​ជប៉ុន​បន្ថែម​មន្ត្រីការទូត​យោធា​ប្រចាំ​នៅ​កម្ពុជា​

1175
ចែករម្លែក

ដោយៈ​យោធិន​/​ភ្នំពេញៈ​ក្រសួងការពារជាតិ​ជប៉ុន​បាន​បន្ថែម​មន្ត្រីការទូត​យោធា​មួយរូប​ទៀត​សម្រាប់​ការិយា​ល័យ​អនុ​ពន្ធ​យោធា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​និវេសន​ស្ថាន​ស្ថិតនៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ។​

លោក​វរសេនីយ៍ឯក​ស៊ី​ដូ​(SHIDO)​សេនា​នុព​ន្ធ​ជប៉ុន​ប្រចាំ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៨​ក្នុង​ឱកាស​​អញ្ជើញ​ចូលជួប សំដែង​ការគួរសម​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី​អគ្គនាយកមជ្ឈ​មណ្ឌល​​​ជាតិ រក្សា​សន្តិភាព​នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ក៏បាន​បង្ហាញ​វត្តមាន​របស់លោក​វរសេនីយ៍ទោ សៃ​ជី អ៊ី​យូ​ស៊ី​ដា (Seiji YOSHIDA) ដែលជា​អតីត​អាកាសយានិក​យន្តហោះ​ប្រតិកម្ម​ប្រដេញ​ធុន អេ​ហ្វ -១៥(F-15) នៃ​កងទ័ព​ជើង​អាកាស​ជប៉ុន​ហើយ​ដែល​បច្ចុប្បន្ន​ត្រូវ​បានមក​បំពេញការងា​រ​ការទូត​យោធា​ប្រចាំ​នៅ​កម្ពុជា​។​វត្តមាន​នេះ​គឺ​ក្នុង​គោលបំណង​បង្កើន​កម្រិត​ប្រសិទ្ធភាព​ការងារ​សំដៅ​ពង្រឹងពង្រីក​បន្ថែម​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​និង​ដោយឡែក​ផ្តោតជាសំខាន់​លើ​វិស័យ​ការងារ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​

អនុ​ពន្ធ​យោធា​ជប៉ុន បានបង្ហាញ​ពី​ការបន្ត​ការយកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន​ឱ្យដល់​កងយោធពល​ខេមរភូមិន្ទ ផ្នែក​ជំនាញ​វិស្វកម្ម​បច្ចេកទេសផ្នែក​ខាង​វាស់​ស្ទង់​ដែល​ជប៉ុន​ធ្លាប់បាន​ជួយ​បណ្តុះបណ្តាល​ផ្នែក​ជំនាញ​ខាងលើនេះ​ដែល​គិត​មកទល់នឹង​ពេលបច្ចុប្បន្ន​នេះ​ឈាន​ចូលដល់​ឆ្នាំ​ទី​៥ ដោយបាន​ចាប់ផ្តើម​ដំណើរ​ការ​តាំងតែ​ពី​ឆ្នាំ​២០១២ សំដៅ​ផ្តល់​ប្រសិទ្ធភាព​សម្រាប់​កង​យោធា​មួក​ខៀវ​កម្ពុជា​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​( អ​.​ស​.​ប​)​។​

លោក​វរសេនីយ៍ឯក​ក៏បាន​លើកឡើង​ពី​គម្រោង​ហ្វឹកហ្វឺន​ជំនាញ​ឱ្យដល់​កង​យោ ធា​មួក​ខៀវ​ជា​លក្ខណៈ​ត្រីភាគី ដែល​ភាគី​ជប៉ុន​ជា​អ្នករ៉ាប់រង​លើ​ការចំណាយ​និង​ភាគី​អ​.​ស​.​ប​ជា​អ្នកកំណត់​ទីតាំង​សម្រាប់​ការហ្វឹកហាត់​ដោយ​ជ្រើស​រើសយក​ប្រទេស​មួយចំនួន​រួមមានៈ​កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដោយ​អនុវត្ត​ជា​លក្ខណៈ​វិលជុំ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ជួប​​ជាមួយ​សេនា​នុព​ន្ធ​ជប៉ុន​ទាំង​ពីររូប ពាក់ព័ន្ធ​ទៅលើ​វិស័យ​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​បេសកកម្ម រក្សា​សន្តិភាព អ​.​ស​.​ប​​

