​ឆ្នាំ​ដ៏​ពិសេសៈ​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​កូរ៉េ និង​ទំនាក់ទំនង រវាង​អាស៊ាន​-​កូរ៉េ​

179
ចែករម្លែក

ដោយៈ​បណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ ឯកអគ្គ​រដ្ឋ​ទូ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​កូរ៉េ ឆ្នាំ​២០១៩
​ឆ្នាំនេះ​គឺជា​ឆ្នាំ​ដ៏​ពិសេស​គម្រប់​ខួប​ទី​៣០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​កិច្ចសន្ទនា រវាង​ប្រទេស​កូរ៉េ និង​អាស៊ាន​។ ដើម្បី​ជាការ​អបអរសាទរ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​កូរ៉េ​ឆ្នាំ​២០១៩ នឹងត្រូវ ប្រារព្ធ​ឡើង​នៅក្នុង​ទីក្រុង​ប៊ូសាន ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ​។ កិច្ចប្រជុំ​លើក នេះ​នឹង​ក្លាយទៅជា​ឱកាស​មួយ​សម្រាប់ធ្វើ​ការវាយតម្លៃ​លើ​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​៣០ ឆ្នាំ​កន្លងទៅ បន្ទាប់ពី​បង្កើត​ទំនាក់ទំនង​កិច្ចសន្ទនា​ជា​ផ្លូវការ​រវាង​កូរ៉េ និង​អាស៊ាន ហើយក៏​ជា ឱកាស​សម្រាប់ធ្វើ​ការពិភាក្សា​ស្តីពី​វិធានការ​ក្នុងការ​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នេះ សម្រាប់​ថ្ងៃ​អនាគត​ក្នុង រយៈពេល​៣០​ឆ្នាំ​បន្តទៀត​។​

​ប្រទេស​កូរ៉េ​ធ្លាប់បាន​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​កូរ៉េ​២​លើក​រួចមកហើយ កាលពី ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៤ ហើយ​លើក​នេះ គឺជា​លើក​ទី​៣​របស់​ប្រទេស​កូរ៉េ​ក្នុង​ការទទួល​ធ្វើជា ម្ចាស់ផ្ទះ​ដើម្បី​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​។ រហូតមកដល់ បច្ចុប្បន្ននេះ​ក្នុងចំណោម បណ្តា​ប្រទេស ដែល​ភ្ជាប់​ទំនាក់ទំនង​កិច្ចសន្ទនា​ជា​ផ្លូវការ ជាមួយ​អាស៊ាន​ទាំងអស់​មានតែ ប្រទេស​កូរ៉េ​តែមួយគត់​ប៉ុណ្ណោះ ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​នៅ​ប្រទេស ខ្លួន​រហូតដល់​បី​ដង ហើយ​នេះ គឺជា​ភស្តុតាង យ៉ាង​ជាក់ស្តែង​ដែល​បង្ហាញ​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កូរ៉េ និង​អាស៊ាន ដែល​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​បន្ថែម ទៀត​។​

កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​លើកទីមួយ​
ស្របពេល​ជាមួយនឹង​ការ​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​កូរ៉េ​លើក​នេះ​ផងដែរ កិច្ចប្រជុំ កំពូល​មេគង្គ​-​កូរ៉េ​លើក​ទី​១ ក៏​នឹង​ត្រូវបាន​ប្រារព្ធ​ឡើងជា​លើកដំបូង​ក្នុង ប្រវត្តិសាស្ត្រ​នៅ ថ្ងៃទី​២៧ ខែវិច្ឆិកា ក្នុង​ទីក្រុង​ប៊ូសាន​ផងដែរ​។ កិច្ចប្រជុំ​លើក​នេះ នឹងត្រូវ​ប្រារព្ធ​ឡើងជា​លើក ដំបូង បន្ទាប់ពី​ការ​តម្លើង​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​មេគ​ង្ក​-​កូរ៉េ​ពី​កិច្ចសហប្រតិបត្តិការ កម្រិត​ថ្នាក់​រដ្ឋមន្ត្រី​ដែលមាន​ចាប់តាំងពី​ឆ្នាំ​២០១១​ទៅជា​កិច្ចសហប្រតិបត្តិការ​លំ​ដាប់​ថ្នាក់​កំពូល​។ មានការ​រំពឹងទុក​ថា កិច្ចប្រជុំ​កំពូល​ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​ដោយ​តម្លើង​កម្រិត តាមរយៈ អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស​នេះ នឹងធ្វើ​ការ ពិភាក្សា​ស្តីអំពី​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ថ្ងៃ​អនាគត​របស់​មេគង្គ​-​កូរ៉េ ដើម្បី​ធ្វើ​ការតភ្ជាប់ ព្រឹត្តិការណ៍​អភូតហេតុ​ដ៏​អស្ចារ្យ​នៃ​ទន្លេ​ហាន ជាមួយនឹង​ព្រឹត្តិការណ៍​អភូតហេតុ​ដ៏​អស្ចារ្យនៃ​ទន្លេមេគង្គ​។

