«​ឆ្មាំ​ព្រៃ​» នឹង​ជួយ​ឲ្យ​មានការ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ និង​សារសំខាន់​នៃ​ព្រៃឈើ​

1102
ចែករម្លែក

ដោយៈ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត / ភ្នំពេញៈ ឆ្មាំ​ព្រៃ​នឹង​លើកទឹកចិត្ត​ឲ្យ​មនុស្ស​គ្រប់គ្នា​ឲ្យ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ និង​តម្លៃ​នៃ​ការថែរក្សា​ព្រៃឈើ​។​ខ្សែភាពយន្ត​ឯកសារ​នេះ​នឹង​បង្ហាញ​ពី​ជីវិត​សត្វព្រៃ​ធនធានធម្មជាតិ និង​ព្រៃឈើ​នៅក្នុង​ស្រុក​អន្លង់វែង​ដែលជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ខ្មែរក្រហម ស្ថិតនៅ​ភាគ​ជើង​នៃ​ប្រទេស​កម្ពុជា​។ តំបន់​អន្លង់វែង​នេះ គឺជា​តំបន់​ដែល​ធ្លាប់​កើតមាន​អំពើ​ឃោរឃៅ ការកាប់សម្លាប់​របស់​ក្រុមខ្មែរក្រហម និង​តំបន់​ដែល​ទទួលបាន​សន្តិភាព​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។

​ខ្សែភាពយន្ត ឆ្មាំ​ព្រៃ បានលើកឡើង​ពី​គំនិត​ផ្តួចផ្តើម និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ព្រះសង្ឃ​មួយអង្គ​ព្រះនាម ប៊ុន សា​លួត ក្នុងការ​ដឹកនាំ​ការងារ​អភិរក្ស​ព្រៃឈើ​ដែល​នៅ​សេសសល់​នៅក្នុង​ទឹកដី​ស្រុក​អន្លង់វែង ដែល​បាន​ដឹកនាំ​ថត​ដោយ អ៊ូច មករា ប្រធាន​ផលិតកម្ម Sleuk Rith Motion Picture នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ការបង្ហាញ​អំពី​តំបន់​អន្លង់វែង មិន​ត្រឹមតែ​ជា​គោលបំណង​មួយ​របស់​ភាពយន្ត​ឯកសារ​នេះ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ដើម្បី​លុបបំបាត់ និង​កែច្នៃ​ភាព​សាហាវឃោរឃៅ​របស់រប​ប​ខ្មែរក្រហម​ឲ្យ​ទៅជា​ស្មារតី​ជាតិ​រួមគ្នា​ថ្មី​មួយ ដែលមាន​យូរលង់​ដំណាលគ្នា​ទៅនឹង​ការកកើត​ព្រៃឈើ​នៅ​តំបន់​នេះដែរ​។ ឆ្មាំ​ព្រៃ គឺជា​ខ្សែ​ភាព​ដែលមាន​សុទិដ្ឋិនិយម ហើយនឹង​ការជឿជាក់​លើ​យុវវ័យ​ជំនាន់​ក្រោយ​ដែល​នឹង​យក​គំរូ​តាម​ព្រះ​តេជគុណ ប៊ុន សា​លួត ដែលជា​ការប្តេជ្ញា និង​មាន​ស្មារតី​ជាតិ​ក្នុងការ​អភិរក្ស​វប្បធម៌ និង​ធនធានធម្មជាតិ​របស់​កម្ពុជា​។ ឆ្មាំ​ព្រៃ នឹង​នាំ​អ្នកទស្សនា​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​ជីវចម្រុះ​នៃ​ព្រៃឈើ​។ ព្រៃឈើ​ដែល​ងាយ​រងគ្រោះ​នេះ​ត្រូវបាន​អនុញ្ញាតិ​ជា​ផ្លូវការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​រក្សា​ទៅជា​ព្រៃ​អភិរក្ស ដែល​ត្រូវបាន​ដាក់ឈ្មោះ​ជា​ផ្លូវការ​ថា «​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​»​។

