ដោយៈមុនីរ័ត្ន/ភ្នំពេញៈមានជនខិលខូចបានប្រើប្រាស់ឈ្មោះរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីហៅទូរស័ព្ទទៅមន្ត្រីរាជការមួយចំនួន និងឧកញ៉ា ដើម្បីរៃអង្គាសលុយ។
ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា ក៏បានស្នើសុំទៅនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវនិងចាត់វិធានការចំពោះជនខិលខូចដែលបានប្រើឈ្មោះរបស់លោកក្នុងការរៃអង្គាសលុយនេះ។
យោងតាមលិខិតរបស់លោក សុខ ចិន្តាសោភា ដាក់ជូនអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា ថ្មីៗនេះមានជនខិលខូចបានប្រើឈ្មោះរបស់លោក ហៅទូរស័ព្ទទៅរៃអង្គាសថវិកាពីសប្បុរសជនមួយចំនួន ដើម្បីទិញក្រមាសារុងចែកជូនប្រជាពលរដ្ឋ។
ជនខិលខូចនោះបានប្រើលេខទូរស័ព្ទ ០៩៩ ៨១៦ ១៧០ ហៅទៅលោកស្រី ជា ផល្លា អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដើម្បីរៃអង្គាសថវិកាចំនួន ៣ពាន់ដុល្លារ។ដោយយកហេតុផល ជាការបរិច្ចាគ សម្រាប់ពិធីបញ្ចុះបឋមសិលា និងបានប្រើលេខទូរស័ព្ទដដែលនេះ ហៅទៅឧត្តមសេនីយ៍ម្នាក់ នៅខេត្តត្បូងឃ្មុំ ដើម្បីសុំថវិកាចំនួន ២ពាន់ដុល្លារ។
លិខិតដដែលបានបន្តថា ចុងក្រោយនេះជនខិលខូចបានប្រើប្រាស់លេខទូរស័ព្ទ ០៧៨ ៨២៨ ១០២ ហៅទៅលោកឧកញ៉ា ជៀម ផែន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ជាច្រើនលើក ។ដោយបញ្ជាក់ថាខ្លួន ជាលោក សុខ ចិន្តាសោភា សុំក្រមាគិតជាទឹកប្រាក់ស្មើនឹង ២ ពាន់ដុល្លារ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅស្នួល។
ដោយមានការសង្ស័យ លោកឧកញ៉ា ជៀម ផែន ពុំបានផ្ញើថវិកាតាមវីងទៅឱ្យជនខិលខូចនោះទេ ហើយលោកឧកញ៉ាបានផ្តល់ដំណឹងនេះ មកសហការីរបស់លោក សុខ ចិន្តាសោភា ដើម្បីជាការបញ្ជាក់។លោក សុខ ចិន្តាសោភា បានចាត់ទុកសកម្មភាពនេះ មានការប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់លោក និងអាចប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃ ដោយលោកបានស្នើឱ្យលោក នេត សាវឿន ស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់៕S/