គោលនយោបាយ​ទិសដៅ​ភាគខាងត្បូង​ថ្មី
រដ្ឋាភិបាល​កូរ៉េ​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​ទូលំទូលាយ​ជាមួយនឹង​អាស៊ាន ដោយ​ឈរលើ​មូលដ្ឋាន គោលនយោបាយ​ទិសដៅ​ភាគខាងត្បូង​ថ្មី ក្រោម​ចក្ខុវិស័យ សហគម​សន្តិភាព និង​វិបុលភាព​ដោយ​ផ្តោតជាសំខាន់​លើ​ប្រជាជន​។ ជាពិសេស ខ្ញុំ​សង្ឃឹមថា កិច្ចប្រជុំ​កំពូល​លើក​នេះ​នឹង​ក្លាយទៅជា​សញ្ញា​នៃ​ការអភិវឌ្ឍ​មួយ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​នៃ​ទំនាក់ទំនង​រវាង​កូរ៉េ និង​អាស៊ាន​ព្រមទាំង​អាចជួយ​ព​ន្លឿ​ន​បន្ថែមទៀត​នូវ​ការអនុវត្ត​គោល នយោបាយ​ទិសដៅ​ភាគខាងត្បូង​ផងដែរ​។​

ការវាយតម្លៃ​លើ​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ និង​កម្ពុជា​
​ឆ្នាំនេះ គឺជា​ខួប​ទី​២២​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​របស់​ប្រទេស​កូរ៉េ និង​កម្ពុជា​។ ដោយមាន​ការ​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច ដូចជា​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ជាដើម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​បន្ត​រក្សា​បាន​នូវ​កំណើន សេដ្ឋកិច្ច ជា​មធ្យម​ប្រចាំឆ្នាំ​ដ៏​ខ្ពស់ ក្នុង​អត្រា​៧​ភាគរយ​ប្រចាំឆ្នាំ​ជា​បន្តបន្ទាប់​។ ក្នុងនាម​ជា​ដៃគូ សម្រាប់​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​វិបុលភាព​រួម​របស់​កម្ពុជា ប្រទេស​កូរ៉េ​បាន និង​កំពុង​ខិតខំ ប្រឹងប្រែង​អនុវត្ត​នូវ​វិធានការ​នានា​ដើម្បី​ធ្វើការ​ពង្រឹង​លើ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​អភិវឌ្ឍ ការផ្លាស់ប្តូរ​វប្បធម៌ និង​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​បន្ទាប់ពី​ប្រទេស​កូរ៉េ និង​កម្ពុជា​បានធ្វើ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​កាលពី​ឆ្នាំ​១៩៩៧​កន្លងមក ទំហំ​ពាណិជ្ជ កម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើនឡើង​១៨​ដង គឺ​ចាប់ពី​៥៤​លាន​ដុល្លារ​រហូតដល់​៩៧០​លាន ដុល្លារ​។ ចំណែកឯ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​វិញ​បាន​កើនឡើង​រហូតដល់​២៣០​ដង​ផងដែរ គឺ​ចាប់ពី​១.៤៣០​នាក់​រហូតដល់​៣៣​ម៉ឺន​នាក់​ឯណោះ​។ ប្រទេស​កូរ៉េ គឺជា​ប្រទេស​ជាប់​លំដាប់ ថ្នាក់​ទី​២ ដែល​បានធ្វើ​ការវិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា ហើយ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប មាន​ទំហំ​រហូតដល់​៥៨០០​លាន​ដុល្លារ​។ បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​កូរ៉េ​ជាច្រើន​កំពុង​ធ្វើ សកម្មភាព នៅ​កម្ពុជា នៅ​ស្ទើរតែ​គ្រប់​វិស័យ​ដូចជា វិស័យ​ឧស្សាហកម្ម​កាត់ដេរ វិស័យ​កសិកម្ម និង​វិស័យ​ហិរញវត្ថុ​ជាដើម​។ ជាមួយគ្នានេះដែរ​កម្ពុជា​ក៏​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ស្ថិត នៅក្នុង​លំដាប់ថ្នាក់​ទី​២​របស់​ប្រទេស​កូរ៉េ​ផងដែរ​ហើយ​រដ្ឋាភិបាល​កូរ៉េ​ក៏​បាននិងកំពុង​ផ្តល់ជំនួយ លើ​វិស័យ​សុខាភិបាល ការ​អភិ​វ​ឌ្ឃ​ជនបទ និង​អប់រំ​ជាដើម តាមរយៈ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​។​