​ព្រះ​តេជគុណ ប៊ុន សា​លួត គឺជា​ប្រធាន​សហគមន៍​បាន​មាន​សង្ឃដីកា​ថា ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​មាន​ទំហំ​សរុប ៣០,២៥៦ ហិកតា លាតសន្ធឹង​ក្នុងស្រុក​ចំនួន​បី រួមមាន ស្រុក​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង​។ ព្រៃ​នេះ​ត្រូវបាន​ចាត់​ចូល​ជា​ព្រៃ​ដែល​ទទួលបាន​ការពារ​តាមរយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ព្រះ​តេជគុណ ប៊ុន សា​លួត ដែលជា​មេគុណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែរនោះ មាន​សង្ឃដីកា​បន្ថែមទៀត​ថា តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត គឺជា​ព្រៃ​សេសសល់​ចុងក្រោយ​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ កាលពីមុន​តំបន់​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ត្រូវបាន​ទន្ទ្រាន និង​កាប់​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​នេះ​ចាប់ផ្តើម​រេចរឹល​បន្តិច​ម្តងៗ ហើយ​ជម្រក​សត្វព្រៃ​ក៏បាន​បាត់បង់​ជា​បណ្តើរៗ​ដែរ​។​ដូច្នេះ​ព្រះអង្គ​ក៏​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ថែរក្សា​ព្រៃ​នេះ​និង​បាន​បំពេញ​ឯកសារ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ក្រសួង និង​រដ្ឋាភិបាល ដើម្បី​សុំ​សិទ្ធិ​ការពារ ថែរក្សា និង​អភិរក្ស​តំបន់​ព្រៃ​សហគមន៍​នេះ ចាប់តាំងពី​ឆ្នាំ​២០០១ មក​។ ព្រះអង្គ​បង្កើត​កម្មវិធី​ផ្សេងៗ​តាមបែប​សាសនា​រួមមាន ការរៀបចំ​ពិធីបុណ្យ​ទាន ការ​បំបួស​ដើមឈើ​ដើម្បី​អប់រំ និង​ណែនាំ​ប្រជាជន​ក្នុង​សហគមន៍​អំពី​សារសំខាន់​នៃ​ព្រៃឈើ​។ សព្វថ្ងៃ ព្រះអង្គ​សង់​ទីស្នាក់ការ​ចំនួន​៧​កន្លែង​សម្រាប់​ឃ្លាំមើល​ព្រៃឈើ ដោយ​ទីស្នាក់ការ​នីមួយៗ​មាន​កម្លាំង​យាមល្បាត​ចំនួន​៣-៤​នាក់ រួមមាន ទាំង​ព្រះសង្ឃ​ដែរ​។

​ទោះបីជា​ជួប​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការបំពេញ​ការងារ​កន្ល​ង​មក​ក៏​ព្រះអង្គ​មិនដែល​មានចិត្ត​រុញ​រា​ឬ​ចង់​បញ្ឈប់​សកម្មភាព​របស់​ព្រះអង្គ​ដែរ ព្រោះ​ព្រះអង្គ​ស្រឡាញ់​ធម្មជាតិ និង​ចង់​អភិរក្ស​តំបន់​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ចម្រុះ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ មកពី​គ្រប់​ទីកន្លែង​ឲ្យ​ចូលមក​ដើរ​កម្សាន្ត​នៅក្នុង​ព្រៃ​នេះ​។ ជិត​២០​ឆ្នាំ​កន្លងមកនេះ ព្រះអង្គ​បាន​ខិតខំ​អភិរក្ស​តំបន់​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​នេះ ហើយ​ជា​លទ្ធផល សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​ក៏បានផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​អាស្រ័យ​ផល​ពី​អនុផល​ព្រៃឈើ​ក្នុង​តំបន់​នេះ​ចំនួន​៩​ភូមិ ស្មើនឹង​ជិត​មួយរយ​គ្រួសារ​។ ជាពិសេស តំបន់​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​នេះ ក៏បានផ្តល់​ជាទី​ជម្រក​ដល់​សត្វព្រៃ​ជាច្រើន​សន្ធឹកសន្ធាប់​ដែរ​។​ព្រះអង្គ​សង្ឃឹមថា​ប្រជាជន​កម្ពុជា​នឹងមាន​ការយល់ដឹង​ច្រើន​អំពី​សារសំខាន់​នៃ​ព្រៃឈើ ព្រោះ​ព្រៃឈើ និង​មនុស្ស​ត្រូវតែមាន​ទំនាក់ទំនង និង​អាស្រ័យ​ផល​គ្នា​ទៅវិញទៅមក​។ ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត នឹងត្រូវ​បានការ​ពារ និង​ថែរក្សា​ដោយ​យកចិត្តទុកដាក់​ដើម្បី​រក្សា​ទុកជា​សម្បត្តិ​ធម្មជាតិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​កាលពីមុន ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ក៏​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុមខ្មែរក្រហម​ដែរ​។ យោធា កម្មាភិបាល​ខ្មែរក្រហម និង​ប្រជាជន​ដែល​រត់​ភៀសខ្លួន​ពី​ការវាយប្រហារ​ពី​សំណាក់​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ បាន​រត់​មក​ប្រមូល​ផ្តុំគ្នា និង​រស់នៅ​ក្នុងព្រៃ​នេះ​។ ខ្មែរក្រហម​បាន​កេណ្ឌ​ប្រជាជន​រាប់ម៉ឺន​នាក់​ចូលមក​រស់នៅ​ក្នុងព្រៃ​នេះ និង​នៅលើ​ជួរ​ភ្នំ​ដងរែក (​លាតសន្ធឹង​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​) ឲ្យ​ចូល​ជា​យោធា​ដើម្បី​វាយ​ប្រយុទ្ធ​តទល់​នឹង​រដ្ឋាភិបាល​។ តំបន់​នេះ​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ​សម្រាប់​ក្រុមខ្មែរក្រហម​លាក់ខ្លួន ព្រោះ​សម្បូរ​ណ៍​ទៅដោយ​ព្រៃឈើ​ក្រាស់ៗ និង​ជួរ​ភ្នំ​វែង​អន្លាយ​។ នៅ​អំឡុង​ពេលនោះ ខ្មែរក្រហម​ក៏បាន​កាប់​ឈើ​ពី​ក្នុងព្រៃ​នេះ​ដើម្បី​យកមក​សាងសង់​ផ្ទះ​សម្រាប់​យោធា សង់​មូលដ្ឋានទ័ព ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ ក្រោយមក យោធា​ខ្មែរក្រហម​បានចាប់ផ្តើម​កាប់​ព្រៃឈើ​កាន់តែច្រើន​ក្នុង​គោលបំណង​ដោះដូរ​ស្បៀង គ្រឿងឧបភោគ និង​សម្ភារ​ប្រើប្រាស់ ជាមួយ​ឈ្មួញ​ថៃ ដែល​បណ្តាល​ឲ្យ​ព្រៃឈើ​ជាច្រើន​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ រួមមាន ស្រុក​អន្លង់វែង ស្រុក​សំរោង និង​ស្រុក​ចុងកាល់ បាត់បង់​ជា​បន្តបន្ទាប់​។

