​ឆ្លៀត​បាយ​មួយពេល ជាមួយ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​

693
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: មិនមែន​ដាច់បាយ​ទេ តែ​ដោយ​រវល់​ធ្វើការ ចង់​ដាច់​ម៉ោង ខ្ជិល​ទៅផ្ទះ ឆ្លៀត​បាយ​ថ្ងៃត្រង់​មួយពេល ជាមួយ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ។​

នេះ​ជាការ​ហូបបាយ​មួយពេល ដោយ​មិន​មានការ​ព្រាងទុក តែ​ទោះជា​យ៉ាងណា ក៏​ត្រូវតែ​អញ្ជើញ​ប្រមុខ​កីឡា​ជម្រើសជាតិ ឲ្យ​មកជា​មួយ​ដែរ បើ​មិន​ដូច្នោះ​ទេ ចុងភៅ មិន​អនុញ្ញាត​ឲ្យ​ឡើយ ព្រោះ​គ្មាន​ប័ណ្ណ ជា​កីឡា​ជម្រើសជាតិ ។ សម្រាប់​កីឡាករ​ជម្រើសជាតិ ដែល​បានទទួល​អាហារ​មួយថ្ងៃ ៣ ពេល ក្នុង​ទំហំ​ទឹកប្រាក់ ១១ ដុល្លារ ឬ ៤៤.០០០ រៀល ។​

​ជា​កិត្តិយស​ដែរ ដែល​អាហារ​មួយពេល​នេះ មានការ​ចូលរួម ពី​សំណាក់​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កញ្ញា អ៊ួ​ក ក​ន្និ​ថា ដែលជា​ជំនួយការ​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ដែលជា​សមាជិក​មួយរូប ដែលមាន​ភារកិច្ច​ត្រួតពិនិត្យ ពី​គុណភាព​អាហារ សម្រាប់​ក្រុម​កីឡាករ​ជម្រើសជាតិ ។​

បាយ​មួយពេល ជាមួយ​មេ​កីឡា​ជម្រើសជាតិ​

​អាហារ​ថ្ងៃត្រង់​មួយពេល​នេះ មាន​ម្ហូប ៣ មុខ តាម​ទម្លាប់​ធម្មតា ដែល​ក្នុងនោះ មាន​សម្លម្ជូរគ្រឿង​សាច់គោ លាយ​ប្រហិត ខ​ទំពាំង​សាច់ជ្រូក ឆា​ស្ពៃចង្កឹះ​គ្រប​ពង​ទា និង​បង្អែម​ផ្លែ​ចេក ។ បើ​ពេលព្រឹក គឺ​ធ្វើ​តាមរបៀប​អាហារ ពេលព្រឹក តែមាន​បន្ថែម​ទឹកដោះគោឆៅ ។​

​កញ្ញា អ៊ួ​ក ក​ន្និ​ថា បាន​ឆ្លៀត​ប្រាប់​ឲ្យ​ដឹងថា សម្រាប់​អាហារ​នេះ កីឡាករ​-​កីឡាការិនី ភាគច្រើន គឺ​ត្រូវ​បន្ថែមទៀត តែ​មិន​សំខាន់ ព្រោះ​ពួកគេ អាច​បរិភោគបាន ដោយ​គ្មាន​បញ្ហា តែបើ​មិនមែន ជា​អ្នកកីឡា ម្ហូប​នេះ អាច​បរិភោគ​មិន​អស់​នោះទេ ។​

​លោក ប៉ុន សុខ ដែលជា​ប្រមុខ​កីឡា​ជម្រើសជាតិ​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បាន​ធ្លាប់​មក​ភ្លក្ស​ម្ដង​ដែរ លោក​ទទួលស្គាល់ថា ជា​អាហារ​ដែល​អាច​ទទួលយក​បាន ពិសេស​អាហា មាន​អនាម័យ ស្លាបព្រា សម ស្រុស​ដោយ​ទឹក​ក្ដៅ​។​

​ទោះជា​យ៉ាងណា ក៏មាន​អ្នកខ្លះ គេ​មិន​ពេញចិត្ត និង មិនសូវ​ពេញចិត្ត ចំពោះ​អាហារ​នេះ ដោយ​គេ​ចង់បាន​លុយ យកទៅ​ធ្វើ​ម្ហូប ដោយ​ខ្លួនឯង ។​

បាយ​មួយពេល ជាមួយ​មេ​កីឡា​ជម្រើសជាតិ​

​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់មាន​ប្រសាសន៍ថា រយៈពេល ៤ ឆ្នាំ ដែល​ក្រសួង ប្ដូរ​ឲ្យ​គេ​យកលុយ ទៅធ្វើ​ហូប​ខ្លួនឯង​នោះ មេដាយ​ស៊ី​ហ្គេម ធ្លាក់ចុះ ។ នេះ​អាច​ដោយសារតែ គេ​បរិភោគ​អាហារ ដែល​មិនសូវមាន​កាឡូរី ធ្វើ​ឲ្យ​គេ​មិនសូវមាន​កម្លាំង ក្នុងការ​ហ្វឹកហាត់ ។​

​លោក ប៉ុន សុខ ទទួលស្គាល់ថា កីឡាករ​ជម្រើសជាតិ ដែល​ហូបចុក នៅ​មជ្ឈមណ្ឌល ទាំង​កីឡាករ​ជម្រើសជាតិ ទាំង​កីឡាករ​ជម្រើសជាតិ​ថ្នាល មាន​ចំនួន ៦០០ នាក់ ហេតុនេះ ការធ្វើ​ម្ហូប​តម្រូវ​ចិត្ត​មនុស្ស ចំនួន​ច្រើន​ប៉ុណ្ណេះ គឺ​ជៀស​មិន​ផុតពី​ការមិន​ពេញចិត្ត​ខ្លះ​ហើយ​។​

​លោកនាយក​មជ្ឈមណ្ឌល បាន​អះអាងថា បើ​នរណា ចង់​ឆ្មក់​មក​ភ្លក្ស​ម្ហូប​របស់​កីឡាករ​ជម្រើសជាតិ គឺអាច​ឆ្មក់​បាន តែ​សំខាន់​ចុងភៅ មិន​ផ្ដល់​ឲ្យ តែ​គេ​អាចទាក់ទង មក​លោក នៅពេលដែល​គេ មកដល់​អាហារ​ដ្ឋា​ន ដើម្បី​កុំ​ឲ្យ​គេ​ចោទ​លោក​ថា រៀបចំ​ត្រៀម​ទុកជាមុន ។​

​លោក​ក៏​ប្រកាស​ដែរ​ថា គ្រូបង្វឹក ឬ​អគ្គលេខាធិការ​សហព័ន្ធ – ប្រធាន​សហព័ន្ធ អាចមក​សាក​អាហារ របស់​កីឡាករ​ជម្រើសជាតិ បាន​គ្រប់ពេល ។ លោក​ស្វាគមន៍​ជានិច្ច ៕v