​ឆ្នាំ​២០២០​ខេត្តកំពង់ចាម​ទទួលបាន​គម្រោង​វិនិយោគ​ត្រូវ​អនុវត្តន៍​ចំនួន​៣៧០​គម្រោង​

274
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​ខេត្តកំពង់ចាម​ទទួលបាន​គម្រោង​វិនិយោគ​ដែលមាន​ថវិកា​គាំទ្រ ត្រូវ​អនុវត្តន៍​ចំនួន​៣៧០​គម្រោង​នឹងត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន​៣៨៩.២៣០​លាន រៀល​។​ខណ​:​ដែល​គម្រោង​ដដែល​នេះ​កំពុង​កំ​ណើ​រ​ការអនុវត្ត​ចំនួន​២៤​គម្រោង​បន្ថែមទៀត​ដែល​ត្រូវ​ចំណាយ​ថវិកា​ចំនួន ៥០.៣១២​លាន រៀល​។​

លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០២០២០២២)​នៅក្នុង​មន្ទីរ​ផែនការ​នា​ព្រឹក​ថ្ងៃទី​២៨​វិច្ឆិកា​២០១៩​ថា​គម្រោង​ទាំងនេះ​ពិតជា​ស្តែងឡើង​នូវ​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កំណើនសេដ្ឋកិច្ច​គ្រួសារ​ពោល គឺ​កាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក​។​

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ទៀតថា​ជាពិសេស​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​ខេត្ត​ដែល​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​ប្រជាពលរដ្ឋ​រួច​ផុតពី​បន្ទាត់​ក្រីក្រ​ជា​បន្តបន្ទាប់​។​ជាក់ស្តែង​ទិន្នន័យ​អត្រាកំណើន​បានបង្ហាញ​យ៉ាងច្បាស់​រយ​:​ពេល​បី​ឆ្នាំ​ចុងក្រោយ​។​លោក​បាន​មានប្រសាសន៍​បន្ថែមថា ក្នុងនោះ​កំណើនសេដ្ឋកិច្ច​ខេត្ត​កើនឡើង​ក្នុង​រង្វង់​ចំនួន ប្រាំមួយ ភាគរយ​ក្នុង​មួយឆ្នាំ គឺ​ឆ្នាំ​២០១៦ មាន​ចំនួន ៦,១ ភាគរយ ឆ្នាំ​២០១៧ មាន​ចំនួន ៥,៩ ភាគរយ និង​ឆ្នាំ​២០១៨ មាន​ចំនួន ៦,៥ ភាគរយ​។​

លោក​បាន​មានប្រសាសន៍​បន្តថា​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់​(GDP)​បាន​កើន​ពី​ចំនួន ១,៣៣៤​ដុល្លារ​អាមេរិក​ឆ្នាំ​២០១៦ កើនឡើង​ចំនួន ១,៤១៩​ដុល្លារ​អាមេរិក​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​កើនឡើង​ចំនួន ១,៥២២​ដុល្លារ​អាមេរិក​។​

​គួរ​បញ្ជាក់ថា ខេត្តកំពង់ចាម​លទ្ធផល​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​ឃុំ​/​សង្កាត់ និង​ស្រុក​/​ក្រុង​ទទួលបាន​ការគាំទ្រ​សរុប​ចំនួន​២.៦៥៧​គម្រោង​ស្មើនឹង​៥៥​ភាគរយ​នៃ​គម្រោង​ស្នើឡើង​ចំនួន ៤.៨២៥​គម្រោង​៕S/​