​ជនជាតិ​ជង​ខ្នងភ្នំ​នៅ​ស្រុក​វាលវែង​

1700
ចែករម្លែក

ដោយ​: សុខ វណ្ណៈ បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​
​ភ្នំពេញៈ ជនជាតិ​ជង​ខ្នងភ្នំ​បាន​ប្រមូល​ផ្តុំគ្នា និង​រស់នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ តាំងពី​យូរលង់​ណាស់​មកហើយ​។ ជនជាតិ​ជង​ប្រកបមុខរបរ​ដាំ​ស្រូវ និង​ធ្វើ​ចម្ការ​នៅក្នុង​ព្រៃ​។ ជនជាតិ​ជង​ប្រើ​ភាសា​ខ្មែរ ដោយ​គ្រាន់តែ​មានសំនៀង​ខុសប្លែកគ្នា​ជាមួយ​ជនជាតិខ្មែរ​បន្តិច​។​កាលដើមឡើយ​មានការ​តំណាល​តៗ គ្នា​មក​ថា ជនជាតិ​ជង​ខ្នងភ្នំ គឺជា​ខ្មែរ​ដើម​។ នៅក្នុង​សម័យ​អាណានិគម​បារាំង ជនជាតិ​ជង​ដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ក៏ត្រូវ​បារាំង​បង្ខំ​ឲ្យ​បង់ពន្ធ​ប្រចាំឆ្នាំ​ដូច​ជនជាតិខ្មែរ​ដែរ ដូច្នេះ​ជនជាតិ​ជង​ដែល​មិនមាន​ប្រាក់​ក៏​នាំគ្នា​រត់​ចូល​រស់នៅ​ក្នុងព្រៃ​ជ្រៅ​ជាមួយ​សត្វ​ខ្លា​ដំរី​ដើម្បី​គេចខ្លួន​ពី​បារាំង​។ ជនជាតិ​ជង​ដែល​បាន​ទៅ​រស់នៅ​ក្នុងព្រៃ​ដំបូង បាន​ប្រមូល​ផ្តុំគ្នា និង​រស់នៅ​ជា​ក្រុម​តូចៗ​ដែលមាន​សមាជិក​ចាប់ពី​២០ ទៅ​៣០​គ្រួសារ​។ ក្រោយមក​ជនជាតិ​ជង​បាន​កើនឡើង​រហូតដល់​រាប់រយ​គ្រួសារ និង​បា​នប​ង្កី​ត​ចេញ​ជា​ភូមិ​ផ្សេងៗ​នៅក្នុង​ស្រុក​វាលវែង​ដែលជា​តំបន់ភ្នំ​ដាច់ស្រយាល​ពិបាក​ក្នុងការ​ធ្វើដំណើរ និង​មាន​ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តពោធិ៍សាត់​។

