​ឆេះ​ផ្ទះ និង​ឃ្លាំង នៅ​ខណ្ឌ​ច្បារអំពៅ​,​ប៉ាន់ស្មាន​ដំបូង​ខូចខាត​ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ

352
ចែករម្លែក
  • 19
    Shares
​ឆេះ​ផ្ទះ និង​ឃ្លាំង នៅ​ខណ្ឌ​ច្បារអំពៅ​,​ប៉ាន់ស្មាន​ដំបូង​ខូចខាត​ប្រមាណ​ជិត​កន្លះ​លាន​អាម៉េរិក

ដោយៈ​ឆាយា​នាថ,ទេពមង្គល /​ភ្នំពេញៈ អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះមួយ​ខ្នង និង​ឃ្លាំង​ជាប់​នោះ ដែល​អាជ្ញាធរ បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ទំនងជា​កើតចេញពី​ការឆ្លង​អគ្គិសនី​។ អគ្គិភ័យ​នេះ បាន​ឆាបឆេះ កាលពី​វេលា​ម៉ោង ៤:៣០​នាទី រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ អភិបាលខណ្ឌ​ច្បារអំពៅ បញ្ជាក់​ពី​ទំហំ នៃ​ការខូចខាត​ទ្រព្យសម្បត្តិ ក្នុងករណីនេះ អស់​ប្រមាណ​ជា ៤០ ម៉ឺន​ដុល្លារ​អាមេរិក ។​

​ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ដំបូង​ឡើយ គេ​បានឃើញ​ផ្សែងហុយ​ខ្លាំង ចេញពីផ្ទះ​កើតហេតុ រួច​ក៏បាន​រាយការណ៍ ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​តែម្ដង​។ ក្រោយ មក នៅវេលា​ម៉ោង ៥:៣០ នាទី រសៀល​ថ្ងៃ​ដដែល ទើប​អគ្គិភ័យ​នេះ រលត់​ទាំងស្រុង​វិញ ដោយសារ​មានការ​ជួយ​អន្តរាគមន៍ ពី​កង​ពន្លត់​អគ្គិភ័យ​។ ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ គេ​នៅ​ពុំទាន់​បានដឹង ភ្លាមៗ អំពី​អត្តសញ្ញាណ នៃ​ម្ចាស់ផ្ទះ និង​ឃ្លាំង នោះ​នៅឡើយ​។

​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែលមាន​វត្តមាន ស្ថិតនៅ​ទីកន្លែង​កើត​គ្រោះ​អគ្គិភ័យ​នេះ បានឱ្យដឹងថា ករណី​អគ្គិភ័យ​នេះ អាច​បណ្ដាលមកពី​ការឆ្លង​ចរន្តអគ្គិសនី ដែល​ជំហាន​ដំបូង (​ពេល​កំពុង​កើតហេតុ​) នៅ​ពុំទាន់​អាចសន្និដ្ឋាន អំពី​ទំហំ​នៃ​ការខូចខាត បាន​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​មន្ត្រីនគរបាល ផ្នែក​ពន្លត់​អគ្គិភ័យ​ម្នាក់ បាន​និយាយ ដោយ​ប៉ាន់ប្រមាណ​ថា គ្រោះ​អគ្គិភ័យ​នេះ អាច​នឹង​ខូចខាត គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៤០ ម៉ឺន​ដុល្លារ​អាមេរិក​។

​ជាមួយគ្នានេះ គេ​ក៏​សង្កេតឃើញ​មាន​វត្តមាន លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ក៏​ស្ថិតនៅ​កន្លែងកើតហេតុ​ផងដែរ​។ លោក​អភិបាលខណ្ឌ​ច្បារអំពៅ បានបញ្ជាក់ ពី​ទំហំ​នៃ​ការខូចខាត​ទ្រព្យសម្បត្តិ ក្នុងករណីនេះ ប្រាប់​រស្មី​កម្ពុជា​ថា តាម​ការបញ្ជាក់​របស់​ម្ចាស់ផ្ទះ គឺ​ការខូចខាត​ទ្រព្យសម្បត្តិ អស់​ប្រមាណ​ ៤០ ម៉ឺន ដុល្លារ​អាម៉េរិក ។ លោក​បានឱ្យដឹងថា អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ រហូតដល់​ទៅ ២១ គ្រឿង ដើម្បី​ធានា​ដល់​ការគ្រប់គ្រង គ្រោះ​អគ្គិភ័យ​នេះ​។

​ទន្ទឹមនឹងនេះ លោក​ក៏បាន​អំពា​នាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ទាំងអស់គ្នា ដោយ​ប្រុងប្រយ័ត្ន គ្រប់ពេលវេលា ចំពោះ​ករណី​គ្រោះ​អគ្គិភ័យ ពិសេស​ក្នុងពេល អាកាសធាតុ​ក្ដៅ​ខ្លាំង បែបនេះ​៕សរន