«​ឆ្មាំ​ព្រៃ​» ជួយ​ជំរុញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឲ្យ​ស្រឡាញ់​ព្រៃឈើ​

1203
ចែករម្លែក

ដោយ​: ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ភ្នំពេញ​:
ព្រះ​តេជគុណ ប៊ុត សា​លួត គឺជា​សកម្មជន​ការការពារ​ព្រៃឈើ​ដ៏​សកម្ម​មួយ​ព្រះអង្គ ក្នុងចំណោម​ព្រះសង្ឃ​៧០.៨៥៣​អង្គ ក្នុងប្រទេស​កម្ពុជា​។ ព្រះអង្គ​បានរៀបចំ​បង្កើត​ព្រៃ​សហគមន៍​មួយ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែលមាន​ឈ្មោះថា «​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​» នៅក្នុង​ឆ្នាំ​២០០០ ដើម្បី​ថែរក្សា និង​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ដែល​នៅ​សេសសល់​។​

​ព្រៃ​នេះ​មាន​ទំហំ​សរុប ៣០,២៥៦ ហិកតា លាតសន្ធឹង​ក្នុងស្រុក​ចំនួន​បី រួមមាន ស្រុក​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​កាលពីមុន​ព្រៃ​ដ៏​ក្រាស់​នេះ​គឺជា​កន្លែង​លាក់ខ្លួន​របស់​ចលនា​ខ្មែរក្រហម និង​មាន​គ្រាប់មីន​បង្កប់​ជាច្រើន​។ រហូតដល់​ឆ្នាំ​២០០២ ទើប​ព្រះអង្គ ប៊ុន សា​លួត បានទទួល​ច្បាប់​អនុញ្ញាត​ជា​ផ្លូវការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ថែរក្សា និង​ការពារ​«​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​» ដែល​ប្រជាជន​ក្នុង​តំបន់​នេះ​ភាគច្រើន​ហៅថា «​ព្រៃ​លោក​»​។ ព្រៃ​នេះ​មិន​ត្រឹមតែ​ផ្ដល់​អនុផល​ព្រៃឈើ និង​ជីវចម្រុះ​ដ៏​សម្បូរបែប​ដល់​ប្រជាជន​ក្នុង​សហគមន៍​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ផ្តល់នូវ​ទីកន្លែង​ដែល​ទាក់ទាញ​ជាមួយ​សម្រស់​ធម្មជាតិ​សម្រាប់​អ្នក​ដែល​ចូលមក​ទស្សនា​។

​តាមរយៈ​គំនិត​ផ្តួចផ្តើម និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ព្រះអង្គ​ក្នុងការ​ដឹកនាំ​ការងារ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ និង​ជនបរទេស​កាន់តែច្រើន​ស្គាល់ «​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​»​។ នាពេល​ថ្មីៗ​នេះ ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» ដែល​និយាយ​អំពី​តួនាទី និង​សកម្មភាព​របស់​ព្រះ​តេជគុណ ប៊ុន សា​លួត ទាក់ទង​នឹង​ព្រៃឈើ​ក៏ត្រូវ​បាន​ផលិតឡើង​។ នៅក្នុង​កម្មវិធី​សម្ពោធ​ការ​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ ឯកឧត្តម ហួន វ៉ាន់​និ​ត អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​មានប្រសាសន៍ថា «​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន គឺជា​ព្រៃ​ដែល​នៅ​សេសសល់​ចុងក្រោយ​គេ​បង្អស់ នៅក្នុង​ចំណោម​ព្រៃ សហគមន៍​ចំនួន​១៣ ស្ថិតនៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​»​។

​ហ៊​ន សឺ​យ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មាន​ស្រុកកំណើត នៅ​សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្ហាញ​នូវ​អារម្មណ៍​សប្បាយរីករាយ​នៅពេល​ឃើញ​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើរ​ផ្សព្វផ្សាយ​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​»​។​សឺ​យ​មានប្រសាសន៍ថា ខ្ញុំ​ធ្លាប់បាន​ទៅ​ដក​ផ្សិត​និង​នេសាទ​ត្រី​នៅក្នុង «​ព្រៃ​លោក​» ដែល​ព្រះសង្ឃ​អនុញ្ញាតិ​សម្រាប់​យកមក​ហូប​នៅក្នុង​គ្រួសារ​។ នៅពេលដែល ខ្ញុំ​ចូលទៅ​បង់សំណាញ់​នៅក្នុង​ព្រៃ​នេះ ខ្ញុំ​បានឃើញ​ដើមឈើ​ធំៗ ដូចជា ដើម​គគីរ ដើម​ធ្នង់ ដើម​ស្រឡៅ និង​ដើមឈើ​ជាច្រើន​។ ដើមឈើ​ធំៗ​ទាំងនេះ​បាន​ទាក់ទាញ​ចិត្ត​ខ្ញុំ​យ៉ាងខ្លាំង​។ ខ្ញុំ​ចង់​ឲ្យ​មាន ការថែរក្សា​ដើមឈើ​នៅក្នុង​ព្រៃ​សហគមន៍​នេះ​។ ប្រសិនបើ​មិនមាន​ព្រៃឈើ ប្រាកដជា​ធ្វើ​ឲ្យ អាកាសធាតុ​កាន់តែ​ក្តៅ​ឡើង ហើយ​យើង​ក៏​ពុំ​អាច​រស់​បានដែរ​។ ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ក្នុងភូមិ ចេះ​សាមគ្គី​គ្នា​និង​ចូលរួម​ទប់ស្កាត់​រាល់​បទល្មើស​ដែល​បាន​កើតឡើង​នៅ ក្នុងព្រៃ​សហគមន៍ ។