​ឡាង ទូញ អាយុ​៦៨​ឆ្នាំ មាន​ប្តី​ឈ្មោះ សោម អាយុ​៨៣​ឆ្នាំ គឺជា​ជនជាតិ​ជង​ខ្នងភ្នំ រស់នៅ​ភូមិ​អូរ​សោម ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិសាត់ បាន​រៀបរាប់ថា កាលពី​សម័យ​បារាំង ជនជាតិ​ជង​ខ្នងភ្នំ​មាន​ជីវភាព​ខ្វះខាត និង​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ប្រកបមុខរប​រ​រកស៊ី និង​ធ្វើដំណើរ​។ ជនជាតិ​ជង​ទាំងនោះ ត្រូវ​ចំណាយពេល​បួន​ទៅ​ប្រាំ​ថ្ងៃ​ទើប​ទៅដល់​ផ្សារ​នៅក្នុង​ទឹកដី​ថៃ ឬ​ផ្សារ​នៅ​ទី​រួម​ខេត្តពោធិ៍សាត់​ដើម្បី​ទិញ​របស់របរ​ប្រើប្រាស់ និង​អាហារ​។ ខ្ញុំ​មាន​មានកូន​៧​នាក់ ស្រី​២​នាក់ ប្រុស​៥​នាក់ ប៉ុន្តែ​កូន​របស់ខ្ញុំ​ចំនួន​៥​នាក់​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម និង​ក្រោយពេល​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ស៊ុំ ម្តាយ​ឈ្មោះ ម៉ុ​យ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​តា​តៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង​។ ខ្ញុំ​បានរស់នៅ​ជាមួយ​ឪពុកម្តាយ​របស់ខ្ញុំ​តាំងពី​តូច​រហូតដល់​ធំ​ពេញវ័យ​នៅក្នុង​ព្រៃ​។ ឪពុក​របស់ខ្ញុំ​បាន​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ ចិញ្ចឹមសត្វ និង​រស់នៅ​ក្នុងព្រៃ​ជាមួយ​ជនជាតិ​ជង​ជាច្រើន​គ្រួសារ​ទៀត​។ នៅ​ក្នុងភូមិ​របស់ខ្ញុំ​មិនមាន​ផ្លូវធំ​សម្រាប់ធ្វើ​ដំណើរ​ទេ គឺ​មានតែ​ផ្លូវ​ថ្មើរជើង​តូចៗ​ប៉ុណ្ណោះ​។ នៅ​សម័យ​សង្គមរាស្ត្រនិយម ខ្ញុំ​បាន​ចូល​នៅ​សាលាបឋមសិក្សា​ក្នុងភូមិ​ត្រពាំង​ខ្នា រហូតដល់​ថ្នាក់​ទី​៨ (​ចាស់​)​។ បន្ទាប់ពី​ឈប់រៀន ខ្ញុំ​បាន​ជួយ​មើល​ប្អូនៗ​នៅផ្ទះ និង​ជួយ​ឪពុកម្តាយ​កាប់​ដីចម្ការ​ដាំ​ស្រូវ​សម្រាប់​ហូប​ក្នុង​គ្រួសារ​។ ចំណែក​ជនជាតិ​ជង​ប្រុសៗ​ដែលមាន​វ័យ​ចំណាស់​ភាគច្រើន​បាន​ចូល​ព្រៃ​ចៀរ​ជ័រ រក​ខ្លឹម​ចន្ទ បោច​វ​ល្លិ៍ រក​ដើម​ក្រវ៉ា​ញ ឬ​ផ្លែ​ក្រវ៉ា​ញ​យកទៅលក់​នៅ​ប្រទេស​ថៃ ដើម្បី​យកប្រាក់​ទិញ​អំបិល​ប្រហុក​យកមក​ហូប​។ ជនជាតិ​ជង បាន​ប្រមូល​ភោគផល​ព្រៃឈើ​រយៈពេល​ពីរ​ខែ​ទៅ​បី​ខែ​ទើប​យកទៅលក់​ម្តង​។ មុននឹង​ចេញទៅ​លក់​ភោគផល​ទាំងនោះ ជនជាតិ​ជង​ត្រូវ​ប្រមូល​សមាជិក​ចាប់ពី​១០​គ្រួសារ​ឡើងទៅ បន្ទាប់មក​នាំគ្នា​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង ឬ​ជិះ​ដំរី​រហូតដល់​ស្រុកថៃ​។ ប៉ុន្តែ​ខ្ញុំ​មិនដែល​បាន​ទៅជា​មួយ​អ្នក​ទាំង​នោះទេ​។
​កាលពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ធ្លាប់​ឃើញ​ជនជាតិ​បារាំង​ជិះសេះ​ចូលមក​ក្នុងភូមិ​ដែរ​។ នៅពេល​ឃើញ​ជនជាតិ​បារាំង​ទាំងនោះ ចាស់ៗ និង​យុវជន​នៅក្នុង​ភូមិ​ក៏​នាំគ្នា​គេច​ចូលទៅ នៅក្នុង​ព្រៃ ព្រោះ​ខ្លាច​បារាំង​ចាប់​បង់ពន្ធ​។ អ្នក​ទាំង​នោះបាន​សម្ងំ​នៅក្នុង​ព្រៃ និង​រង់ចាំ​រហូតដល់​បារាំង​ចេញទៅ​វិញ​អស់ ទើប​នាំគ្នា​ចូលមក​ភូមិ​វិញ​។​

