​ឆ្លង​ឆ្នាំ​សកល​និង​ថ្ងៃបុណ្យ​ជ័យជម្នះ​៧​មករា​ខេត្តកំពត​នឹងមាន​ភាព​អធិកអធម​ជាង​ឆ្នាំមុន​

381

(​កំពត​)៖​ក្នុង​ស្មារតី​ចូលរួម​អបអ​សាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​និង​បុណ្យខួប​អនុស្សាវរីយ៍​លើក​ទី​៣៩​ទិវា​ជ័យជម្នះ​៧​មករា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ខាងមុខ អាជ្ញាធរ​ខេត្តកំពត​នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ដែលមាន​ទ្រង់ទ្រាយ​ធំ​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ​។​

​លោក​ចាន់​ចេស្តា​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ដើម្បី​អបអរសាទរ​ពិធី​ចូលឆ្នាំ​សកល​នាពេល​ដ៏​ខ្លី​ខាងមុខ​អាជ្ញាធរ​ខេត្តកំពត​នឹង​រៀបចំ​ពិធី​កម្សាន្ត​សប្បាយ​ជាច្រើន​ប្រភេទ​។​នា​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​មានការ​ប្រកួត​កីឡាបាល់ទាត់​វ័យ​ចំណាស់​អាស៊ាន​ជាមួយ​ក្រុមកីឡា​ខេត្តកំពត​។​លុះ​ពេលយប់​មាន​កម្មវិធី​ចាក់ធុងបាស់​រាំ​កម្សាន្ត​ជាមួយនឹង​ការផ្តល់​នូវ​ភេសជ្ជៈ​ស្រា​បៀរ​ជូន​ដល់​អ្នកចូលរួម​ពិសា​ដោយ​ឥតគិតថ្លៃ​។

លោក​អភិបាលខេត្ត​មានប្រសាសន៍​បន្តថា​រីឯ​នៅលើ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​នឹងមាន​ការប្រគំ​តន្ត្រី​រាំលេង​កម្សាន្ត​នា​យប់​ថ្ងៃទី​៣០ និង​ថ្ងៃទី​៣១ ខែធ្នូ ព្រមទាំង​ផ្តល់ជូន​ភេសជ្ជៈ​សម្រាប់​អ្នកចូលរួម​ដូចគ្នា​ដែរ​។

លើសពីនេះ ចាប់ពី​វេលា​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ​រហូតដល់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅលើ​សួនច្បារ​មុខ​សាលាខេត្ត និង​តាម​បណ្តោយ​ឆ្នេរ​ព្រែក​កំពង់បាយ​ក៏មាន​ពិធី​ជួបជុំ​សម្រាប់​មន្ត្រីរាជការ​មក​ពី​បណ្តា​មន្ទីរ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ដើម្បី​ពិសា​អាហារ​រួមគ្នា ក៏ដូចជា​ធ្វើ​ពិធី​រាប់​ថយក្រោយ ព្រមទាំង​ការបាញ់​កាំជ្រួច​អំណរ​សាទរ​ឆ្នាំ​ថ្មី​ចូលមក​ដល់​។

​ដោយឡែក​នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ឯណោះ​វិញ​ក្រុមហ៊ុន​សុខាអូតែល​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ក៏​នឹងមាន​ការជួបជុំ​ធំ​ដើម្បី​ធ្វើ​ពិធី​អំណរ​សាទរ​ឆ្នាំ​ថ្មី​ដូចគ្នា​ដែរ​។ លោក​ចាន់ ចេស្តា​បាន​មានប្រសាសន៍​បន្តថា​លុះ​ប្រាំមួយ​ថ្ងៃក្រោយ ពោលគឺ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៨​ក្នុង​ពហុ​កីឡដ្ឋាន​ខេត្ត​នឹងមាន​ពិធី​កម្សាន្ត​បន្តបន្ទាប់​ទៀត​ធ្វើឡើង​ក្នុងន័យ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩​ទិវា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​។​

គ្រានោះ​នឹងមាន​ការប្រកួត​កីឡាបាល់បោះ​បាល់ទះ​ប៉េតង់​ទាញ​ព្រ័​ត្និ​ង​ការប្រកួត​បាល់ទាត់​វគ្គ​បញ្ចប់​សម្រាប់​ពានរង្វាន់​ស៊ី​វី​១១​ធួរ​(CV11Tours)​រៀបចំឡើង​ដោយ​លោក​ចាន់​វឌ្ឍនាកា​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៧​ជា​លំដាប់លំដោយ​មក​។ លោក​អភិបាលខេត្ត​បាន​ប្រាប់​ឱ្យដឹងទៀតថា​កីឡាករ​កម្ពុជា​លំដាប់​អន្តរជាតិ​បង្កើត​ពានរង្វាន់​នោះ​ឡើង​ដើម្បី​អបអរ​ទិវា​បុណ្យជាតិ​៧​មករា បន្ទាប់ពី​កីឡាករ​រូបនេះ​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន​នាពេល​ថ្មីៗ​។

ក្នុង​ថ្ងៃ​ប្រគល់​រង្វាន់​ជ័យលាភី CV11Tours លោក​ចាន់ វឌ្ឍនាកា​នឹង​នាំយក​កីឡាបាល់ទាត់​ជប៉ុន​ប្រាំ​ទៅ​ប្រាំមួយ​នាក់មក​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុមកីឡា​ខេត្តកំពត​ដើម្បី​ផ្តល់​បទពិសោធន៍​សម្រាប់​ក្រុមយុវជន​ដែល​កំពុង​ហ្វឹកហ្វឺន​លើ​ជំនាញ​ផ្នែក​បាល់ទាត់​នេះ​។
​លោក​ចាន់​ចេស្តា​ក៏បាន​ប្រាប់​ឱ្យដឹងថា​ជាមួយនឹង​កម្មវិធី​សប្បាយៗ​បន្តបន្ទាប់​គ្នា​នោះអាជ្ញាធរ​ខេត្ត​ក៏​មិន​ភ្លេច​នូវ​ការ​គិ​គូរ​ពី​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ដែរ​។​

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​បាន​ប្រជុំពិភាក្សា​និង​ដាក់​ផែនការ​រួចរាល់​ហើយ​ក្នុង​ការដាក់​កម្លាំង​តាម​គោលដៅ​នានា​ត្រៀម​ចេញ​អន្តរាគមន៍​រក្សា​ការពារ​ក្តី​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​ក្នុងករណី​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​និង​ទេសចរ​ជិត​ឆ្ងាយ​អញ្ជើញ​មក​ចូលរួម​ដើម្បី​ទទួលយក​ភាពសប្បាយ​រីករាយ​ទាំងអស់គ្នា​។

ជាមួយគ្នានេះ​លោក​ចាន់​ចេស្តា​បាន​អំពាវ​ដល់​ពលរដ្ឋ​ក្នុង​ក្រុង​ក៏ដូចជា​ភ្ញៀវ​មក​កម្សាន្ត​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​ជួយ​ចូលរួម​រក្សា​អនាម័យ បរិស្ថាន​ដើម្បី​ស័ក្តិ​សមជា​អ្នករស់នៅ​ក្នុងសង្គម​ស៊ី​វិ​ល័យ​៕S/​ដោយ​៖​បូកគោ​

​ឆ្លង​ឆ្នាំ​សកល​និង​ថ្ងៃបុណ្យ​ជ័យជម្នះ​៧​មករា​ខេត្តកំពត​នឹងមាន​ភាព​អធិកអធម​ជាង​ឆ្នាំមុន​