​ឆ្នាំ​២០១៨​គ្រឿងញៀន​ជិត​២០០​គីឡូក្រាម​បង្ក្រាបបាន​នៅ​ខេត្តស្ទឹងត្រែង​

112

​ដោយ​:​សុខុម​/​ស្ទឹងត្រែងៈ​សមត្ថកិច្ច​បង្ក្រាប​និង​រឹបអូស​បាន​គ្រឿងញៀន​ប្រមាណ​ជិត​២០០​គីឡូក្រាម​ក្នុង​ឆ្នាំ​២០១៨​និង​ដើមឆ្នាំ​២០១៩​។​តួលេខ​នេះ​ត្រូវបាន​បង្ហាញ​ឱ្យដឹង​នៅក្នុង​ពិធី​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​ប្រជុំ​បូកសរុប​លទ្ធ​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០១៩​ក្នុង​ខេត្ត​ភាគ​ឦសាន​ជាប់​ព្រំដែន​ឡាវ​។​កិច្ចប្រជុំ​នោះបាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃទី ៩ ខែមករា ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សាន​និមល​ស្នងការរង​នគ​បាល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ក្នុង​អង្គប្រជុំ​ថា​កន្លងមកនេះ​គណៈកម្មាការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាន​បង្ក្រាប សហការ​បង្ក្រាប​ករណី​ជួញដូរ និង ប្រើប្រាស់​សារធាតុ​ញៀន​ចំនួន​៥៦​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១១៤​នាក់ ស្រី ៨​នាក់​។

ក្នុងនោះ មាន​ជនជាតិខ្មែរ​១០៧​នាក់​ស្រី​៨​នាក់​,​ជនជាតិ​ឡាវ​៥​នាក់​ជនជាតិ​វៀតណាម​២​នាក់​។​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន​កសាង​និង​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រួចរាល់​ហើយ​។​

លោក​បន្ថែមថា​ក្នុងករណី​បង្ក្រាប​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ប​ង្គ្រា​ប​បាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ១៦៤០៧៤,៣៨​ក្រាម ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY) ចំនួន ១១៩៩៥​គ្រាប់ ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​(Ketamine) ទម្ងន់ ២២.៨៥៧,៨២​ក្រាម រួមទាំង​បាន​រឹបអូស​ទ្រព្យសម្បត្តិ​មួយចំនួនធំ​ផងដែរ​ពី​កា​រង​បង្ក្រាប​ក្រឿងញៀន​នេះ​ផងដែរ​។​

ជាមួយ​នោះ​លោក​យង់​សុ​វ​ឌ្ឍ​នា​អភិបាលរង​ខេត្តស្ទឹងត្រែង​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាន​និយាយ​កោតសរសើរ​ចំពោះ​ការចូលរួម​សហការ​និង​ការខិតខំ​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​ទទួលបាន​នូវ​លទ្ធផល​ល្អ​ពិសេស​បាន​យកចិត្តទុកដាក់​សហកា​រ​គ្នា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នានា​ឲ្យ​មានការ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​។​

លោក​លើកឡើងថា​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​សកល​និង​ឱ​ក្រិ​ដ្ឋ​កម្ម​ឆ្លងដែន​ដែល​អាច​បង្ករ​គ្រោះមហន្តរាយ​ដល់​ប្រជាពលរដ្ឋ​គ្រួសារ​សហគមន៍​និង​សង្គមជាតិ​។​ថ្វីត្បិតតែ​ខេត្តស្ទឹងត្រែង​មិនមែនជា​មូលដ្ឋាន​ផលិត​គ្រឿងញៀន​ក្តី​តែ​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​ដែល​រងគ្រោះ​ដោយ​ឧក្រិដ្ឋជន​បាន​នាំនូវ​សារធាតុ​ញៀន​ឆ្លងកាត់​ពី​តំបន់ត្រីកោណមាស​មក​តា​ម​ព្រំដែន​ឡាវ​ដែល​ទាំងនេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ប​ង្គ្រា​ប​និង​ទប់ស្កាត់​អោយ​ខាន​តែ​បាន​។​

សូមបញ្ជាក់​ផងដែរ​ថា​ដើម្បី​ឲ្យ​ការអនុវត្ត​ការងារ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​ដោយ​ជោគជ័យ​លេខាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​បានដាក់​ចេញ​នូវ​ផែនការ​ថ្មី​សម្រាប់​ឆ្នាំ​២០១៩ បន្ត​យុទ្ធនាការ​ប្រ​យុ​ទ្ទ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤​។

​សុំ​ជួយ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ជំនាញ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ពិសេស​នៅតាម​បណ្តា​ក្រុង​-​ស្រុក​កង​នគរបាលជាតិ​កងរាជអាវុធហត្ថ កងយោធពល​ខេមរៈភូមិន្ទ​ដែល​ឈរជើង​ការពារ​ព្រំដែន​និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​៕S/