​ជប៉ុន​ស្នើសុំ​អត្ថបទ​ស្រាវជ្រាវ​អំពី​បណ្តាញ​ផ្លូវ​គមនាគមន៍​បុរាណ​យកទៅ​ប្រែ​និង​បោះពុម្ព​សម្រាប់​ង្រៀ​ន​សិស្ស​

205
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ​សិក្សា​ប្រចាំ​ប្រទេស​ជប៉ុន​”TAISHUKAN” (​តៃ​ស៊ូ​កាន់​)​បាន​ស្នើសុំ​អ្នកស្រាវជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ជ្រើសរើស​អត្ថបទ​មួយ​ដែលជា​លទ្ធផល​នៃ​កិច្ចការ​ស្រាវជ្រាវ​អំពី​បណ្តាញ​គមនាគមន៍​បុរាណសម័យ​អង្គរ​យកទៅ​ប្រែ​សម្រួល​បោះពុម្ពផ្សាយ​ក្នុង​សៀវភៅ​សិក្សាអប់រំ​ថ្មី​។

​អត្ថបទ​ដែល​គ្រឹះស្ថាន​TAISHUKAN​ស្នើ​យកទៅ​បកប្រែ​និង​បោះពុម្ព​នេះ​គឺ​បាន​ផ្សព្វផ្សាយ​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ឆ្នាំ​២០១៦ មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា​”From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and CrossBorder”​។​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មានន័យថា​”​ពី​បណ្ដាញ​ផ្លូវ​សម័យអង្គរ​ទៅកាន់​ទំនាក់ទំនង​វប្បធម៌​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​៖​គម្រោង​ស្រាវជ្រាវ​ទំនាក់ទំនង​វប្បធម៌​និង​ការអភិវឌ្ឍន៍​ឆ្លង​ព្រំដែន​”​។​

​កាលពី​ថ្ងៃទី​២៩​កក្កដា​ឆ្នាំ​២០១៩​កន្លងទៅ​គ្រឹះស្ថាន​អប់រំ​ជប៉ុន​TAISHUKAN​បានស្នើ​មកកាន់​សហប្រធាន​នៃ​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណសម័យ​អង្គរ​ដែលមាន​លោក​បណ្ឌិត​SuratLertlum​សហ​និពន្ធ​ភាគី​ថៃ​។​លោក​អ៊ឹម​សុខ​រិទ្ធី​សហ​និពន្ធ​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​សុំ​សិទ្ធិ​យក​អត្ថបទ​ស្រាវជ្រាវ​ផ្លូវ​បុរាណសម័យ​អង្គរ​ទៅ​បកប្រែ​និង​បោះពុម្ព​ជា​ភាសា​ជប៉ុន ដើម្បី​បង្រៀន​សិស្ស​ថ្នាក់​វិទ្យាល័យ​។ សំណើ​នេះ​ត្រូវបាន​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​យល់ព្រម​និង​ជំរុញឱ្យមាន​ផ្សព្វផ្សាយ​ការអប់រំ​ឱ្យ​កាន់តែ​ទូលំទូលាយ​ផងដែរ​។​

​លោក​អ៊ឹម​សុខ​រិទ្ធី​សហប្រធាន​នៃ​គម្រោង​ស្រាវជ្រាវ​នេះ​បានឱ្យដឹងថា​ជា​រៀងរាល់ឆ្នាំ​គ្រឹះស្ថានបោះពុម្ពផ្សាយ​TAISHUKAN​តែង​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​លើ​អត្ថបទ​ស្រាវជ្រាវ​ថ្មីៗ​សម្រាប់​វិស័យ​អប់រំ​នៅ​ប្រទេស​ជប៉ុន​។​អត្ថបទ​ដែល​ស្ថាប័ន​នេះ​ជ្រើសរើស​ជា​អត្ថបទ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ដ្រ​មាន​លក្ខណៈ​ត្រឹមត្រូវ​ពិតប្រាកដ​។​ផ្តល់​ចំណេះដឹង​ជាទូទៅ​ដល់​មនុស្ស​ក្នុង​តំបន់​។​

​សម្រាប់​អត្ថបទ​ស្រាវជ្រាវ​ផ្លូវ​បុរាណ​នេះ​ក៏មាន​ការទទួលស្គាល់​ដោយ​សាកលវិទ្យាល័យ​ក្យូ​តូ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន​ផងដែរ​ទើប​គ្រឹះស្ថាន​បោះពុម្ព​នេះ​មាន​ទំនុកចិត្ត​ជ្រើស​រើសយក​ដាក់បញ្ចូល​ក្នុង​កម្មវិធី​អប់រំ​របស់ខ្លួន​។​សូមបញ្ជាក់​បន្ថែមថា​ខ្លឹមសារ​សង្ខេបនៃ​អត្ថបទ​នោះ​មាន​សេចក្តី​ដូច្នេះ​៖«​តាម​ភស្តុតាង​នៃ​ការស្រាវជ្រាវ​នៃ​គម្រោង​សហការ​នេះ​វិសាលភាព​នៃ​ចក្រភព​ខ្មែរ​គ្របដណ្តប់​ស្ទើរតែ​ពេញ​អាស៊ីអាគ្នេយ៍​ដីគោក​។

