​ជនជាតិ​រុស្សី​ម្នាក់​ត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ករណី​ទិញ​ពេស្យាចារ​លើ​កុមារ​

232
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​ប្រភពព័ត៌មាន​មួយ​បានឱ្យដឹងថា​បុរស​ជនជាតិ​រុស្សី​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅឯ​រាជធានី​ភ្នំពេញ​ហើយ​បញ្ជូនមក​ស្នងការ​នគ​របាល​ខេត្តសៀមរាប​។​បន្ត​បញ្ជូនទៅឱ្យ​សាលាដំបូង​ខេត្តសៀមរាប​ឃុំខ្លួន​ដាក់ពន្ធនាគារ​ដែលជា​ប់​ពាក់ព័ន្ធ​លើ​ការទិញ​ពេស្យាចារ​កុមារ​នៅ​ខេត្តសៀមរាប​នាពេល​កន្លងទៅ​។​

​ជនជាប់ចោទ​ដែលជា​បរទេស​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​បញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៩​នេះ​ថា​រូបគាត់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៨​ខែតុលា​នៅ​រាជធានី​ភ្នំពេញ​ដោយ​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ប្រភព​ខាងលើ​បាន​និយាយថា​ការចាប់ខ្លួន​ជនបរទេស​រូបនេះ​គឺធ្វើឡើង​តាម​ការបញ្ជារ​ឱ្យចូល​ខ្លួន​របស់​អយ្យកា​រ​អម​សាលាដំបូង​ខេត្តសៀមរាប​។​ជនជាតិ​រុស្សី​ខាងលើ​មានឈ្មោះ​RomanBakTigzih​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ពេល​ចាប់ខ្លួន​គឺ​សមត្ថកិច្ច​រក​មិនឃើញ​លិខិតឆ្លងដែន​នៅជាប់​នឹង​ខ្លួន​ទេ​ហើយក៏​បញ្ជូណ​ខ្លួន​មកកាន់​ខេត្តសៀមរាប​ភ្លាមៗ​នោះដែរ​ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​។​

​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​នា​ថ្ងៃទី​១៩​ខែតុលា​រួចហើយ​ដើម្បី​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​។​ដោយ​ប្រភព​សមត្ថកិច្ច​គ្រាន់តែ​បញ្ជាក់ថា​ជនជាប់ចោទ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទិញ​ពេស្យាចារ​លើ​កុមារ​នៅ​ខេត្តសៀមរាប ។​ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅ ក្រោយពី​កើតហេតុ​ជនជាប់ចោទ​បានគេច​ខ្លួន​ទៅ​រាជធានី​ភ្នំពេញ​៕S/

​រូបភាពៈ​ជនជាតិ​រុស្សី​ម្នាក់​ត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​សៀមរាប​ក្នុងករណី​ទិញ​ពេស្យាចារ​លើ​កុមារ​៕​បាយ័ន​