​ជន​វិកលចរិត​ម្នាក់​ត្រូវ​ប្អូន​ចាប់​ដាក់ច្រវ៉ាក់​ឃុំខ្លួន​ក្រោម​ដើមឈើ​រយៈពេល​១០​ឆ្នាំ​

400
ចែករម្លែក

ដោយ​៖​ចាន់ថន​/​កណ្ដាល​៖​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល​បាន​ជួយ​រំដោះ​ជន​វិកលចរិត​ម្នាក់​ឱ្យ​រួច​ផុតពី​ការ​ចាប់ចង​ឃុំខ្លួន​ដោយ​គ្រោង​នឹង​សង់ផ្ទះ​សម្រាប់​ឱ្យ​ជននេះ​ស្នាក់នៅ​ទៀតផង​។​ការជួយ​រំដោះ​នេះ​បាន​ធ្វើឡើង​នៅ​ចំណុច​ភូមិ​អន្លុង​ឃុំ​ព្រែ​កតា​មាក់​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​២០១៩ ។​

​ជនរងគ្រោះ​ឈ្មោះ ចេង គីម​សេង (​ហៅ​អោក​)​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​ជនជាតិខ្មែរ​ជាម​នុស្ស​វិកលចរិត មាន​ទីលំនៅ​ភូមិ​.​ឃុំ​.​កើតហេតុ​ខាងលើ​។​រីឯ​អ្នក​ឃុំខ្លួន​ឈ្មោះ ចេង គីម​អាង ភេទ ស្រី​អាយុ​៤៧ ឆ្នាំ​មុខរបរ កសិករ​មាន​ទីលំនៅ​ភូមិ​.​ឃុំ​.​កើតហេតុ ត្រូវជា​ប្អូន​របស់​ជនរងគ្រោះ​។​

សេចក្ដីរាយការណ៍​បានឱ្យដឹងថា​៖ រយះពេល​ប្រហែល​១០​ឆ្នាំ​មកហើយ ដែល​ឈ្មោះ ចេង គីម​អាង និង​ក្រុមគ្រួសារ​បង្ខំចិត្ត​ដាក់ច្រវ៉ាក់​ចាក់សោរ ឃុំខ្លួន​ឈ្មោះ ចេង គីម​សេង ជា​បង​បង្កើត ។​ដោយ​មូល​ហេតុថា គាត់​វិកលចរិត​កាច​សាហាវ ទើប​ដាក់ច្រវ៉ាក់​នៅក្រោម​ដើម​ស្វាយ​ក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​។​ដើម្បី​ការពារ​សុវត្ថិភាព​ក្រុមគ្រួសារ​និង​អ្នកជិតខាង​គឺ​កន្លងមក​ក្រុមគ្រួសារ​បានធ្វើ​រោង​ឱ្យ​ជន​វិកលចរិត​នោះដែរ ប៉ុន្តែ​ត្រូវ​គាត់​ដុតចោល​អស់​។​

​ក្រុមគ្រួសារ​ខាងលើ​បន្តថា​៖ ឈ្មោះ ចេង គីម​សេង ជា​មនុស្ស​វិកលចរិត កាច​សាហាវ​វាយ​អ្នកដទៃ និង​ក្រុមគ្រួសារ​។​ទើប​ឈ្មោះ​ចេង​គីម​អាង​ត្រូវជា​ប្អូន​និង​ក្រុមគ្រួសារ​សម្រេចយក​ច្រ​វ៉ា​ក់​ចាប់ចង​និង​ឃុំខ្លួន​បែប​នោះ​រហូតមក ។​ក្នុងនោះ​ក្រុមគ្រួសារ​បាន​អ្នក​ចិញ្ចឹម​បីបាច់​ឱ្យ​បាយទឹក​គាត់ ក្នុង​មួយថ្ងៃ ៣​ពេល​ជាប្រចាំ​។ ខណៈ​ជីវភាព​គ្រួសារ​ឈ្មោះ ចេង គីម​អាង​កំពុងមាន​ការខ្វះខាត​ក៏ដោយ​។​

​បើតាម​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា​កន្លងមក​ឈ្មោះ​ចេង​គីម​អាង​ធ្លាប់បាន​រាយការណ៍​ជូន​អាជ្ញាធរ​ដែរ​រាល់​សកម្មភាព​នេះ​តែ​អាជ្ញាធរ​ភូមិ​.​ឃុំ​ហាក់​មិន​ចាប់អារម្មណ៍​។​ទោះជា​យ៉ាងណាក្ដី​នៅ​ថ្ងៃទី ២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កម្លាំងចម្រុះ​ស្រុក​ដឹកនាំ​ដោយៈ​លោកស្រី​ឡុង​ណាវី​អភិបាលរង​ស្រុក​។​

​លោក​អ៊ុន​យ៉ុង​អធិការរង​,​លោក​ម៉ៅ​សុផល​នាយការិយាល័យ​ប្រចាំការ​ការជួញដូរ​មនុ​ស្ស​,​លោកស្រី ឆាំ វណ្ណា ប្រធានការិយាល័យ​សង្គម​កិច្ច​ស្រុក​,​លោក​មេឃុំ​, លោកនាយ​ប៉ុស្តិ៍​, លោក​មេភូមិ ,​គ្រូពេទ្យ​, បាន​ចុះ​ដោះស្រាយ​ដល់​កន្លែងកើតហេតុ​។​

​ខណៈ​ឈ្មោះ​ចេង​គីម​អាង​ត្រូវជា​ប្អូន​បាន​បញ្ជាក់ថាៈ​មូលហេតុ​ឈានដល់​ការឃុំខ្លួន​ឈ្មោះ​ចេង គឹម​សេង​រយៈពេល​១០​ឆ្នាំនេះ​ព្រោះ​ឈ្មោះ​ចេង​គីម​សេង​មាន​ជំងឺ​ផ្នែក​សតិ​មិន​គ្រប់​ធ្លាប់​យកទៅ​ព្យាបាល​មិនជា​ឡើយ​។​ម្យ៉ាងទៀត​ឈ្មោះ​ចេង​គីម​សេង​ជា​មនុស្ស​កាច​សាហាវ​ពេក​ទើប​ក្រុមគ្រួសារ​ឃុំខ្លួន​ដោយ​ដាក់ច្រវ៉ាក់​នៅក្រោម​ដើម​ស្វាយ​។​

​បើទោះបីជា​ជន​វិកល​ច​រិ​ក​នោះ​កាច​សាហាវ​បែបណា​ក៏​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល​។​បាន​ងូតទឹក​ឱ្យ​គាត់​សម្អាត​រាងកាយ​ស្លៀកពាក់​ខោអាវ​ថ្មី​បាន​សមរម្យ​។​និង​ធ្វើ​ផ្ទះ​ទំហំ​៤​គុណ​៤​ម៉ែត្រ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ដើម្បីឱ្យ​ជននេះ​ស្នាក់នៅ​ទៀតផង​៕S/​