​ឆេះ​ផ្ទះ​ស្នង​រូប​លោកយាយ​ទេព​អស់​១​ខ្នង​នៅ​សង្កាត់​ផ្សារឆ្នាំង​

474
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ផ្ទះ​១​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆេះ​ស្ទើ​ទាំងស្រុង​បន្ទាប់ពី​ម្ចាស់ផ្ទះ​បិទទ្វារ​ទុកចោល​ទៅ​លក់​ឥ​វ៉ាន់​នៅ​ខាងក្រៅ​។​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​បានកើត​ឡើង​នៅ​ជិត​វត្ត​យាយ​ទេព ស្ថិតនៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ។

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​មាន​ឮ​សំឡេង​ផ្ទុះ​ចេញពី​ផ្នែក​ខាងក្រោយ​ក្នុងផ្ទះ​នេះ​។ ក្រោយមក​ក៏មាន​ផ្សែងហុយ​ក្មួលខ្មាញ់​ឡើង​ទៅលើ​តែម្តង ។ ពេល​
​នោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​សុំ​ការជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ ។​

​បន្ទាប់មក​គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចំនួន​៣​គ្រឿង​បានចេញ​ជួយ​អន្តរាគមន៍​ដោយបាន​ទប់ស្កាត់​មិនអោយ​ភ្លើង​ឆេះ​រាលដាល​ទៅ​កន្លែង​ផ្សេងៗ​ទៀត​នោះឡើយ ។
​សមត្ថកិច្ច​បានអោយដឹង​ថា ផ្ទះថ្ម​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​នោះ​មាន​ម្ចាស់​ឈ្មោះ រស់ ចាន់ថា​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជា​អ្នក​ស្នង​រូបលោក​យាយ​ទេព​។ ផ្ទះ​នេះ​មាន​បណ្តោយ​ប្រវែង​ជិត​២០​ម៉ែត្រ​ទទឹង​ជាង​៨​ម៉ែត្រ និង បង្ក​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​អស់ទាំង​ស្រុង​។​

​ចំពោះ​មូលហេតុ​នៃ​គ្រោះ​អ​គិ​ភ័យ​នេះ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ដែល​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​។​ប៉ុន្តែ​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​បណ្តាលមកពី​ម្ចាស់ផ្ទះ​ដុត​ទៀន​នៅ​កន្លែង​អាសនៈ​ទុកចោល​៕S/​

#