​ជម្លោះ​ខឹង​រឿង​ជំពាក់​លុយ​១០​ដុល្លារ​ជន​ម្នាក់​វាយ​ភាគី​ម្ខាង​ទៀត​ឱ្យ​រងរបួស​ធ្ងន់ធ្ងរ​

159

(​ភ្នំពេញ​)៖​បុរស​ជនជាតិ​វៀតណាម​២​នាក់​មាន​ជម្លោះ​ខឹង​រឿង​ជំពាក់​លុយ​១០​ដុល្លារ​មិន​ព្រម​សង​ជន​ម្នាក់​វាយ​ភាគី​ម្ខាង​ទៀត​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ករណី​ហិង្សា​នេះ​បាន​កើតឡើង​នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​កោះនរា សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣​ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ តឹង អាន់ អាយុ ២១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅ​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ជនសង្ស័យ​ឈ្មោះ ផាម ហុង​ខិ​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ រើស​អេតចាយ ស្នាក់នៅ​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​កំពុង​រើស​អេតចាយ​នៅ​ចំណុចកើតហេតុ ពេលនោះ ជនរងគ្រោះ​ស្រវឹងស្រា​ខ្លាំង និង​មិត្តភក្តិ បាន​ជិះ​ម៉ូតូ​ទៅ​ទារលុយ​ពី​ជនសង្ស័យ ដែល​ជំពាក់​បងស្រី​ខ្លួន​ចំនួន ១០​ដុល្លារ​។ ពេលនោះ ជនសង្ស័យ​ប្រាប់ថា មានតែ ៥​ដុល្លារ​ទេ យក​សិន​ទៅ ហើយក៏​មានទំនាស់​ពាក្យសម្តី​គ្នា​។

ជនរងគ្រោះ​ក៏​ជិះ​ម៉ូតូ​ទៅយក​ដាវ​ត្រឡប់មកវិញ ក៏​ដួល​ម៉ូតូ​បោក​ទៅលើ​ផ្លូវ​បេតុង រួច​ងើបឡើង​យក​ដាវ​ទៅ​កាប់​ជនសង្ស័យ​។ តែ​ពុំ​ត្រូវ រួច​ជនសង្ស័យ ក៏​យកដៃ​វាយ​ក្បាល​ជនរងគ្រោះ ២​ដៃ បណ្តាល​ឲ្យ​ដួល​ទៅលើ​ផ្លូវ បន្ទាប់មក​ក៏មាន​អ្នកជិតខាង​ជួយ​ឃាត់​ចេញ​រៀងខ្លួន​។​

​លុះដល់​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជនរងគ្រោះ​មាន​អា​ការៈឈឺ​ក្បាល​ខ្លាំង ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត រហូតដល់​ម៉ោង ១ និង ៣០​នាទី រសៀល​ថ្ងៃ​ដដែល ម្តាយ​ជនរងគ្រោះ ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​និរោធ ។​ទើប​ដល់​ម៉ោង ៥ រសៀល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ បញ្ជូនមក​ទីស្នាក់ការ​ប៉ុស្តិ៍​និរោធ ធ្វើការ​សាកសួរ និង​ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​ជម្លោះ​ខឹង​រឿង​ជំពាក់​លុយ​១០​ដុល្លារ​ជន​ម្នាក់​វាយ​ភាគី​ម្ខាង​ទៀត​ឱ្យ​រងរបួស​ធ្ងន់ធ្ងរ​(រូប៖វ៉បសាយ)