​ជប៉ុន​បាន​អះអាងថា​​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​អគ្គិសនី​និង​ធ្វើ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​កំពង់ផែ​ទឹក​ជ្រៅ​

165
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញៈ​លោក ម៉ាសា​ហ៊ី​រ៉ូ មី​កា​មិ (Masahiro Mikami) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ជម្រាបជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ប្រទេស​ជប៉ុន​នឹង​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​អគ្គិសនី និង ការធ្វើ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ក្រុង ព្រះសីហនុ និង វិស័យ​ជាច្រើន​ទៀត​ដូចជា​ដោះមីន​និង​បន្ត​ជួយ​កម្ពុជា​ក្នុងការ​ជំរុញ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។


លោកឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ជម្រាប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជម្រាប់ដូចនេះនៅ​ព្រឹក​ថ្ងៃទី ២៣​តុលា​នេះ​ក្នុងឱកាស​ដែល​រូបលោក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។​

​បើតាម​ប្រសាសន៍​លោក កៅ កឹម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​នៅក្នុង​ជំនួប​នោះ​លោក ម៉ាសា​ហ៊ី​រ៉ូ មី​កា​មិ បញ្ជាក់ថា​ប្រទេស​ជប៉ុននៅតែ​បន្តធ្វើ​កិច្ច សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​រួមទាំង​គាំទ្រ​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង ថែមទៀត​ដូចជា​ផ្នែក​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង វិស័យ​ផ្សេងទៀត​។

​លោក​រាជទូត​បាន​ប្ដេជ្ញាចិត្ត​ថា​នៅក្នុង​អា​ណិ​ត្ត​ការទូត​របស់លោក​នៅ​កម្ពុជា​លោក​នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែមាន​រីក ចម្រើន​ទទួលផល​ផ្លែផ្កា​និង​ជោគជ័យ​កាន់តែ​ធំធេងៗ​ទៀត​រវាង​ប្រទេស​ទាំងពីរ ។ រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ជួយ​កម្ពុជា​ក្នុងការ​ជំរុញ​ការនាំ ចេញ​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​ជប៉ុន​នៅតែ​បន្ត​ផ្ដល់ជំនួយ​ទៅដល់​វិស័យ​ដោះមីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ​។​លោក បន្តទៀតថា​ជប៉ុន​ចាប់អារម្មណ៍​ទៅលើ​ការផ្ដល់​ជំនួយ​លើ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​រួមទាំង​បន្តធ្វើ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​កំពង់ផែ​ក្រុងព្រះសីហនុ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​តប​ថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរបាន​ឡើងដល់​កម្រិត​ខ្ពស់​ជា​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​តាមរយៈ​ការបើក​ឲ្យ​មានការ​ហោះហើរ​ត្រង់​ដែល​អាចជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ការទូត អ្នកវិនិយោគ​និង​ទេសចរណ៍​ផងដែរ​រវាង​ប្រទេស​ទាំងពីរ ។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ជប៉ុន​បាន​កើន​ឡើងជា​លំដាប់​។សម្ដេច​ចង់​បន្ត​ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បន្តមានការ​រីកចម្រើន​ថែមទៀត​រួមទាំង​ការបណ្ដាក់ទុន​ពី​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា​នាពេលខាងមុខ ​។ ស​ម្ដេចក៏​ចង់ឃើញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ ឋកិច្ចរវាង​ប្រទេស​ទាំងពីរ​មានការ​រីកចំរើន​ដូច​ទៅនឹង​វិស័យ​ផ្សេងទៀត​ផងដែរ ។ សម្តេច​ក៏បាន​អរគុណ​ប្រទេស​ជប៉ុន​ដែលជា​លើកដំបូង​ហើយ​ជប៉ុន​បានផ្ដល់ជំនួយ​លើ​វិស័យ​យោធា​ដល់​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​យោធា​កម្ពុជា​នៅ​ប្រទេស​ជប៉ុន ។

​សម្ដេច​បញ្ជាក់ថា​កម្ពុជា​ចង់​ឲ្យ​ជប៉ុន​រៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​កំពង់ផែ​ព្រះសីហនុ​ឲ្យ​បាន​ឆាប់រហ័ស​និង​ទទួលជោគជ័យ​។​ដោយ​សម្តេច​បញ្ជាក់ថាការកសាង​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​ជួយ​ពង្រឹងសមត្ថភាព​កំពង់ផែ​ក្នុង​ការទទួល​កប៉ាល់​ធំៗ​ដោយ​មិនបាច់​ត្រូវ​ធ្វើការ​ផ្ទែ​រ​ទំនិញ​នៅ​កំពង់ផែវៀតណាម​,សិង្ហ​បុរី​ឬ​ម៉ាឡេស៊ីជាដើម ​។ សម្ដេច​សង្ឃឹមថា​ជប៉ុន​នឹង​ជួយ​ជំរុញ​កសាង​កំពង់ផែ​ទឹក​ជ្រៅ​ដើម្បី​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​កប៉ាល់​ធំៗ​ចូល​ចត​បាន ។ សម្ដេច​តេ​ជោ​ក៏​អរគុណ​ដល់​ជប៉ុន​ដែល​បាន​ជួយ​លើ​វិស័យ​ដោះមីន​នៅ​កម្ពុជា​ហើយ​សម្ដេច​បញ្ជាក​ថា​ការដោះមីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅតែ​បន្ត​បើទោះបីជា​មានការ​ថយចុះ​ចំនួន​មីន​ក៏ដោយប៉ុន្តែ​ការងារ​នេះ​នៅតែ​ជា​ការ ងារ​អាទិភាព​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​៕​សរន