែ ទើប​អាច​រក​ផ្ទះ និង​ដី​ផ្ទាល់ខ្លួន​ស្នាក់​នៅបាន​។ ការរស់នៅ​ទីនោះ មិនមាន​ភាពខ្វះខាត​ឡើយ ព្រោះ​សម្បូរ​ត្រី និង​សត្វព្រៃ​។

​មកដល់​ឆ្នាំ​១៩៧៣ ប្រជាជន​នៅ​ស្រែ​ណូយ ត្រូវបាន​ខ្មែរក្រហម​រៀបចំ​ឱ្យ​ហូបបាយ​រួម ហើយ ស៊ិន ត្រូវបានចាត់តាំង​ឱ្យ​ឃ្វាលគោ ព្រោះ​ពេលនោះ គាត់​នៅ​វ័យក្មេង​នៅឡើយ ចំណែក​ឪពុកមា​របស់គាត់​ត្រូវបានចាត់តាំង​ឱ្យធ្វើ​ស្រែ​។ រីឯ​ប្រជាជន​ផ្សេងទៀត​ត្រូវបានចាត់តាំង​ឱ្យធ្វើ​កិច្ចការ​រៀងៗ​ខ្លួន ខ្លះ​ធ្វើជា​កងទ័ព និង​ខ្លះទៀត​ធ្វើស្រែ​។

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ បន្ទាប់ពី​ខ្មែរក្រហម​ឡើងកាន់​អំណាច នៅ​តំបន់ ស៊ិន រស់នៅ ត្រូវបាន​ខ្មែរក្រហម​រំសាយ​អង្គភាព​ដែល​បានរៀបចំ​នៅក្នុង​ឆ្នាំ​១៩៧៣ ចោល​ទាំងអស់ ហើយ​ខ្មែរក្រហម​បានឱ្យ​ប្រជាជន​ទាំងអស់នោះ​ទៅ​រស់នៅ​ភូមិកំណើត​វិញ​។ ពេលនោះ​គ្រួសារ​ឪពុកមា​របស់ ស៊ិន បាន​ត្រឡប់​ទៅ​រស់នៅ​ស្រុកកំណើត​នៅ​ចុងកាល់ ចំណែក ស៊ិន មិនបាន​ត្រឡប់​ទៅ​នៅ​ជាមួយ​ឪពុកមា​ទេ គឺ​គាត់​បន្ត​រស់នៅ​ឃុំ​ស្រែ​ណូយ​ដដែល ដោយពេល​នោះ​គាត់​មាន​នាទី​ជា​កងឈ្លប​។ រយៈពេល​ប្រមាណ​មួយឆ្នាំ​ក្រោយមក បន្ទាប់ពី​ខ្មែរក្រហម​បាន​ស្រាវជ្រាវ​ដឹងថា ស៊ិន មាន​ស្រុកកំណើត​នៅ​ស្រុក​ចុងកាល់ គាត់​ក៏​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​បញ្ជូន​ឲ្យ​មក​ធ្វើជា​យោធា នៅ​ស្រុក​ចុងកាល់​វិញ ដោយពេល​នោះ​មាន ឆឹង ជា​គណៈ​ស្រុក​ចុងកាល់ និង សន ជា​អនុ​លេខា​ស្រុក​។ ស៊ិន​ធ្វើការ​បាន​មួយរយៈ ក៏ត្រូវ​បាន​គណៈ​ស្រុក ឆឹង ចាត់តាំង​គាត់​ឱ្យធ្វើជា​នីរសា ប៉ុន្ដែ​គាត់ មិនសូវ​ស្និទ្ធស្នាល​ជាមួយ ឆឹង ទេ​។ ស៊ិន បាន​រៀបរាប់ថា ក្នុងអំឡុងពេល​ធ្វើជា​នីរសារ របស់ ឆឹង គាត់​បាន​យក​សំបុត្រ​ពី​ស្រុក​ទៅ​ចែក​តាម​ភូមិ​មួយចំនួន ដូចជា ភូមិ​ជើងទៀន ភូមិ​ឆ្លក ត្រាំ​កង់ និង​ភូមិ​ពង្រ ដោយ​ជិះ​កង់​ដែល​ផលិត​នៅ​ចិន (​កង់​តួ​ប្រុស​) ហើយ​ជួនកាល​គាត់​ជិះសេះ ប្រសិនបើ​ផ្លូវ​ឆ្ងាយ និង​មាន​ខ្សាច់​ច្រើន​។ សំបុត្រ​ពេលនោះ គឺ​ត្រូវបាន​បិទ​ភ្ជិត​ដោយមាន​សរសេរ​ឈ្មោះ​តំបន់​ដែល​ត្រូវ​យកទៅ​ប្រគល់​ឲ្យ នៅ​ពីលើ​សំបុត្រ​នោះ​។ ក្រៅពី​ធ្វើជា​រីរ​សា ស៊ិន ត្រូវបានចាត់តាំង​ឱ្យធ្វើជា​អ្នកយាម​គុក​នៅ​វត្ត​ចុងកាល់ ប៉ុន្ដែ​ដោយសារ​ក្នុងចំណោម​អ្នក​យាមគុក​ទាំងអស់​សុ​ទ្ធ​សឹង​ជាម​នុស្ស ដែលមាន​វ័យ​ចំណាស់​ជាង​គាត់ ដូច្នេះ គាត់​ក៏ត្រូវ​បាន​អ្នក​នៅក្នុង​ក្រុម​ជាមួយគ្នា​ចាត់តាំង​គាត់​ឲ្យ​ធ្វើជា​អ្នកដាំបាយ​ឱ្យ​អ្នកទោស​ហូប​។ ស៊ិន បាន​បន្តថា នៅ​មន្ទីរ​សន្តិសុខ​វត្ត​ចុងកាល់ មិនមាន​ការសម្លាប់​អ្នកទោស​ទេ ប៉ុន្ដែ​អ្នក​ទាំងអស់នោះ​ត្រូវបាន​ដឹក​តាម​ឡាន​យកទៅ​សម្លាប់​នៅ​កន្លែង​ផ្សេង​។ ក្នុង​រយៈពេល​បួន​ទៅ​ដប់​ថ្ងៃ មាន​អ្នកទោស​យ៉ាងតិច​មួយ​ឡាន ត្រូវបាន​ដឹក​ទៅ​កន្លែង​ផ្សេង ហើយ​ការដឹក​ភាគច្រើន​គឺធ្វើឡើង​នៅ​ម៉ោង​១២​យប់​។

