​ជនបរទេស​ម្នាក់​គាំងបេះដូង​ស្លាប់​សង្ស័យ​ផឹកស្រា​និង​ប្រើ​សារធាតុ​ញៀន​ជ្រុល​

262

(​កំពត​)៖​បុរស​ជា​ជនបរទេស​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​ក្រោម​គ្រែ​ក្នុង​បន្ទប់​ផ្ទះជួល​មួយ កន្លែង​ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។ ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេ លា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ បន្ទាប់ពី​អ្នកជិតខាង​សង្ស័យ​រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​ពិនិត្យមើល​។​

​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​ក្រុង​កំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​Joanes Marcal Chales អាយុ ៦៧​ឆ្នាំ ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ O7AB832772 ជួល​ផ្ទះ​គេ​ស្នាក់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា​នៅវេលា​ម៉ោង​ជិត​៨​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៧​ប្រជាពលរដ្ឋ​នៅក្បែរ​ផ្ទះកើតហេតុ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ពី​ការសង្ស័យ​លើផ្ទះ​ជនជាតិ​បារាំង​ម្នាក់​ដោយសារ​បាន​បិទទ្វារ និង​មិនឃើញ​បុរស​ម្ចាស់ផ្ទះ​ចេញចូល​ដូច​សព្វដង​។

​ភ្លាមៗ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យមើល ដោយ​គាស់​បើកទ្វារ​ក៏​ប្រទះឃើញ​បុរស​ជនជាតិ​បារាំង​នោះ​ដេកស្លាប់​ក្រោម​គ្រែ​ទាំង​អាក្រាតកាយ​។ មន្ត្រីនគរបាល​ក្រុង​កំពត​បាន​បន្តថា​តាមរយៈ​ការពិនិត្យ​នៅ​បរិវេណ​កើតហេតុ សមត្ថកិច្ច​រកឃើញ​ស្រា​ទាំង​ផឹក​រួច​ទាំង​មិនទាន់​ផឹក​ជាច្រើន​ដប ព្រមទាំង​កញ្ឆា​មួយថង់​ផងដែរ​។ តាមរយៈ​នេះ សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា​ការស្លាប់​របស់​បុរស​ជ​ន​ជាតិ​បារាំង​ម្នាក់នេះ​បណ្តាលមកពី​គេ​ផឹក​ច្រើន និង​ជក់​កញ្ឆា​ជ្រុល​រហូត​គាំងបេះដូង​តែម្តង​៕ S/​ដោយ​៖ បូកគោ​

​ជនបរទេស​ម្នាក់​គាំងបេះដូង​ស្លាប់​សង្ស័យ​ផឹកស្រា​និង​ប្រើ​សារធាតុ​ញៀន​ជ្រុល​