​ជនសង្ស័យ​បីនាក់​លួច​ទ្រព្យសម្បត្តិ​គេ​បាន​៦​លើក​ទើប​ប៉ូលិស​ចាប់ខ្លួនបាន​

241

(​បាត់ដំបង​)៖​មុខសញ្ញា​លួច​យ៉ាងសកម្ម​ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មគោល​ចំនួន​បីនាក់​ដែល​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក​ចំនួន​៦​លើក​មកហើយ​ទើប​ប៉ូលិស​ចាប់ខ្លួនបាន​កាល​ពី​យប់​ថ្ងៃទី​១៦​ខែតុលា​នៅ​ចំណុច​ភូមិ​វាល​ទ្រា​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ព្រមទាំង​ដកហូត​វត្ថុតាង​បទល្មើស​មួយចំនួន​ហើយ​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៨​ខែតុលា​ដើម្បី​ចាត់ការ​តាមច្បាប់​។​
​ ​
​លោក​ផង់ សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ប្រុស​ទាំងបី​នាក់​មាន​១​ឈ្មោះ​សាយ សេង​អាយុ​២០​ឆ្នាំ ២​ឈ្មោះ​ចាន់ វុត្ថា​ហៅ​វ៉ិ​ត​អាយុ​៣១​ឆ្នាំ​និង​៣​ឈ្មោះ​សោម នេ​ត​អាយុ​១៦​ឆ្នាំ​។​ទាំងបី​នាក់​នៅ​ភូមិ សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​កន្ត្រៃ​កាត់​ដែក​ធុន​ធំ​ចំនួន​១ កន្ត្រៃ​តូច​១ កាំបិត​ចុង​ស្រួច​១ ពិល​ពាក់​ក្បាល​២ ម៉ូតូ​សេ​១០០​កូរ៉េ​ពណ៌​ក្រហម​១​គ្រឿង​និង​រទេះដែក​១​គ្រឿង​។​

​ដោយឡែក​ជនរងគ្រោះ​ឈ្មោះ​លាង អ៊ុ​ស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ត្រស់​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​។​សម្ភារៈ​ដែល​បាត់​​បង់​មាន​ធុង​ក្លាសេ​ទឹកកក​ធុន​ធំ​១​ក្នុងនោះ​មានទឹក​សុទ្ធ​៥​ដប ទឹកក្រូច​៨​ដប​និង​កាំបិត​បុ័ងតោ​១​។​​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ជនសង្ស័យ​ទាំងបី​នាក់​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ធ្លាប់​លួចបាន​ចំនួន​៦​លើក​ហើយ​លើក​ទី​៧​មិនទាន់​លួច​ផង​ក៍​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​តែម្តង​។

​លើក​ទី​១​យប់​ថ្ងៃទី​៧​ខែកញ្ញា​លួច​នៅ​ម្តុំ​ផ្សារ​អូរ​តា​គី​បាន​កៅអី​ជ័រ​៧​លក់បាន​លុយ​៣៥.០០០​រៀល​។​លើក​ទី​២​យប់​ថ្ងៃទី​១០​ខែកញ្ញា​លួចបាន​ធុង​ក្លាសេ​១លក់បាន​លុយ​៤​ម៉ឺន​រៀល​។​ទី​៣​យប់​ថ្ងៃទី​២៥​ខែកញ្ញា​លួចបាន​ធុង​ក្លាសេ​ធំ​មួយ​លក់បាន​៥​ម៉ឺន​រៀល​។​ទី​៤​យប់​ថ្ងៃ​២៨​ខែកញ្ញា​កាត់​ច្រ​វ៉ា​ក់​យកបាន​កៅអី​អ៊ី​ណុ​ក​១​លក់បាន​លុយ​៤​ម៉ឺន​រៀល​។

​ទី​៥​យប់​ថ្ងៃទី​៩​ខែតុលា​លួចបាន​ម៉ា​ស៊ីន​គាប​ទឹកអំពៅ​១​គ្រឿង​និង​រទេះ​មួយ​លក់បាន​៣០​ម៉ឺន​រៀល​។​ទី​៦​យប់​ថ្ងៃទី​១៣​ខែតុលា​លួចបាន​ជើង​ឆ័​ត្រ​១​និង​អេតចាយ​១​ការុង​លក់បាន​លុយ​៣​ពាន់​រៀល​និង​ទី​៧​យប់​ថ្ងៃទី​១៥​ខែតុលា​បមរុង​ធ្វើ​សកម្មភាព​លួច​ក៍​ត្រូវ​ប៉ូ​​លិ​ស​ចាប់ខ្លួន​តែម្តង​។​

​លោក​គង់ សារិន​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឲ្យ​ដឹងថា​ក្រោយពេល​បញ្ជូន​ជន​​សង្ស័យ​ទាំងបី​នាក់​រួម​នឹង​និង​វត្ថុតាង​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៨​ខែតុលា​ហើយ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា​រង​និង​ចៅក្រម​សាកសួរ​រួច​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​បីនាក់​ដាក់ពន្ធនាគា​រ​ជា​បណ្តោះអាសន្ន​រង់ចាំ​បើកសវនាការ​នៅពេល​ក្រោយ​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តះ​ជនសង្ស័យ​ប្រុស​ទាំងបី​នាក់​និង​វត្ថុតាង​