​ជន​ត្រូវ​ចោទ​កឹម សុខា គ្មាន​វាសនា​បាន​នៅក្រៅ​ឃុំ​ទេ​

823
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​លោក សួស សំអាត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ នេះ​សម្រេច​មិន​ដោះលែង​ជន​ត្រូវ​ចោទ​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ ។​សវនាការ​នេះ ធ្វើជា​អសាធារណៈ ព្រោះ​ជា​រឿង​មុន​អង្គសេចក្តី ដោយ​ពុំ​អនុញ្ញាតឱ្យ​អ្នក​មិន​ពាក់ព័ន្ធ​ចូលរួម​សវនាការ​ឡើយ ហើយក៏​គ្មាន​វត្តមាន​លោក​កឹម សុខា ដែរ​។

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧​។​​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែមីនា ឆ្នាំ​២០១៨ បានចេញ​ដីកា​បន្ត​ឃុំខ្លួន លោក កឹម សុខា រយៈពេល​៦​ខែ​ទៀត ក្រោយពេល​បញ្ចប់​ការសួរនាំ​ពេញ​មួយថ្ងៃ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ​។​

​លោក លី សុផាន់​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាពេល​កន្លងទៅ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន តាម​សារ​អេ​ឡិច​ត្រូ​និ​ច Telegram ថា ការសម្រេច​ពន្យារពេល​ឃុំខ្លួន លោក កឹម សុខា នេះ​គឺ​ចៅក្រម​ស៊ើបសួរ​យល់ថា ដោយសារ​មាន​ភាពចាំបាច់​៕S/​