​ឆ្នាំ​ស៊ី​ហ្គេម​: ការប្រមូលផ្ដុំ​កីឡា នឹង​យកតែ​អ្នកមាន ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ហាត់

346
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ឆ្នាំ​២០១៩ នេះ ជា​ឆ្នាំ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ ដែល​នឹងធ្វើ​នៅ ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំនេះ ដែលជា​ឆ្នាំ​យុទ្ធសាស្ត្រ របស់​កម្ពុជា ក្នុងការ​ត្រៀមខ្លួន ដើម្បី​ចូលរួម​ប្រកួត​កីឡា​ថ្នាក់​តំបន់ ដែល​ធ្វើ​រៀងរាល់ឆ្នាំ សេស​នេះ ។

​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា បាន​ប្រាប់​ឲ្យ​ដឹងថា ពេលនេះ ក្រសួង​អប់រំ យុវជន និង​កីឡា កំពុងតែ​ពិនិត្យមើល ពី​ការប្រមូលផ្ដុំ ឲ្យ​បាន​លឿន ដើម្បី​ព​ន្លឿ​ន​ទៅលើ ការហ្វឹកហាត់​របស់​អត្ត​ព​លិ​ក ។​

​លោក​បាន​បញ្ជាក់ថា មកទល់ពេលនេះ ចំនួន​ប្រភេទ​កីឡា សម្រាប់​ប្រមូលផ្ដុំ មិនទាន់​បានកំណត់​នៅឡើយ​ទេ តែ​ឆ្នាំ​ស៊ី​ហ្គេម​បែបនេះ ការប្រមូលផ្ដុំ នឹងធ្វើ​ទៅលើ​ប្រភេទ​កីឡា ដែល​ត្រូវ​ចេញទៅ​ចូលរួម កីឡា​ស៊ី​ហ្គេម ពិសេស​ប្រភេទ​កីឡា ដែលមាន​សក្ដានុពល​តែម្ដង ។​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា បាន​មានប្រសាសន៍​ដែរ​ថា ការប្រមូលផ្ដុំ ក្រសួង​អប់រំ យុវជន និង កីឡា នឹង​ពិនិត្យ​ទៅលើ​គុណភាព អត្ត​ព​លិ​ក និង គុណភាព​គ្រូបង្វឹក ។ ជាមួយគ្នា​នោះ សីលធម៌ និង វិន័យ ក៏​ត្រូវតែ​ពង្រឹង​ដែរ ។ ជ​ម្រំ​ប្រមូលផ្ដុំ គឺ​សម្រាប់​កីឡាករ -​កីឡាការិនី និង គ្រូបង្វឹក ដែលមាន​ពេលវេលា គ្រប់គ្រាន់ ដើម្បី​ហ្វឹកហាត់ និង​បង្ហាត់ ដោយ​មិន​ទទួលយក​អ្នក ដែល​គ្មាន​ពេល សម្រាប់​ហ្វឹកហាត់ និង បង្ហាត់​នោះឡើយ ។ ក្នុង​មួយឆ្នាំៗ រដ្ឋ​បាន​ចំណាយ​ថវិកា អស់​ជាច្រើន សម្រាប់​កីឡា​ជម្រើសជាតិ ហេតុនេះ អ្វីៗ​ត្រូវតែ​ធ្វើ​ដោយ​តម្លាភាព ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ចំនួន​ប្រភេទ​កីឡា ដែល​ត្រូវ​បញ្ជូនទៅ​ចូលរួម កីឡា​ស៊ី​ហ្គេម នៅ​មិនទាន់​បានកំណត់ នៅឡើយ​ទេ ។ សម្រាប់​កីឡា​ស៊ី​ហ្គេម គឺ​រយៈពេល ៦ ខែ​មុន​ការប្រកួត​មកដល់ ទើប​គេ​កំណត់​ឲ្យ​ប្រទេស​នីមួយៗ កំណត់​ពី​ចំនួន និង​ប្រភេទ​កីឡា ដែល​ខ្លួន​ត្រូវ​បញ្ជូនទៅ​ចូលរួម​ប្រកួត ។​បន្ទាប់មក​ទើប​កំណត់​ពី​ឈ្មោះ​អត្ត​ព​លិ​ក​ដែល​នោះ​ជាការ​កំណត់​ចុងក្រោយ ។​

​លោក​បាន​បន្តថា ឆ្នាំ​២០១៩ និង ២០២១ គឺជា​ឆ្នាំ​យុទ្ធសាស្ត្រ ហេតុនេះ កម្ពុជា​ត្រូវតែ​បញ្ជូន​កីឡា ទៅ​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន ។ ឆ្នាំ​២០២៣ ជា​ឆ្នាំ​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ដូច្នេះ​ការប្រកួត​លើក​ទី​៣០ និង ៣១ គឺជា​ការប្រកួត​មួយ ដែល​កម្ពុជា​ត្រូវតែ​ពង្រឹង​ខ្លួនឯង ដើម្បី​ឲ្យ​ដឹងថា តើ​កម្ពុជា​ពេលនេះ កំពុងតែ​ឈរ​នៅ​ទីតាំង​ណា ៕v

លោក​អ៊ុក សិទ្ធិ​ជាតិ និង លោក​វ៉ា​ត់ ចំរើន​