​ឆ្នាំ​២០១៩​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវការ​ឈាម​ជាង​៩​ម៉ឺន​ប្លោក​

531
ចែករម្លែក

ដោយ​សុផល​/​ភ្នំពេញ​៖​លោក​វេជ្ជបណ្ឌិត​ហុក​គឹម​ចេង​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​មានប្រសាសន៍ថា​ឆ្នាំ​២០១៩​នេះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវការ​ឈាម​ប្រមាណ​ជាង​៩​ម៉ឺន​ប្លោក​សម្រាប់​យកទៅ​សង្គ្រោះ​អាយុជីវិត ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។​

​នៅក្នុង​ពិធី​បរិច្ចាគ​ឈាម​របស់​ថ្នាក់ដឹកនាំ​កម្មករនិយោជិត​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមករា​២០១៩​នៅ​ការិយាល័យ​កណ្តាល​លោក​វេជ្ជបណ្ឌិត​ហុក​គឹម​ចេង​បានឱ្យដឹងថា​តម្រូវការ​ឈាមមាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ។​គឺ​ប្រមាណ​ជា​១០​ភាគរយ​ដើម្បី​ជួយសង្គ្រោះ​ដល់​អាយុជីវិត​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​បន្ទាន់ៗ​។​ជាក់ស្តែង​ឆ្នាំ​២០១៨​មជ្ឈមណ្ឌល​ត្រូវការ​ឈាម​ប្រមាណ​ជាង​៨៥.០០០​ប្លោក​ក្នុងនោះ​នៅ​ភ្នំពេញ​ប្រើប្រាស់​ឈាម​ជិត​៦​ម៉ឺន​ប្លោក​ខណៈ​នៅ​ឆ្នាំ​២០១៧​កន្លងទៅនេះ​ប្រើប្រាស់​ឈាម​ជាង​៧​ម៉ឺ​៦​ពាន់​ប្លោក​ប៉ុណ្ណោះ​។​

​លោក​វេជ្ជបណ្ឌិត​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ជាពិសេស​ក្រុមយុវជន​ស្ថាប័នរដ្ឋ​និង​ឯកជន​សូម​បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ឲ្យ​បាន​ទាន់ពេលវេលា​ខណៈ​បច្ចុប្បន្ន​ការផ្តល់​អំណោយ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅមាន​ចំនួន​តិចតួច​នៅឡើយ​ដែល​តម្រូវ​ឲ្យ​ក្រុមគ្រួសារ​ឬ​សាច់ញាតិ​របស់​អ្នកជំងឺ​ផ្តល់​ឈាម​ជំនួស​។​

​លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ឲ្យ​ដឹង​ទៀតថា​ការទទួលបាន​អំណោយ​ឈាម​គ្រប់គ្រាន់​នឹង​អាចជួយ​សង្គ្រោះ​ដល់​ជីវិត​អ្នកជំងឺ​បាន​ទាន់ពេលវេលា​ពិសេស​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់។​ដូចជា​ជំងឺ​ទាក់ទិន​នឹង​ការ​ហូរឈាម​តាម​ប្រដាប់​រំលាយ​អាហារ​ការវះកាត់​ជំងឺ​បេះដូង​គ្រោះថ្នាក់​ចរាចរណ៍​ការហូ​រ​ឈាម​មិន​ប្រក្រតី​នៅមុន​និង​ក្រោយពេល​សំរាលកូន​ជំងឺ​ខ្សោយ​តំរង់​នោម​និង​ការព្យាបាល​ថែទាំ​ជំងឺមហារីក​ជាដើម​។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ទៀតថា ការបរិច្ចាគ​ឈាម ពី​សំណាក់​សប្បុរសជន​តាម​ស្ថាប័នឯកជន​នានា ជាក់ស្ដែង​ពី​បុគ្គលិក​និង​ថ្នាក់ដឹកនាំ​ធនាគារ​អេស៊ីលីដា​នៅពេលនេះ​គឺជា​ចំណែក​មួយ​សំខាន់​ក្នុងការ​ចូលរួម​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្នុងការ​ស្វែងរក​អំណោយ​ឈាម​ទៅ​ជួយ​ជនរងគ្រោះ ។

​លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ឲ្យ​ដឹង​ទៀតថា​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​បង្កើត​មជ្ឈមណ្ឌល​ទ​ទួល​ឈាម​ទូទាំងប្រទេស​ចំនួន​២២​កន្លែង ក្នុងនោះ​មាននៅ​តាម​ផ្សារ​ទំនើប​ពីរ នៅ​ភ្នំពេញ គឺ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១​និង​អ៊ី​អន​២​និង​បើក​អោយទទួល​រៀងរាល់ថ្ងៃ​សៅរ៍​សម្រាប់​បងប្អូន​ដែលមាន​បំណង​ចង់​បរិច្ចាគ​ឈាម​ជូន​ពួកយើង​ដើម្បី​ស្វែងរក​អំណោយ​ឈាម​ឲ្យ​បាន​ច្រើន​។

​លោក​លី ថៃ អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ អភិបាលកិច្ច នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន ប្រសាសន៍ថា នេះ គឺជា​លើក​ទី​៥​ហើយ សម្រាប់​ថ្នាក់ដឹកនាំ និង​កម្មករ និយោជិត​ធនាគារ​អេស៊ីលីដា​ដែល​បាន​ចូលរួមរ​បរិច្ចាគ​ឈាម​ជូនទៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដោយមាន​មាន​អ្នកចូលរួម​បរិច្ចាគ​ឈាម​ចំនួន ២១៨ មកពី​ការិយាល័យ កណ្ដាល និង​បុគ្គលិក​មកពី​សាខា​ជុំវិញ​រាជធានី​ភ្នំពេញ ។

​លោក​បន្តថា​សម្រាប់​បុគ្គលិក​ទាំងអស់​ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម​នៅពេលនេះ​គឺជា​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​និង​មិនមាន​ការបង្ខិតបង្ខំ​ណាមួយ​ពី​ថ្នាក់​ដឹក​នោះទេ​ហើយ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​មានតែ​ថ្លែងអំណរគុណ​ដល់​ពួកគាត់​ដែល​បាន​លះបង់​នូវ​ទឹកចិត្ត​សម្រាប់​អំណោយ​ឈាម​ដ៏​ថ្លៃថ្លា​ក្នុង​ការជួយ​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​សម្រាប់​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ ។

​លោក​បន្ថែមថា​សកម្មភាព​បរិច្ចាគ​ឈាម​នៅពេលនេះ​មិនមែនជា​លើកចុងក្រោយ​ទេ​ហើយ​វា​នឹងមាន​បន្តបន្ទាប់​ទៀត​មិនតែប៉ុណ្ណោះ​ថ្នាក់ដឹកនាំ​ក៏​នឹង​លើកទឹកចិត្ត​ដល់​បុគ្គលិក​នៅតាម​បណ្ដា​សាខា​ផ្សេងៗ​ចូលរួម​បរិច្ចាគ​ឈាម​នៅតាម​ទីណា​ដែល​មជ្ឈមណ្ឌល​ជាតិ​ទៅដល់​ផងដែរ​ដើម្បី​ចូលរួមចំណែក​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​។​

​លោកស្រី​សុខ​សោភា​នាយិកា​ប្រតិបត្តិ​ទីផ្សារ​នៃ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម​ដែរ​នោះបាន​មានប្រសាសន៍ថា​ការបរិច្ចាគ​ឈាម​មិនមាន​ការប៉ះពាល់​ដល់​សុខភាព​យើង​ទេ​ពោលគឺ​ចូលរួមចំណែក​ក្នុង​សកម្មភាព​ការងារ​សង្គម​ទៀតផង​ពិសេស​បាន​ជួយសង្គ្រោះ​ដល់​អ្នក​ដែល​ត្រូវការ​ឈាម​ជា​ចាំ​ចាច់​។

លោកស្រី​សង្ឃឹមថា​សាធារណជន​ពិសេស​យុវជន​បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាមមាន​ស្តុក​ឈាម​គ្រប់គ្រាន់​សម្រាប់​ត្រៀម​ទុក​ជួយ​ដល់​សង្គ្រោះ​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​នោះ​៕S/​

#