សេនា​នុព​ន្ធ​យោធា​ជប៉ុន​ក៏បាន​លើកឡើង​ផងដែរ​ពី​ការទទួលយក​សិក្ខាកាម​យោធា​កម្ពុជា វៀតណាម និង​ឡាវ​នាពេលខាងមុខ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ផ្នែក​អាវុធ​គីមី​សាស្ត្រ នៅ​ប្រទេស​ជប៉ុន​។​

​ក្នុងឱកាស​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី​បាន​ស្វាគមន៍​កក់ក្តៅ​ចំពោះ​វត្តមាន​សេនា​នុព​ន្ធ​ជប៉ុន​ទាំង​ពីររូប ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​សក្ខីភាព​បង្ហាញ​ពី​ការ​រិត​ចំណង​សាមគ្គីភាព​កម្ពុជា​-​ជប៉ុន​ទ្វេ​ឡើង​ថែមទៀត​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ក៏បាន​បង្ហាញ​ពី​ក្តី​មោទនភាព​ផងដែរ​ចំពោះ​ភាគី​ជប៉ុន​បាន​ឆ្លើយតប​ជា​វិជ្ជមាន​នូវ​បណ្តា​សំណូមពរ​របស់​កម្ពុជា​ទាំង​៥​ដែល​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​បានស្នើ​ឡើង​កន្លង​ម​ករួ​ម​មានៈ​ផ្តល់​ការហ្វឹកហ្វឺន​ជំនាញ​ឱ្យដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​សម្រាប់​ឆ្នាំ​ជា​បន្ត​បន្ទាប់​ទៀត​បន្ទាប់ពី​បានបញ្ចប់​ចំនួន​ពីរ​វគ្គ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ បង្កើន​រយៈពេល​វែង​សម្រាប់​ការងារ​ហ្វឹកហ្វឺន​រួម​និង​បន្ថែមចំនួន​សិក្ខាកាម សម្រាប់​វគ្គ​ក្នុងប្រទេស​និង​បន្ត​ការហ្វឹកហ្វឺន​នៅ​ប្រទេស​ជប៉ុន​។ បង្កើត​សកម្មភាព​ហ្វឹកហ្វឺន​ឱ្យដល់​កង​យោធា​មួក​ខៀវ​ជា​លក្ខណៈ​ត្រីភាគី​រួមមានៈ ភាគី​ជប៉ុន អង្គការសហប្រជាជាតិ និង​កងយោធពល​ខេមរភូមិន្ទ នាពេលខាងមុខ​។

​ជប៉ុន​ក៏បាន​បញ្ជាក់​ពី​បាននិងកំពុង​សិក្សា​ផងដែរ​ពី​បញ្ហា​ជួយផ្តល់​ការឧបត្ថម្ភ​នូវ​ជំនួយសម្ភារៈ​ឧបករណ៍​សម្រាប់​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យដល់​កង​យោធា​មួក​ខៀវ​កម្ពុជា ។ ផ្តល់​ការចាប់អារម្មណ៍​លើ​បញ្ហា​លុបបំបាត់​អាវុធ​គីមី និង​គ្រាប់បែក​ចង្កោម​។ ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​និង​ទទួលយក​សិក្ខាកាម​សម្រាប់​បណ្តុះបណ្តាល​ជំនាញ​នៅ​ប្រទេស​ជប៉ុន​ក៏ត្រូវ​បានបញ្ជាក់​ផងដែរ​៕​មន​