​ក្រោយមក ដោយសារ​តម្រូវការ​ឈើ និង​ការជួញដូរ​ឈើ​កាន់តែ​ច្រើនឡើង​ធ្វើ​ឲ្យ​ព្រៃ​នៅក្នុង​តំបន់​ព្រៃ​សហគមន៍​នេះ​ទទួលរង​គ្រោះ​កាន់តែខ្លាំង តាមរយៈ​ការកាប់​រំលំ ទោះបី​មាន​វិធានការ​ការពារ​ជា​បន្ត​បន្ទាប់ពី​អាជ្ញាធរ និង​រដ្ឋាភិបាល​ក៏ដោយ​។ ទោះបី​របប​ខ្មែរក្រហម​បាន​ដួលរលំ​អស់​រយៈកាល​៤០​ឆ្នាំ​ហើយ​ក្តី ក៏ប៉ុន្តែ​ការកាប់​ទន្ទ្រាន​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​យើង​រហូតមកដល់​សព្វ​ថ្ងៃនេះ​។ ព្រៃឈើ​នៅតាម​តំបន់​ផ្សេងៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​កាប់​រលំ​ពី​សំណាក់​អ្នកមានអំណាច​មួយចំនួន​ឈ្មួញ​អ្នកមាន​លុយ និង​តាមរយៈ​ការ​លួច​កាប់បំផ្លាញ​របស់​ប្រជាជន​មូលដ្ឋាន​ផ្ទាល់​។​ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សារាចរ​ណែនាំ​ទៅដល់​អភិបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន និង​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ម៉ត់ចត់​ចំពោះ​បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ ជាពិសេស​ទៅលើ​វិស័យ​ព្រៃឈើ និង​ជលផល​ដោយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ព្រៃឈើ​បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​មនុស្ស​និង​ជម្រក​សត្វព្រៃ​។ ព្រៃឈើ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ និង​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស​។ ព្រៃឈើ គឺជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ ដែល​ទំនាក់ទំនង​ជាមួយនឹង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស និង​សត្វ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​វិចារណញ្ញាណ ដើម្បី​ធានា​នូវ​តុល្យភាព​បរិស្ថាន ព្រមទាំង​ផ្តល់ឱកាស​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទទួលបាន​ផលប្រយោជន៍​ពី​ធនធាន​ទាំងអស់នេះ​។

​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​មិន​ត្រឹមតែ​រក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ​ដែលមាន​សម្រស់​ស្រស់បំព្រង​ពណ៌​បៃតង និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ព្រមទាំង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ផ្សារភ្ជាប់​ទៅនឹង​អំពើហិង្សា និង​ប្រវត្តិ​នៃ​ការកាប់សម្លាប់​ដ៏​ឃោរឃៅ​របស់​ក្រុមខ្មែរក្រហម​។ របប​ខ្មែរក្រហម​មិន​ត្រឹម​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​មនុស្ស ធម្មជាតិ និង សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​វប្បធម៌​និង​សាសនា​ផងដែរ ហើយ​ដែល​បន្ត​រហូតមកដល់​សព្វថ្ងៃ​។ ដូចគ្នា​នឹង​យន្តការ​នៃ​ការការពារ ការអភិរក្ស​ព្រៃឈើ និង​ការបង្ហាញ​ពី​សារសំខាន់​នៃ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម​ក៏​យើង​គួរ​ត្រូវ​លើកយក​ពិភាក្សា និង​រៀនសូត្រ​ដែរ​៕ ល​