​នៅ​ឆ្នាំ​១៩៦៦ ឪពុកម្តាយ និង​ចាស់ទុំ​នៅក្នុង​ភូមិ​បានរៀបចំ​ទុកដាក់​ឲ្យ​ខ្ញុំ​មាន​ប្តី ហើយ​កូន​ក​ម្លោះ​ក៏​មិន​ក៏​មែន​ជា​អ្នកភូមិ​ឆ្ងាយ​ដែរ គឺ​គាត់​រស់នៅ​ក្នុងព្រៃ​ក្បែរ​ខ្ញុំ​ដែរ​។ ពិធី​រៀបការ​របស់ខ្ញុំ​ប្រព្រឹត្ត​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​តាម​ព្រះពុទ្ធ​សា​នា​។ កាលនោះ​ប្តី​របស់ខ្ញុំ​មិនមាន​បណ្ណាការ​ជូន​ខ្ញុំ​ដូច​សព្វថ្ងៃ​ទេ គឺ​ខាង​ប្តី​របស់ខ្ញុំ​មានតែ​ជ្រូក មាន់ ទា សម្រាប់ធ្វើ​ម្ហូប​ហូប​ជុំគ្នា​ប៉ុណ្ណោះ​។ បន្ទាប់ពី​រៀបការ​រួច យើង​បាននាំគ្នា​សង់ផ្ទះ​តូច​រស់នៅ​បែក​ពី​ឪពុកម្តាយ និង​ប្រកបមុខរបរ​កាប់​ដីចម្ការ​ដាំ​ដំណាំ​ខ្លួនឯង​។ កាលពី​សម័យ​នោះ ដើមឈើ​មាន​ទំហំ​ធំៗ​ដុះ​នៅក្នុង​ព្រៃ ប៉ុន្តែ​ជនជាតិ​ជង​គ្មាន​សម្ភារ និង​ឧបករណ៍​ដើម្បី​កាប់​ដើមឈើ​ទាំងនោះ​យកមក​សង់ផ្ទះ​ទេ​។ រីឯ​សត្វព្រៃ​វិញ​ក៏​សម្បូរ​ដែរ ប៉ុន្តែ​ជនជាតិ​ជង​បរបាញ់​សម្រាប់តែ​ចែកគ្នា​ហូប​ប៉ុណ្ណោះ គឺ​មិន​បរបាញ់​យកទៅ​លក់ដូ​រ​ទេ​។​

​នៅពេល​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៧០ ជនជាតិ​ជង​បានរស់នៅ និង​ប្រក​បរបរ​ដាំ​ដំណាំ​នៅក្នុង​ព្រៃ​ធម្មតា​។ បន្ទាប់មក ទើប​មាន​កងកម្លាំង​រំដោះ​ខ្មែរក្រហម​ចូលមក​ឃោសនា​នៅក្នុង​ភូមិ ហើយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ក៏​មក​ទម្លាក់​ដែរ ប៉ុន្តែ​សំណាងល្អ​យន្តហោះ​នោះ​ទម្លាក់​តែ​ក្នុងព្រៃ​ជ្រៅ និង​ភ្នំ​ទើប​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជនជាតិ​ជង​។ ខណៈនោះ​មាន​ជនជាតិ​ជង​មួយចំនួន​បាន​ស្ម័គ្រ​ចូល​បម្រើ​យោធា​ខ្មែរក្រហម ហើយ​ខ្លះទៀត​បាន​ចូល​បម្រើកងទ័ព លន់ នល់​។​