​នៅ​ពាក់កណ្ដាល​ឆ្នាំ​១៩៧៧ ឪពុកមា​របស់ ឆាយ ស៊ិន​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ចោល​ដោយ​ចោទប្រកាន់ថា ជា​ធ្មប់ ហើយ​ក្រោយមក នៅ​ចុងឆ្នាំ​១៩៧៧ ស៊ិន ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ដកចេញ​ពី​កង​យោធា​ទៀត បន្ទាប់ពី​ស្រាវជ្រាវ​ដឹងថា ស៊ិន មាន​ជាប់​សាច់ឈាម​ជាមួយ​ឪពុកមា​ដែល​ខ្មែរក្រហម​ចោទប្រកាន់​។
​ក្រោយ​ដកចេញ​ពី​កង​យោធា ស៊ិន បានមក​រស់ក្នុង​សហករណ៍​នៅ​ស្រុក​ចុងកាល់​ដែលមាន មូល ជា​ប្រ​ធា​សហករណ៍​។ មូល បាន​ចាត់តាំង ស៊ិន ឲ្យ​ជីក​ប្រឡាយ ប៉ុន្ដែ ស៊ិន បដិសេធ​ដោយ​សុំ​ធ្វើ​ការងារ​ផ្សេង​ក្រៅពី​ជីក​ប្រឡាយ​។ បើតាម​ការ​ឱ្យដឹងពី ស៊ិន មូល ស្រឡាញ់​ចូលចិត្ត​គាត់​ណាស់​។ មូល ក៏បាន​ទាក់ទង​ទៅ​ភូមិ​ជ្រោយ​ងួន​ដោយសារ មូល ទទួលដំណឹង​ថា នៅ​ជ្រោយ​ងួន ត្រូវការ​ព្រូឡាន​ពីរ​នាក់​ដើម្បី​លើកដាក់​អីវ៉ាន់​។ មូល បាន​បញ្ជូន ស៊ិន និង ជិត ឲ្យ​ទៅធ្វើ​ការ​នៅ​ជ្រោយ​ងួន​វិញ​។ ពេលទៅដល់​ជ្រោយ​ងួន ស៊ិន ត្រូវបានចាត់តាំង​ឱ្យ​ធ្វើការ​នៅក្នុង​ក្រុម​ជាមួយ រ៉េត ដែល​ស្គាល់ និង​ជា​មិត្តភក្តិ​គ្នា​តាំងពី​តូច​ម្ល៉េះ​។ ស៊ិន ធ្វើ​ការងារ​បើកឡាន និង​ព្រូឡាន ជាមួយ រ៉េត រហូតដល់​ចុងឆ្នាំ​១៩៧៨ ទើប​បែក​គ្នា​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​។
​ស៊ិន បាន​ត្រឡប់​ទៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​អង្គរធំ ស្រុក​សៀមរាប ខេត្តសៀមរាប ដែលជា​ស្រុកកំណើត​វិញ​។ ស៊ិន បានរស់នៅ​ជា​ប្រជាជន​ធម្មតា ក្រោម​ការការពារ​ពី​កងទ័ព​វៀតណាម​នៅ​ទីនោះ​។ មួយរយៈ​ក្រោយមក ស៊ិន ត្រូវបាន​ជ្រើសរើស​ឱ្យចូល​កងទ័ព​របប​សារ​ធារ​ណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​វិញ​។ នៅ​ពាក់កណ្ដាល​ឆ្នាំ​១៩៧៩ ស៊ិន ត្រូវបាន​ជ្រើសរើស​ឱ្យទៅ​រៀន​ក្បួន​យោធា​នៅ​វៀតណាម​រយៈពេល​ប្រាំ​មួយខែ នៅ​ខេត្ត​តា​យ​និ​ញ ដែលមាន​គ្រូ​ជនជាតិខ្មែរ និង​ជនជាតិ​វៀតណាម​ជា​អ្នក​បង្រៀន​។ ត្រឡប់​មកពី​ប្រទេស​វៀតណាម​វិញ ស៊ិន ត្រូវបានចាត់តាំង​ឱ្យចូល​នៅក្នុង​កងទ័ព​ស្រួច នៅ​សាលា​លី​សេ ខេត្តសៀមរាប​។ នៅ​ដើមឆ្នាំ​១៩៨០ ស៊ិន បាន​ចាក់​ចេញពី​កងទ័ព ដោយសារ​គាត់​ខឹង​មេបញ្ជាការ​ដែល​ស្ដីបន្ទោស​គាត់​។ បន្ទាប់ពី​ចាកចេញ​ពី​កងទ័ព​របប​សារ​ធារ​ណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​មួយរយៈ ស៊ិន បាន​ត្រឡប​ទៅ​បម្រើកងទ័ព​ខ្មែរក្រហម​វិញ​។ ស៊ិន បាន​ចូល​នៅក្នុង​កងពល​៩២ ដោយមាន​ឈ្មោះ ម៉ុ​ន ជា​មេ​កងពល ឈរជើង​នៅ​វាល​ស្រងាំ​។ ក្រោយមក កងពល​របស់ ស៊ិន បាន​ចល័ត​ទៅ​ឈរជើង​នៅ​អូរ​ក្រ​ញ៉ូ​ង ដាំ​កង់ ជប់​ម្លូរ និង​កន្លែង​ផ្សេងៗ​ទៀត ។ នៅ​ឆ្នាំ ១៩៨៥ ស៊ិន បាន​ពិការ​ជើង​ដោយសារ​ជាន់មីន ដែល​បង្កប់​ដោយ​កងទ័ព​វៀតណាម​។​

