​ជប៉ុន​ចង់​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែ​ល្បី​រន្ទឺ​ដើម្បី​ទាញ​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​

252
ចែករម្លែក

ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​នា​ខែតុលា​ខាងមុខ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ហៅ​កាត់​ជេ​ត្រូ​(JETRO)​គ្រោង​បង្កើត​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​និង​ជំនួប​ធុរកិច្ច​ដែល​នឹង​រៀបចំឡើង​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​(AEONMall)​រាជធានី​ភ្នំពេញ​។ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ក៏ដូចជា​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​ប្រទេស​ជប៉ុន​។​

តាម​ការលើកឡើង​រប​ស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​នៅក្នុង​ជំនួប​ការងារ​ជាមួយ​លោក មី​យ៉ាវ ម៉ាសា​ហ៊ី​រូ (Miyao Masahiro) ប្រធាន​អង្គការ​ជប៉ុន ជេ​ត្រូ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា​ឆ្នាំ​២០១៩​នេះ​លោក​ប៉ាន​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​បង្កើត​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​នេះ​ឡើង​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​ប្រតិបត្តិ​សហការ​វិស័យ​ពាណិជ្ជកម្ម រវាង​ទាំងពីរ​។

​ក្នុងនោះ​លោក​រដ្ឋមន្ត្រី​បានស្នើ​ភាគី​ជប៉ុន​ជួយ​សិក្សា​អំពី​លទ្ធភាព​កែច្នៃ​និង​អភិវឌ្ឍន៍​ផលិតផល​ខ្មែរ​នៅតាម​បណ្តា​រាជធានី​ខេត្ត​ក្នុងប្រទេស​កម្ពុជា​និង​ប្រមូល​ផលិតផល​ដែលមាន​សក្តានុពល​ទាំងអស់​ធ្វើការ​ដាក់លក់​និង​បង្ហាញជូន​សាធារណៈជន​ក៏ដូចជា​វិនិយោគិន​ជប៉ុន​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ទាំងអស់​ដើម្បី​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល ក្នុងការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​(ECommerce)​ដើម្បី​ពង្រីក​វត្តមាន​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​អន្តរជាតិ ស្របតាម​និន្នាការ​ពិភពលោក និង​បានស្នើ​ភាគី​ជប៉ុន ធ្វើការ​សហការ​ជាមួយ​ផ្សារ អ៊ី​អន ដើម្បី​ជា​បង្កើត​វេទិកា ឬ​កម្មវិធី​ដោះដូរ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ក៏ដូចជា​បញ្ជរ​លក់ និង​ចែកចាយ​ផលិតផល​ខ្មែរ ទៅកាន់​អតិ​ជន​គោលដៅ​ឱ្យបាន​ទូលំទូលាយ​។​

​ជាការ​ឆ្លើយតប​ភាគី​ជប៉ុន​បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី​ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ និង​បាន​តែង​គាំទ្រ​ប្រតិបត្តិការ​របស់​អង្គការ ជេ​ត្រូ នៅ​កម្ពុជា រយៈពេល​ជាង​០៩​ឆ្នាំ​មកនេះ​។ លោក​ក៏ បាន​សន្យា​ដឹកនាំ​និ​យោគិន​ជប៉ុន​ចូលរួម​ព្រឹត្តិការណ៍​ភូមិ​១​ផលិតផល​១​របស់​កម្ពុជា​និង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​និង​ជំនួប​ធុរកិច្ច​ដើម្បី​ស្វែងយល់​អំពី​សក្តានុពល​ផលិតផល​ខ្មែរ​និង​ឱកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។​

ទន្ទឹមនេះ​ជប៉ុន​ក៏បាន​ស្នើសុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ធ្វើ​វិសោធនកម្ម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MoU)​រវាង​អង្គការ​និង​ក្រសួងពាណិជ្ជកម្ម​ឡើងវិញ​ដោយ​បញ្ចូល​បន្ថែម​នូវ​ផែនការអាជីវកម្ម​ថ្មីៗ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​៕S/