​ជនជាតិ​ជប៉ុន​ម្នាក់​គាំងបេះដូង​ស្លាប់​ពេល​ចុះ​សិក្សា​រុករក​រ៉ែ​ក្នុង​ខេត្តស្ទឹងត្រែង​

1586
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ជនជាតិ​ជប៉ុន​ម្នា​ក់បាន​ស្លាប់​ពេល​ចុះ​សិក្សា​ស្រាវជ្រាវ​រុករក​រ៉ែ​ក្នុង​តំបន់​ភូមិសាស្ត្រ​ឃុំ​អន្លង់​ជ្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ភាគ​ខាងលិច​ខេត្តស្ទឹងត្រែង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យដឹងថា​នៅ​ថ្ងៃកើតហេតុ​ជនជាតិ​ជប៉ុន​ឈ្មោះ​វ៉ា​តា​ណា​បេ​កា​ស៊ូ​យ៉ា​(Watanabekazuya)​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​ប​ង្រើ​ការងារ​នៅ​ក្រុមហ៊ុន​Nittetsu Minino(Cambodia)
CoLt.d​មាន​តួនាទី​ជា​អនុប្រធាន​ផ្នែក​ក្រុមហ៊ុន​រុករក​រ៉ែ​តំបន់​ខាងលើ​ជាមួយ​កម្មករ​ខ្មែរ​និង​មន្ត្រី​រ៉ែ​និង​ថាមពល​ខេត្តស្ទឹងត្រែង​។

​មាន​មនុស្ស​ចំនួន​៩​នាក់​ជិះ​រថយន្ត​ពីរ​គ្រឿង​ចេញពី​ទី​រួម​ខេត្ត​ទៅ​ឈប់​ចត​នៅ​ចំណុច​ភ្នំ​ដំណាក​កណ្តាល​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​អន្លង់​ជ្រៃ​នៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​ពេលទៅដល់​នោះ​នាំគ្នា​ចុះ​ពីលើ​រថយន្ត​យក​អាហារ​និង​ទឹកបរិសុទ្ធ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​តាម​ព្រៃភ្នំ​ចម្ការ​អ្នកស្រុក​ក្នុង​គោលបំណង​ប្រតិបត្តិ​ការរុករក​រ៉ែ​នៅ​តំបន់​នោះ​ដោយ​ចេញដំណើរ​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៩​។​

​នៅពេល​ដំណើរ​ទៅនោះ​ពុំបាន​ឈប់សម្រាក​ឡើយ​រហូតដល់​ម៉ោង​ប្រមាណ​៤​ល្ងាច​ជនជាតិ​ជប៉ុន​ម្នាក់​ជា​មេក្រុម​បាននាំគ្នា​ត្រឡប់មកវិញ​។​ប៉ុន្តែ​ក្នុងពេល​ត្រឡប់មកវិញ​នៅវេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច​ថ្ងៃ​ដដែល​ពុំទាន់​មកដល់​កន្លែង​ចត​រថយន្ត​នៅ​ប្រមាណ​ជាជាង​មួយ​គីឡូម៉ែត្រ​ទៀត​ទើប​មកដល់​កន្លែង​ចត​រថយន្ត​។​ខណៈពេល​នោះ​ក៏​ស្រាប់តែ​ជនជាតិ​ជន​ជប៉ុន​ម្នាក់​មាន​តួនាទី​ជា​អនុប្រធាន​ផ្នែក​ក្រុមហ៊ុន​បាន​ដួល​ទៅលើ​ដី​។​

​ឃើញ​បែប​នោះ​កម្មករ​នៅ​ជិត​គាត់​ជួយ​រឹត​ទ្រូង​និង​បក់​ឱ្យ​គាត់​ដឹងខ្លួន​ឡើងវិញ​។​កម្មករ​ជាច្រើន​នាក់​ទៀត​ក៏​នាំគ្នា​ជួយ​ខ្លះ​ដោះ​ស្បែកជើង​និង​សម្លៀកបំពាក់​តាម​វិធីសាស្ត្រ​សង្គ្រោះ​បឋម​ហើយ​គាប់​ជួន​អាកាសធាតុ​ហប់​ខ្លាំង​។​

នៅក្នុង​ហេតុការណ៍​នោះ​មន្ត្រី​រ៉ែ​និង​ថាមពល​ខេត្តស្ទឹងត្រែង​បាន​ទូរស័ព្ទ​ទំនាក់ទំនង​មក​ខាង​អ្នកបកប្រែ​របស់​មេ​ធំ​ជនជាតិ​ជប៉ុន​ដើម្បី​សុំ​យោបល់​និង​មកជួយ​។​រយៈពេល​ប្រហែល​៣០​នាទី​ក្រោយ​មេ​ធំ​ជប៉ុន​បានមក​ដល់​ដោយ​បើករថយន្ត​មកជួយ​សង្គ្រោះ​បឋម​រួច​និង​លើកដាក់​រថយន្ត​ដឹក​ចេញពី​ព្រៃ​មកកាន់​មន្ទីរពេទ្យ​។​ប៉ុន្តែ​អនុប្រធាន​ផ្នែក​ក្រុមហ៊ុន​ម្នាក់​នោះ បាន​ស្លាប់បាត់​ហើយ​។​
ប្រភព​ដដែល​បាន​បង្ហើប​ប្រាប់ទៀតថា​ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋានថា​ជ​ន​ជាតិ​ជប៉ុន​រូបនោះ​អាចធ្វើ​ដំណើរ​ហត់​ហើយ​មាន​បញ្ហា​ផ្នែក​សុខភាព​គាំងបេះដូង​ស្លាប់​។​នៅ​ថ្ងៃទី​២២​ខែមិថុនា​នេះ​សព​ត្រូវបាន​បញ្ជូន​ពី​ខេត្តស្ទឹងត្រែង​ទៅកាន់​ទីក្រុង​ភ្នំពេញ​ហើយ​៕S/