បណ្ឌិត សុខ ទូច បកស្រាយ​ថាបើ​តាម​ផែនទី ភូមិកំណើត​របស់​សម្តេច ហេង សំរិន ស្ថិតនៅក្នុង​ទឹកដី​វៀតណាម​

641

(​ភ្នំពេញ​)៖ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានអោយដឹងថា​បើតាម​ផែនទី ភូមិកំណើត​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា មិនមែន​ស្ថិតនៅក្នុង​ទឹកដី​របស់​កម្ពុជា​ទេ គឺ​ស្ថិតនៅក្នុង​ទឹកដី​របស់​វៀតណាម​។

​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​អ្នកកាសែត​ថា​កន្លងមក​មានការ​លើក​ឡើង​ថា​ទ័ព​វៀតណាម​ចូលមក​ឈរជើង​ក្នុងភូមិ​របស់​សម្តេច​ហេង សំរិន​ដូច​កងទ័ព​ឡាវ​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​ក្នុង​ខេត្តស្ទឹងត្រែង​នោះ លោក​បណ្ឌិត សុខ ទូច បាន​ថ្លែង​តប​ថា ការ​គិតថា​ភូមិ​​កំណើត​សម្តេច ហេង សំរិន ស្ថិតក្នុង​ដី​កម្ពុជា​នោះ គឺ​យល់​ខុស​ដោយសារតែ​ជំនាន់​មុន​ប្រជាពលរដ្ឋ​កម្ពុជា​-​វៀតណាម​នៅតាម​បណ្តោយ​ព្រំដែន​រស់នៅក្នុង​ភូមិ​នោះ​ជា​យូរ​មកហើយ​នៅ​តំបន់​នោះ តែ​ដល់ពេល​យក​ផែនទី​មក​មើល​ទើប​ដឹងថា​វា​ស្ថិតនៅក្នុង​ទឹកដី​វៀតណាម​។​

​លោក​បណ្ឌិត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​និយាយ​ហ្នឹង​ខុស​ហើយ សម្ដេច ហេង សំរិន ទេ ដែលជា​អ្នកយក​ដី​វៀតណាម​នៅ​នោះ​…​ពី​​ព្រោះ ទម្លាក់​ផែនទី​ទៅ ដី​របស់​សម្ដេច ហេង សំរិន បាន​ទៅលើ​វៀតណាម ប៉ុន្ដែ​គាត់​នៅ​យូរហើយ​»​។​

​សួរ​ថាប់​ស្ថិតនៅក្នុង​ទឹកដី​វៀតណាម ហេតុអ្វី​បានជា​ប្រជាជន​ខ្មែរ​អាច​រស់នៅ​ទីនោះ​បាន​ ​ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​-​វៀតណាម នាពេល​កន្លង​ទៅបាន​ព្រមព្រៀង​ធ្វើការ​ដោះដូរ​ដី​មួយចំនួន​នៅតាម​បណ្តោយ​ព្រំដែន ដើម្បី​ងាយស្រួល​នៅក្នុង​ការរៀបចំ​និង​បោះ​​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ តាម​ការអះអាង​របស់​មន្ត្រី​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​កន្លងមក បានឱ្យដឹងថា​ក្នុងការ​ដោះ​​ដូរ​នេះ​ដី​មួយចំនួន របស់​វៀតណាម​ក៏បាន​កាត់​ចូលមក​កម្ពុជា ហើយ​ដី​មួយចំនួន​របស់​កម្ពុជា ក៏ត្រូវ​បានកា​ត់ទៅ​វៀតណាម​ផងដែរ​។​ ​

​ការអះអាង​របស់លោក សុខ ទូច យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត នៅ​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧​នេះ ស្ដីពី​ស្ថានភាព​ព្រំដែន​កម្ពុជា នៅ​ចំណុច​អូរ​អាឡៃ និង តំបន់​អូរ​តា​ង៉ាវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​ក្រោយ​ការដក​កង​​ទ័ព​ឡាវ​។​

​លោក​សុខ ទូច ប្រធាន​រា​ជប​ណ្ឌ​ត្យ​សភា បាន​អះអាងថា​លោក​នឹង​ជំរុញ​ឲ្យ​មានការ​ចងក្រង​សៀវភៅ​និយាយ​អំពី​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​​ដើម្បី​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ បង្ហាញ​ពី​ជោគជ័យ​កម្ពុជា ដែល​បាន​ប្រើ​នយោបាយ​ការទូត​ដេញ​ឡាវ​ឲ្យ​ចេញពី​ទឹកដី​នៅ​តំបន់​អូ​អាឡៃ​។​
​ ​
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១៨ ខែសីហា​នេះ លោក​ប្រធាន​រាជបណ្ឌិត្យសភា ដែល​ទើបតែ​ឡើងកាន់តំណែង​ថ្មីៗ​នេះ​បាន​​និយាយថា សៀវភៅ​ទំនាស់​ព្រំដែន​កម្ពុជា​-​ឡាវ នេះ មាន​ចំនួន​ជាង​១០០​ទំព័រ ហើយ​ត្រូវ​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​រយៈពេល​២​ខែ​ខាងមុខនេះ​។
​ ​
​បើតាម​លោក សុខ ទូច សៀវភៅ​ព្រំដែន​កម្ពុជា​-​ឡាវ នេះ គឺ​នឹង​រៀបរាប់​អំពី​សកម្មភាព​ឈ្លានពាន​របស់​កងកម្លាំង​ប្រដាប់អាវុធ​ឡាវ ក្នុង​តំបន់​អូ​អាឡៃ​ប្រទេស​កម្ពុជា ។ ជាពិសេស​សកម្មភាព​ក​ម្ពុ​ជា ដែល​បាន​បណ្ដេញ​ទាហាន​ឡាវ ឲ្យ​ចេញពី​ទឹកដី​ដោយ​សន្តិវិធី​ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ​នៃ​នយោបាយ​ការទូត​របស់​រដ្ឋាភិបាល​កម្ពុជា​។
​ ​
​លោក សុខ ទូច ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ទំនាស់​កម្ពុជា​-​ឡាវ​នោះ​ចាត់ទុក​ការបណ្ដេញ​ឡាវ​ចេញពី​ទឹកដី​​កម្ពុជា​នេះ គឺជា​ជ័យជម្នះ​ពិតប្រាកដ ដោយ​មិនមែនជា​រឿង​សប្ប​និម្មិត ដែល​រដ្ឋាភិបាល​បង្កើត​ឡើង​ដើម្បី​កេងចំណេញ​នយោបាយ​អ្វី​នោះឡើយ​។ មូល​ហេតុដែល​ប្រធាន​រាជបណ្ឌិត្យសភា ហ៊ាន​អះអាង​បែបនេះ ព្រោះ​លោក​មាន​ទឡ្ហីករណ៍​មួយចំនួន​ដែល​បង្ហាញ​ពីស​កម្ម​​ភាព​ឡាវ​ឈ្លានពាន​ទឹកដី​កម្ពុជា រួមមាន ឡាវ​បាន​ជីក​លេណដ្ឋាន​ត្រៀមប្រយុទ្ធ​ជាមួយ​កម្ពុជា​, សង់ផ្ទះ ចិញ្ចឹមសត្វ (​ស្បៀង​)​និង​កាត់ផ្ដាច់​​ប្រភពទឹក មិន​ឲ្យ​កម្ពុជា​ប្រើប្រាស់​ជាដើម​៕​ដោយ​៖​វិបុល​-​វាសនា​