​ស្ងួន សុច​ន្នី ភេទ​ស្រី អាយុ​១៧​ឆ្នាំ គឺជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ ហ៊ុន សែន ឧ​ត្ត​រ​មានជ័យ មាន​ស្រុកកំណើត នៅ​សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រៀបរាប់ថា ខ្ញុំ​បានដឹង​ព័ត៌មាន ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ «​ឆ្មាំ​ព្រៃ​» តាមរយៈ ព្រះ​តេជគុណ​ដែល​បង្រៀន​ម៉ោង​វប្បធម៌​ទូទៅ និង​ម៉ោង​ព្រះពុទ្ធសាសនា​នៅ​សាលារៀន​។

នេះ​គឺជា​លើកទីមួយ​របស់ខ្ញុំ​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​នេះ​។ ខ្ញុំ​មាន​អារម្មណ៍ សប្បាយរីករាយ ហើយ​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​ព្រះអង្គ ប៊ុន សា​លួត​។ ខ្ញុំ​ធ្លាប់ បាន​ទៅ​ទស្សនា «​ព្រៃ​លោក​» ចំនួន​ពីរលើក​រួចមកហើយ និង​បានឃើញ​ព្រះសង្ឃ​នៅ ការពារ​ព្រៃឈើ​នោះ​។ នៅពេលដែល​ខ្ញុំ​បាន​ចូលទៅ​ក្នុងព្រៃ​ម្ដងៗ ខ្ញុំ​បានឃើញ​ដើមឈើ​ធំៗ​។ ខ្ញុំ​ចង់ឃើញ​ដើមឈើ​ធំ​ទាំងនោះ​នៅ​ឋិតថេរ​។ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​អ្នក​កាប់​ដើមឈើ​ទាំង នេះ ទេ​។ ខ្ញុំ​ក៏បាន​ឃើញ​សត្វ​ស្វា និង​ឃើញ​សត្វ​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយរីករាយ យ៉ាង ខ្លាំង​។ នៅពេល​រដូវភ្លៀង ខ្ញុំ​ឃើញ​ប្រជាពលរដ្ឋ បាន​ចូល​ទៅរក​ផ្សិត​នៅ​ទីនោះ មានដូចជា ផ្សិត​ក្ងោក និង​ផ្សិត​ប៉ក់​។ ខ្ញុំ​បាន​រៀន​ពី​សារសំខាន់​នៃ​ព្រៃឈើ​នៅក្នុង​ថ្នាក់ ហើយ​ខ្ញុំ​ក៏​ចង់ ចែករំលែក​ជាមួយ​ពូ មីង និង​អ៊ំ ដែល​ចូល​ទៅរក​អនុផល​ព្រៃឈើ​ឲ្យ​បាន​យល់​ពី​សារសំខាន់ នៃ​ព្រៃឈើ​ដែរ ដើម្បី​ការពារ​ការកាប់បំផ្លាញ​ព្រៃឈើ​ទៅ​ថ្ងៃ​ខាងមុខ​។ នៅពេល​ឃើញ មាន​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​នេះ ធ្វើ​ខ្ញុំ​ចង់ទៅ​សិក្សា និង​ទស្សនកិច្ច «​ព្រៃ​លោក​» ម្តងទៀត​។ ខ្ញុំ​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​លើកទឹកចិត្ត ជួយផ្តល់​សម្ភារ និង​ថវិកា ដល់​សកម្មជន​ដែល​បាន​ចូលរួម​ការពារ​ព្រៃឈើ​ក្នុង​សហគមន៍​នេះ​។ «​ព្រៃ​លោក​» នឹង​ក្លាយជា​ព្រៃ​គំរូ​ដល់​តំបន់​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា​។​

