​ជន​ត្រូវ​ចោទ​ម្នាក់​លោត​សម្លាប់ខ្លួន តែ​ខ្លះ​ថា​ជា​ករណី​វៃ​តប់​គ្នា​

146

(​កណ្តាល​)៖​ជន​ត្រូវ​ចោទ​ម្នាក់ លោត​សម្លាប់ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ដែល​អ្នកខ្លះ​ថា​ជា​ករណី​វៃ​តប់​គ្នា ហើយ​មជ្ឈដ្ឋាន​មួយចំនួន​រិះគន់​អំពី​ការធ្វេសប្រហែស​នៃ​បញ្ហា​នេះ ។ របាយការណ៍​ពន្ធនាគា​រ អះអាងថា ជននេះ​លោត​សម្លាប់ខ្លួន តែ​តុលាការ​កំពុង​ស៊ើបអង្កេត​ករណីនេះ ឱ្យ​ពិត​ប្រាកដថា ជា​ករណី​លោត​សម្លាប់ខ្លួន​ឬ​ជា​ករណី​អ្វី​ផ្សេង​។​

​ប្រ​ភ​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យដឹងថា ជន​ត្រូវ​ចោទ​ឈ្មោះ មុត លី​ណាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាប់ចោទ​ពីបទ​”​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​”​ប្រព្រឹត្ត​នៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ តាម​មាត្រា​៤១០​នៃ​ក្រមព្រហ្មទណ្ឌ​។ ជននេះ ត្រូវបាន​លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ឃុំខ្លួន​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ។​

​ប្រភពព័ត៌មាន បន្តថា កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ ជននេះ​បាន​លោត​សម្លាប់ខ្លួន​ពី​ស៊ីទែន​ផ្ទុក​ទឹក​ដ៏​ធំ​ក្នុង​ពន្ធនាគារ ដែល​អ្នកដឹង​រឿង​ច្បាស់​អះអាងថា ទំនង​មិនមែនជា​ករណី​លោត​សម្លាប់ខ្លួន​ទេ គឺជា​ករណី​វៃ​តប់​គ្នា​ក្នុង​ពន្ធនាគារ ។​

​ទោះបីយ៉ាងណា នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ថ្លែងថា អយ្យការ​កំពុង​ស៊ើបអង្កេត​ករណីនេះ ដោយ​ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ។​​អ្នកច្បាប់​មួយរូប អះអាងថា ជន​ត្រូវ​ចោទ​បាន​ស្លាប់ ។ ដូច្នេះ​សំណុំ​រឿងនេះ ត្រូវបាន​រលត់​បណ្តឹង​អាជ្ញា យោងតាម​មាត្រា​៧​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​៕S/​ដោយ​៖​ឆាយា​នាថ​