ដោយ៖ វ៉ៃកូ
ស្វាយរៀងៈ កាលពីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជួបប្រជុំជាមួយ លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ សហព័ន្ធកីឡាទូកកានូ និង រ៉ូវីងកម្ពុជា ដើម្បីពិភាក្សារការងាររៀបចំ ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ។
ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង នេះ គ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៧-២៨ ខែកក្កដា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្តែងនូវការអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជា ដែលបានជ្រើសរើសយកខេត្តស្វាយរៀង ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាទូកកានូ និងរ៉ូវីងកម្ពុជា នៅទីតាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀងនេះ ។
លោកបានបន្តថា រដ្ឋបាលខេត្តស្វាយរៀង នឹងចូលរួមសហការ ទៅលើកិច្ចការងារផ្សេងៗ ដូចជា សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងការងារសំខាន់ៗ មួយចំនួនទៀត ដើម្បីឲ្យការរៀបចំ ប្រព្រឹត្តិទៅដោយរលូន បង្ករភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងទទួលបានលទ្ធផល ល្អប្រសើរ៕v