​រាជធានី​បំពាក់​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក អប់រំ សុខាភិបាល បណ្តាញ​គមនាគមន៍​ខ្វាត់ខ្វែង សំណង់​រដ្ឋបាល​សំណង់​សាសនា​និង​សំណង់​សាធារណៈ​ផ្សេងៗ​។​បណ្តាញ​ផ្លូវ​ត​ភ្ជាប់​ពី​មណ្ឌលរដ្ឋបាល​សេដ្ឋកិច្ច​និង​នយោបាយ​ទៅកាន់​ខេត្ត​ខ័​ណ្ឌ​នានា​ព្រមទាំង​ត​ភ្ជាប់​ទៅ​នគរ​ជិតខាង​ផង​។​តាម​បណ្តោយ​ផ្លូវ​គមនាគមន៍​តែងមាន​សាលាសំណាក់​ស្រះ​ទឹក​និង​មន្ទីរ​ព្យាបាល​រោគ​សម្រាប់​អ្នកដំណើរ​និង​អ្នកស្រុក​ជិតខាង​។​

​ចក្រភព​ខ្មែរ​មិនមែន​ពឹង​ផ្អែកលើ​កសិកម្ម​តែមួយ​មុខ​ទេ​។​បណ្តាញ​គមនាគមន៍​កើតចេញពី​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បង្ហាញថា​ចក្រភព​ខ្មែរ​ជា​ដៃគូ​ជំនួញ​ធំ​មួយ​ក្នុង​បណ្តាញ​ជំនួញ​អន្តរជាតិ​តាម​ផ្លួ​វ​សមុទ្រ​ពី​ប៉ូល​សេដ្ឋកិច្ច​អន្តរជាតិ​ខាង​កើតមាន​ចក្រភព​ចិន​នឹង​ប៉ូល​សេដ្ឋកិច្ច​ខាងលិច​មាន​ពែ​ក​អារ៉ាប់​និង​ឥណ្ឌា​។​ចក្រភព​ខ្មែរ​មាន​រាជធានី​នៅ​ខាងក្នុង​ដី​តែ​បាន​បើកមុខ​ត​ភ្ជាប់​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​និង​សមុទ្រ​ឥណ្ឌា​នៅ​ខាងលិច​។​

​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​លោក​អ៊ឹម​សុខ​រិទ្ធី​និង​លោក​SuratLertlum​យកមក​ផ្សព្វផ្សាយ​បង្រៀន​សិស្ស​ខ្មែរ​ម្ខាង​និង​ថៃ​ម្ខាង​រៀងៗ​ខ្លួន​។​គ្រូ​ទាំងពីរ​បង្រៀន​សិស្ស​អំពី​ប្រវត្តិសាស្ត្រ​និង​វប្បធម៌ ព្រមទាំង​បុរាណវិទ្យា​ដែល​កើត​អំពី​ការស្រាវជ្រាវ​ប្រកបដោយ​វិទ្យាសាស្ត្រ​។​សិស្ស​បាន​ស្វែងយល់​អំពី​ប្រវត្តិ​នៃ​ប្រទេស​ទាំងពីរ​ដែលមាន​មរតក​វប្បធម៌​មកពី​ឫសគល់​តែមួយ​។​

​ដូនតា​របស់គេ​ធ្វើដំណើរ​លើ​ដងផ្លូវ​បុរាណ​តែមួយ​។​នេះ​ជា​កម្មវិធី​សម្រាប់​យុវជន​ដែល​គ្នា​នឹង​ស្វែងយល់​វែងឆ្ងាយ​អំពី​ទំនាក់ទំនង​ក្នុង​តំបន់​ដែល​ខ្លួន​កំពុង​រស់នៅ​។ យុវជន​អាច​មើលឃើញថា ១០០​ឆ្នាំមុន ឬ​៨០០​ឆ្នាំមុន វា​គ្មាន​ព្រំដែន​អ្វី​សម្គាល់ថា​ជា​របស់​អ្នកនេះ របស់​អ្នក​នោះទេ​។ មនុស្ស សហគមន៍ ទំនិញ​និង​បច្ចេកវិទ្យា ផ្លាស់ប្តូរ ដោះដូរ ទាក់ទង​គ្នា​ដោយ​សេរី ពុំមាន​របាំង​អ្វី​សោះ​។​ជា​អកុសល ប្រទេស​នានា​ឬ​មនុស្ស​មួយចំនួន​មិន​តែងតែ​ចង់បាន​ការចែករំលែក​របៀប​សម័យបុរាណ​ក្នុង​ពិភពលោក​សម័យ​ទំនើប​នេះ​ទេ​៕S/​

#