​នៅពេល​យោធា​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច នៅ​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បានប្រកាស​ប្រាប់​ប្រជាជន​ក្នុងភូមិ​ប្រមូល​ទ្រព្យសម្បត្តិ​មក​ដាក់​រួម ធ្វើការ​ងារ​រួម និង​ហូបបាយ​រួម​នៅតាម​សហករណ៍​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​សហករណ៍ ចំណែក​ប្តី​របស់ខ្ញុំ​ធ្វើជា​ប្រធាន​កងឈ្លប​។ ការងារ​របស់ខ្ញុំ​គឺ​ដឹកនាំ​ប្រជាជន​ក្នុងភូមិ​ធ្វើការ និង​ដឹកនាំ​ការប្រជុំ​។ ជំនាន់​នោះ​ប្រជាជន​ត្រូវធ្វើ​ការងារ​ធ្ងន់ធ្ងរ និង​មិនមាន​អាហារ​ហូប​គ្រប់គ្រាន់​ឡើយ ទើប​បណ្តាល​ឲ្យ​អ្នកខ្លះ​ស្លាប់ និង​កើត​ជំងឺ​ហើម​។ នៅក្នុង​អំឡុង​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៧ ប្រជាជន ១៧ មេសា ត្រូវបាន​យោធា​ខ្មែរក្រហម​ធ្វើបាប ចោទប្រកាន់ និង​យកទៅ​សម្លាប់ចោល​អស់​ជាច្រើន​។

​នៅ​ឆ្នាំ​១៩៧៧ ដដែល អង្គការ​បាន​ផ្លាស់​ខ្ញុំ​ពី​ប្រធាន​សហករណ៍​ឲ្យ​ទៅធ្វើ​ការ​ជាមួយ​ប្តី​របស់ខ្ញុំ​ដែល​ត្រូវបានចាត់តាំង​ទៅជា​សមាជិក​ស្រុក​ថ្មបាំង ខេត្តកោះកុង ក្នុង​តំបន់​៣៧ ភូមិភាគ​បស្ចិម ដែលមាន​ឈ្មោះ ប៉ន គឺជា​គណៈ​តំបន់ និង ឈ្មោះ ចាន់ ស៊ី គឺជា​គណៈ​ភូមិភាគ ។​

​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​និង​ប្តី​បាន​រត់​បែក​ពី​កូន ឪពុកម្តាយ ចូល​ព្រៃ​ជាមួយ​ខ្មែរក្រហម​។ ខ្ញុំ​ជួប​ការលំបាក​វេទនា​យ៉ាងខ្លាំង​ទំរាំ​ទៅដល់​ព្រំដែន​ថៃ នៅ​ឆ្នាំ​១៩៨០​។ នៅ​ឆ្នាំ​១៩៨១ ខ្ញុំ​បានមក​រស់នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​វិញ​។ ខ្ញុំ​មិន​ហ៊ាន​ត្រឡប់មក​ភូមិកំណើត​ជួប​កូន​និង​ឪពុកម្តាយ​ទេ ព្រោះ​ខ្លាច​កងទ័ព​វៀតណាម​។ ខ្ញុំ​និង​ជនជាតិ​ជង​ខ្នងភ្នំ​ដ៏ទៃទៀត​បានរស់នៅ​ជា​ក្រុម​ចាប់ពី​១០​គ្រួសារ​ទៅ​២០​គ្រួសារ នៅក្នុង​ព្រៃ និង​ដាំ​ស្រូវ​ហូប​។ ពេលនោះ យើង​បានរស់នៅ​ដាច់ដោយឡែក​ពី​យោធា​ខ្មែរក្រហម ដែល​នៅ​បន្តធ្វើ​សង្គ្រាម​ប្រឆាំងនឹង​កងទ័ព​វៀតណាម​។ នៅ​ឆ្នាំ​១៩៨៩ នៅពេល​ទទួលដំណឹង​ថា កងទ័ព​វៀតណាម​ដកចេញ​ពី​ប្រទេស​កម្ពុជា ខ្ញុំ​និង​បងប្អូន​ជនជាតិ​ជង​មួយចំនួន​បាន​ត្រឡប់មក ភូមិកំណើត​វិញ​។ ប៉ុន្តែ​ដោយសារ​ដី​នៅ​ភូមិកំណើត​មិន​អំណោយផល​ការដាំដុះ និង​រស់នៅ ទើប​ជនជាតិ​ជង​ខ្លះ​សម្រេចចិត្ត​ទៅ​រស់នៅ​ភូមិ​ផ្សេង​វិញ ដូចជា ភូមិ​អូរ​សោម ភូមិ​កណ្តាល ភូមិ​គៀន​ជង្រុក និង​ភូមិ​ឆាយ​លូក ជាដើម​។​