​សម័យ លីហ្សា ភេទ​ស្រី អាយុ​១៧​ឆ្នាំ គឺជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ ហ៊ុន សែន ឧ​ត្ត​រ​មានជ័យ មាន​ស្រុកកំណើត​នៅ សង្កាត់​សំរោង ក្រុង​សំរោង បាន​ឲ្យ​ដឹងថា នៅពេល បាន​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​នេះ ធ្វើ​ខ្ញុំ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ខ្ញុំ​ចង់​ឲ្យ​ប្រជា​ពល រដ្ឋ​ទៅ​ទស្សនា «​ព្រៃ​លោក​» កាន់តែច្រើន​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​មិនអាច​ទៅ​ទស្សនា ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​ដោយផ្ទាល់ ក៏​គួរ​ចូលរួម​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​នេះដែរ​។ ខ្ញុំ​ធ្លាប់បាន​ទៅ​ទស្សនា​ព្រៃ​លោក​ដោយផ្ទាល់ ប៉ុន្តែ​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» បានធ្វើ​ឲ្យ​ខ្ញុំ​ដែលជា​អ្នកទស្សនា​កាន់តែ​រំភើប​រីករាយ នៅពេល​បានឃើញ​សត្វព្រៃ​។ វា​ខុសពី ពេលដែល​ខ្ញុំ​ទៅ​ទស្សនា​ព្រៃ​ផ្ទាល់ ព្រោះ​ពេលដែល​ខ្ញុំ​ទៅ​ព្រៃ​សហគមន៍​នៅពេល​ថ្ងៃ ហើយ ពេល​ល្ងាច​ត្រឡប់មកវិញ ដូច្នេះ​ខ្ញុំ​មិន​បានឃើញ​សត្វព្រៃ​ទាំងនេះ​ទេ​»​។ ចំណែក​នៅក្នុង​ខ្សែ ភាពយន្ត​ឯកសារ​នេះ ផលិតករ​បាន​រង់ចាំ​ថត​សត្វព្រៃ​នៅពេល​យប់​។ ខ្ញុំ​គិតថា «​ព្រៃ​លោក​» គឺជា​ទីកន្លែង​ដែល​ទាក់ទាញ​ខ្លាំងណាស់​។ ខ្សែភាពយន្ត​ឯកសារ​នេះ បាន​ជំរុញ​ឲ្យ​ខ្ញុំ​ចាប់ អារម្មណ៍​កាន់តែខ្លាំង​ចំពោះ​ព្រៃឈើ​នៅក្នុង​ខេត្ត​របស់ខ្ញុំ​។​

​ស៊ី សុ​វណ្ណា​រី អាយុ​១៧​ឆ្នាំ គឺជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ ហ៊ុន សែន ឧ​ត្ត​រ​មានជ័យ ដែលមាន​ស្រុកកំណើត សង្កាត់​សំរោង ក្រុង​សំរោង បាន​បញ្ចា​ក់ថា ខ្ញុំ​ចង់ ឲ្យ​តំបន់​ផ្សេងទៀត​មាន​ដើមឈើ​ច្រើន​ដូច​ព្រៃ​សហគមន៍​នេះ ដូច្នេះ ទាមទារ​ឲ្យ​មានការ ជួយ​ការពារ និង​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​។ ខ្ញុំ​គិតថា​ខ្សែភាពយន្ត​នេះ​ល្អ​ខ្លាំងណាស់ ដែលមាន​ព្រះ​មេគណ​ខេត្ត ប៊ុត សា​លួត រៀបរាប់​ពី​ប្រវត្តិ​ព្រៃឈើ និង​ការ​បង្កើតជា ព្រៃ​សហគមន៍​នេះ​។ នៅពេល​ព្រៃឈើ​សហគមន៍​នៅ​គង់វង្ស យើង​ក៏​អាច​ស្គាល់​រុក្ខជាតិ និង សត្វ​រាប់​ចាប់ពី​ប្រភេទ​តូចៗ រហូតដល់​សត្វ​ធំៗ​ដែល​រស់នៅ​ក្នុងព្រៃ​នេះដែរ​។ ខ្សែភាពយន្ត ឯកសារ​នេះ បង្ហាញ​ទាំង​សកម្មភាព​បទល្មើស ការកាប់បំផ្លាញ​ព្រៃឈើ និង​ការដាក់​អន្ទាក់ សត្វព្រៃ​។ ខ្សែភាពយន្ត​នេះ បាន​ជួយ​អប់រំ​ប្រជាជន និង​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ​ស្រឡាញ់​ព្រៃឈើ ហើយក៏​បាន​ជួយ​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ជួយ​ថែរក្សា​ព្រៃឈើ និង​ដាំ ដើមឈើ​ដែរ​៕ ល​