​ជាពិសេស ការបញ្ជូន​ពលករ​ក​ម្ពុ​ជា​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​នៃ​វិបុល ភាព​រួម​រវាង​ប្រទេស​ទាំងពីរ​។ បច្ចុប្បន្ននេះ មាន​ពលករ​កម្ពុជា​ប្រមាណ​ជា​បួន​ម៉ឺន​នាក់​កំពុង ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ ដោយ​ជួយ​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧស្សា ហកម្ម ផលិតកម្ម និង​កសិកម្ម​របស់​កូរ៉េ ព្រមទាំង​បាន​ផ្ញើ​នូវ​ថវិការ​ក្នុង​ចំនួន​ច្រើន​ត្រឡប់​មកកាន់​មាតុប្រទេស របស់ខ្លួន​វិញ​ផងដែរ​។ បន្ទាប់ពី​ការវិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​ពលករ​កម្ពុជា​ទាំង នោះបាន និង​កំពុង​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ហើយ​ពួកគេ​ក៏ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​អត្ថប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ចំណែក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិ​ប្ប​ធម៌​រវាង​ប្រជាជន​វិញ​ក៏មាន​សកម្មភាព​យ៉ាងសកម្ម ផងដែរ ប្រជាជន​កម្ពុជា​ចូលចិត្ត​រលក​វប្បធម៌​កូរ៉េ​(Korean Wave)​ដូចជា តន្ត្រី​K-pop​ខ្សែភាពយន្ត កូរ៉េ និង​អាហារ​កូរ៉េ​ជាដើម ហើយ​ពួកគាត់​កំពុង​រីករាយ​ជាមួយនឹង​ការសិក្សា​ភាសា​កូរ៉េ​និង​ហ្វឹក ហាត់​តេ​ក្វាន់​ដូ រីឯ​ប្រជាជន​កូរ៉េ​វិញ ពួកគាត់​ចាប់អារម្មណ៍​និង​ស្រលាញ់​នូវ​ស្រលាញ់​វប្បធម៌ និង​ធម្មជាតិ​របស់​កម្ពុជា​យ៉ាងខ្លាំង ដោយ​ជា​រៀងរាល់ឆ្នាំ មាន​អ្នក​ទេសចរណ៍​ជនជាតិ​កូរ៉េ ប្រមាណ​ជា​៣០​ម៉ឺន​នាក់​តែង​បានធ្វើ​ដំណើរ​មក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។​

ឱកាស​នៃ​ការពង្រឹង​ទំនាក់ទំនង​រវាង​កូរ៉េ និង​កម្ពុជា​
​រដ្ឋាភិបាល​កូរ៉េ​កំពុងធ្វើការ​ខិតខំ​ប្រឹង​ប្រែង​ដោយ​យកចិត្តទុកដាក់​លើ​វិស័យ​ជាច្រើន​ដើម្បី​លើក កម្ពស់​ទំនាក់​ទំនងជា​មួយ​នឹង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដោយ​ឈរ លើ​មូលដ្ឋាន គោលនយោបាយ​ទិសដៅ​តំបន់​ខាងត្បូង​ថ្មី​(New southern policy)​។ ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត ខំប្រឹងប្រែង​នេះ​កាលពី​ខែមីនា​ឆ្នាំនេះ​ឯកឧត្តម មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​នៃ​សាធារណ​កូរ៉េ​បាន ធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់​កម្ពុជា ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​គ្រោង​នឹង​អញ្ជើញ​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​កូរ៉េ​ឆ្នាំ​២០១៩ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ លើក​ទី​១​ផងដែរ​។ ជាពិសេស​កត្តា​ដែល​នាំ​ឲ្យ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​លើក​នេះ​កាន់​តែមាន អត្ថន័យ​បំផុត​នោះ គឺ​ដោយសារ​កិច្ច​កិច្ចប្រជុំ​លើក​នេះ ត្រូវបាន​ដំឡើង​កម្រិត​ពី​កិច្ចប្រជុំ​ថ្នាក់ រដ្ឋមន្ត្រី​ទៅជា​កិច្ចប្រជុំ​ថ្នាក់​កំពូល​លើក​ទី​១ ដោយយោង​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ខ្ញុំ​ជឿជាក់ថា កិច្ចប្រជុំ​កំពូល​លើក​នេះ ក៏​នឹង​ក្លាយទៅជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ ទំនង​រវាង​ប្រទេស​កម្ពុជា​-​កូរ៉េ និង​ទំនាក់ទំនង​រវាង​អាស៊ាន​-​កូរ៉េ​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ ផងដែរ​៕

​រូបៈ​បណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ ឯកអគ្គ​រដ្ឋ​ទូ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា (​រូបថត​ស្ថានទូត​កូរ៉េ​ប្រចាំ កម្ពុជា​)