​នៅ​ឆ្នាំ​១៩៩៣ អង្គការសហប្រជាជាតិ​បានរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​នៅ​ទូទាំងប្រទេស​កម្ពុជា ប៉ុន្តែ​ជនជាតិ​ជង​នៅ​ភូមិ​អូរ​សោម និង​ភូមិ​ផ្សេងទៀត​ក្នុងស្រុក​វាលវែង​មិនបាន​ចូលរួម​ក្នុងការ​បោះឆ្នោត​នោះទេ​។ ជនជាតិ​ជង​នៅ​ភូមិ​អូរ​សោម​បាន​បន្ត​រស់នៅ​ជាមួយ​ក្រុមខ្មែរក្រហម​ផង និង​ខាង​រដ្ឋាភិបាល​ផង រហូតដល់​មាន​ពាក្យ​មួយ​ឃ្លា​ថា​ដែល​ប្រជាជន​នៅ​អូរ​សោម​និយាយថា «​ជើង​ម្ខាង​នៅក្នុង​ទឹក ជើង​ម្ខាង​នៅលើ​គោក​» ដែលមាន​មានន័យថា ភាគី​ខាង​ណាក៏ដោយ ក៏​ប្រជាជន​អាច​រស់នៅ​ជាមួយ​បានដែរ​។​

​នៅ​ឆ្នាំ​១៩៩៨ បន្ទាប់ពី​យោធា​ខ្មែរក្រហម​នៅ​ទូទាំងប្រទេស​បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទើប​ប្រជាជន​នៅ​អូរ​សោម​រស់​នៅបាន​សេចក្តីសុខ និង​មាន​ជីវភាព​ប្រសើរឡើង​។ នៅ​ឆ្នាំ​២០០០ ខ្ញុំ​ត្រូវបាន​ប្រជាជន​បោះឆ្នោត​ជ្រើសរើស​ឲ្យ​ធ្វើជា​មេឃុំ​អូរ​សោម​។ មកដល់​ឆ្នាំ​២០១៧ ខ្ញុំ​បាន​លាលែង​ឈប់​ធ្វើជា​មេឃុំ​ដោយសារ​ខ្ញុំ​មាន​វ័យ​ចំណាស់ និង​មានការ​លំបាក​ពេល​ជិះ​ម៉ូតូ​ទៅ​ប្រជុំ​នៅ​សាលាស្រុក​ម្តងៗ ដែលមាន​ចម្ងាយ​ប្រហែលជា​៦៥​គីឡូម៉ែត្រ​ពី​ផ្ទះ​។ សព្វថ្ងៃ មាន​ប្រជាជន​ចំណូល​ថ្មី​ជាច្រើន​បាន​ចូលមក​រស់នៅ ប្រកប​របរ​រកស៊ី លក់ដូរ​នៅ​ផ្សារ​នៅក្នុង​ឃុំ​អូរ​សោម​នេះ​។ ចំណែក​ខ្ញុំ និង​ក្រុមគ្រួសារ​បាន​ប្រកបមុខរបរ​ធ្វើស្រែ និង​ចម្ការ​ដើម្បី​ចិញ្ចឹមជីវិត​៕