​នៅ​ឆ្នាំ​១៩៨៦ ស៊ិន បាន​រៀបការ​ជាមួយ​ប្រពន្ធ​ឈ្មោ​ញ ប៉ិល សារ៉ាត់ ដែលជា​ប្រធាន​កង​ដឹកជញ្ជូន​គ្រាប់ និង​ស្បៀង​ទៅ​ភ្នំ​១០០៣​។ នៅក្នុង​ពិធី​រៀបការ​របស់ ស៊ិន ពេលនោះ​គឺមាន រ៉ែ​ន ប្រធាន​កងពល បាន​ចូលរួម​ជា​គណៈអធិបតី ។

​នៅ​ឆ្នាំ​១៩៩០ ស៊ិន និង​ប្រពន្ធ បាន​ចុះ​ពីលើ​ភ្នំ​មក​រស់នៅ​អន្លង់វែង​។ ប៉ុន្តែ​គាត់​រស់នៅ​បាន​មួយរយៈ ក៏​នាំ​ប្រពន្ធ​ត្រឡប់​ទៅលើ​ភ្នំ​ដងរែក​វិញ បន្ទាប់ពី​មានការ​ប្រយុទ្ធ​រវាង​ក​ង​ទ័ព​រដ្ឋាភិបាល និង​យោធា​ខ្មែរក្រហម​។ ស៊ិន បានរស់នៅ​លើ​ភ្នំ​រយៈពេល​ជិត​មួយខែ ទើប​គាត់​ត្រឡប់មក​នៅ​អន្លង់វែង​វិញ រហូតដល់​សមាហរកម្ម​ឆ្នាំ​១៩៩៨​។

​មកដល់​ឆ្នាំ ១៩៩៩ ស៊ិន និង​ភរិយា បាន​ប្តូរ​ទៅ​រស់នៅ​ភូមិ​យាង​ខាងជើង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​រហូតមកដល់​បច្ចុប្បន្ន​។ សព្វថ្ងៃ ស៊ិន មានកូន បីនាក់ ហើយ​កូនៗ​របស់​សុទ្ធ​តែមាន​ប្តី​ប្រពន្ធ​អស់ហើយ​៕ L ដោយៈ ឃៀង សេង​ហឿន និស្សិត​ស្ម័គ្រចិត្ត នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​