​ឆ្នាំ​២០១៩ ​សន្ទុះ​ភ្ញៀវ​ចូលមក​កម្សាន្ត​ក្នុង​ខេត្តកំពត​មាន​កំណើន​ខ្ពស់​

357
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​នា​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​មុននេះ ​បរិមាណ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តកំពត​មាន​កំណើន​មិន​លើសពី​៣​ភាគរយ​នោះទេ​។ ដោយឡែក រយៈពេល​ប្រាំ​មួយខែ​ឆ្នាំ​២០១៩ ទេសចរ​ជាតិ អន្តរជាតិ​បាន​កើនឡើង​រហូតដល់​ជិត​៣០​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ​។

លោក​សយ ​ស៊ី​ណុល​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានបញ្ជាក់​ថា​ជាមួយនឹង​សក្តានុពល​លើ​គ្រប់ វិស័យ​ពិសេស​ផ្នែក​ទេសចរណ៍​ដ៏​សម្បូរ​បែបនា​អំឡុងពេល​ចុងក្រោយ​នេះ​ខេត្តកំពត​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ជិត​ឆ្ងាយ​មិន​ចាញ់​បណ្តា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ដទៃទៀត​ឡើយ​។​រាជរដ្ឋាភិបាល​បានកំណត់​ច្បាស់​ថា​កំពត​ជា​ខេត្ត​ទេសចរណ៍វប្បធម៌​ធម្មជាតិ​និង​ក​សិ​-​ទេសចរណ៍​ស្របតាម​សកម្មភាព​កសិកម្ម ឧស្សាហកម្ម និង​សេដ្ឋកិច្ច​មាន​ភាព​ដ៏​រស់​រវើក​បំផុត​នោះ​។

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាលខេត្ត​ដោយមាន​លោក​ជាវ តា​យ ជា​អភិបាល​បាន​ជំរុញ​ការអភិវឌ្ឍ​យ៉ាងខ្លាំង​ក្លា​លើ​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​២០១៨​ ខេត្តកំពត​ទទួលភ្ញៀវ​បាន​ចំនួន​១.៦២៩.៥៣០​នាក់​។​បរិមាណ​នេះ​មានការ​កើនឡើង​១,៨​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។ ដោយឡែក​ត្រឹម​រយៈពេល​ប្រាំ​មួយខែ​ឆ្នាំ​២០១៩​នេះ​ខេត្តកំពត​ទទួលភ្ញៀវ​បាន​រហូតដល់​១.០៩១.៣២០​នាក់​កើនឡើង​២៧,២៦​ភាគរយ​ធៀប​នឹង​រយៈពេល​ប្រាំ​មួយខែ​ដើមឆ្នាំ​២០១៨​។​

ក្នុងនោះ​ទេសចរ​ជាតិ​មាន​ចំនួន​៩៧៨.០៤៥​នាក់​និង​ភ្ញៀវ​បរទេស​មាន​ចំនួន​១១៣.២៧៥​នាក់​។​លោក​សយ​ស៊ី​ណុល ​បាន​បញ្ជាក់ថា ​កំណើន​ភ្ញៀវទេសចរ​ក្នុង​រយៈពេល​ប្រាំ​មួយខែ​នេះ​ជា​អត្រា​មួយ​ខ្ពស់បំផុត​សម្រាប់​ខេត្ត​ដែល​កន្លង មក​មិន​ធ្លាប់​កើតមាន​ទាល់តែសោះ​។​

​បើ​ពិនិត្យ​លើ​លំហូរ​ភ្ញៀវទេសចរ​ ពិសេស​សម្រាប់​ចុងឆ្នាំ​នេះ​ដែល​ខេត្តកំពត​ត្រូវ​ទទួល​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ផង​នោះ​ជំនាញ​អាច​សន្និដ្ឋានបានថា​ភ្ញៀវទេសចរ​នឹង​បន្ត​កើនឡើង​បន្ថែមទៀត​ផ្អែកលើ​សមិទ្ធផល​ទេសចរណ៍​ថ្មីៗ​កំពុង​លេចចេញ​ជា​រូបរាង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​៕S/​Ha