​ជិត​ពីរ​ទស្សវត្សរ៍​កន្លងមក​នេះ​អត្រា​ឈឺ​និង​ស្លាប់​ដោយសារ​ជំងឺរបេង​មានការ​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​

474
ចែករម្លែក
  • 6
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​រយៈពេល​ជិត​ពីរ​ទស្សវត្ស​កន្លងមកនេះ​អត្រា​ឈឺ​និង​ស្លាប់​ដោយសារ​ជំងឺរបេង​មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។​ជាក់ស្តែង​នៅ​ចន្លោះ​ឆ្នាំ​២០០០​ដល់​២០១៧​អត្រា​ស្លាប់​បាន​ធ្លាក់ចុះ​ក្នុង​កម្រិត​មធ្យម​៣,៥​ភាគរយ​ក្នុង​មួយឆ្នាំៗ​ធៀប​នឹង​ការចុះ​ថយ​នៅ​សកលលោក​តែ​៣​ភាគរយ​ប៉ុណ្ណោះ​។​
​អត្រា​អាំង​ស៊ី​ដង់​របេង​គ្រប់​សណ្ឋាន​ត្រូវបាន​ចុះថយ​ជា​កម្រិត​ជា​មធ្យម​ក្នុង​មួយឆ្នាំៗ​ធៀប​នឹង​ការចុះ​ថយ​ជា​មធ្យម​នៅ​សកលលោក​តែ​២​ភាគរយ​ប៉ុណ្ណោះ​។​ទាំងនេះ​គឺជា​សមិទ្ធផល​គួរ​ជាទី​មោទនៈ​បំផុត​។​នេះ​ជាការ​លើកឡើង​របស់លោក​ស្រី​វេជ្ជបណ្ឌិត​យក់​សម្បត្តិរ​ដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល នៅក្នុង​ពិធី​បិទ​សន្និបាត​ការងារ​កំចាត់​រោគរបេង​ទូទាំងប្រទេស​លើក​ទី​២៤ កាលពី​រសៀល​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៩​នា​សណ្ឋាគារ​ភ្នំពេញ​។​

​លោកស្រី​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍​ឱ្យដឹងទៀតថា​៖​ឆ្នាំ​២០១៨​កម្មវិធី​ជាតិ​កំចាត់​រោគរបេង​សម្រេចបាន​សមិទ្ធផល​សំខាន់ៗ​ថ្មី​បន្ថែមទៀត​ពិសេស​ការបន្ត​រក្សា​នូវ​អត្រា​ព្យាបាល​ជោគជ័យ​លើសពី​៩០​ភាគរយ​និង​បាន​ស្រាវជ្រាវ​រកឃើញ​របេង​គ្រប់​សណ្ឋាន​ចំនួន​២៨៧៥៧​ករណី​។​ការរក្សា​ដំណើរការ​សេវា​ដូ​ត​ស៍​នៅ​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​និង​ប៉ុស្តិ៍​សុខភាព​សរុប​ទាំងអស់​ចំនួន​១៣២៥​កន្លែង ព្រមទាំង​សេវា​ដូ​ត​ស៍​សហគមន៍​នៅ​មណ្ឌល​សុខភាព​ចំនួន​៦៤៤​។​

​ដើម្បី​ឲ្យ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺរបេង​ទទួលបាន​ជោគជ័យ​ថែមទៀត​ពិសេស​ស្របតាម​ផែនការ​ថ្មី​របស់​កម្មវិធី​ជាតិ​ក៏​ដូច​យុទ្ធសាស្ត្រ​អន្តរជាតិ​«​យុទ្ធសាស្ត្រ​បញ្ចប់​ជំងឺរបេង​»​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​លោកស្រី​វេជ្ជបណ្ឌិត​បា​នៀ្ត​ល់​នូវ​អនុសាសន៍​មួយចំនួន​ជាអាទិ៍​៖​ពង្រឹង​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​គ្រប់លំដាប់​ថ្នាក់​,​ជំរុញ​ថែមទៀត​ការគៀងគរ​ធនធាន​ដើម្បី​សម្រេច​ទិសដៅ​របស់់​កម្មវិធី​ជាតិ​សម្រាប់​ឆ្នាំ​២០១៩​។​

​ឆ្នាំ​បន្ត​សំដៅ​ស្រាវជ្រាវ​អ្នកជំងឺ​របេង​គ្រប់​សណ្ឋាន​ឲ្យ​បាន​គ្រប់​ផែនការ​និង​សូម​បន្ត​រក្សា​ឲ្យ​បាន​អត្រា​ព្យាបាល​ជោគជ័យ​លើស​៩០​ភាគរយ​។​ជំរុញ​ការផ្តល់សេវា​ស្រាវជ្រាវ​និង​ព្យាបាល​ជំងឺរបេង​ដល់​ក្រុម​មាន​ហានិភ័យ​ខ្ពស់​មាន​ជាអាទិ៍​ការងារ​របេង​-​អេដស៍​របេង​ពន្ធនាគារ​របេង​កុមារ​របេង​ក្នុងចំណោម​អ្នកជំងឺ​ទឹកនោមផ្អែម​និង​របេង​លើ​មនុស្សពេញវ័យ​។

​ត្រូវ​រៀបចំ​ពង្រឹង​និង​ពង្រីក​ឲ្យ​បាន​ប្រសើរឡើង​ថែមទៀត​ក្នុង​ការងារ​ប្រយុទ្ធ​នឹង​ជំងឺរបេង​ស៊ាំ​នឹង​ឱសថ​ដោយ​សហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ជំរុញ​លើកទឹកចិត្ត​យ៉ាងណា​ឲ្យ​អ្នកជំងឺ​ប្រើប្រាស់​ថ្នាំ​របេង​ឲ្យ​បាន​ត្រឹមត្រូវ​និង​រហូតដល់​ចប់​។​

​នៅក្នុង​ពិធី​បិទ​សន្និបាត​លោក​វេជ្ជបណ្ឌិត​ម៉ៅ​តាន់​អ៊ាង​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​និង​ហង់​សិន​បាន​មានប្រសាសន៍ថា​៖​កម្មវិធី​ជាតិ​កំចាត់​រោគរបេង​អាច​រក្សាបាន​នូវ​អត្រា​ព្យាបាល​ជោគជ័យ​លើសពី​៩០​ភាគរយ​ចាប់តាំងពី​ឆ្នាំ​១៩៩៥​រហូតដល់​បច្ចុប្បន្ន​។​

យើង​សម្រេចបាន​តាម​ផែនការ​ឆ្នាំ​២០១៨​ដែល​ក្នុងនោះ​ព្យាបាល​ជោគជ័យ​បាន​៩៣​ភាគរយ​និង​ស្រាវជ្រាវ​ជំងឺរបេង​សរុប​ទាំងអស់​បាន​២៨ ៧៥៧​ករណី​។​បច្ចុប្បន្ន​មន្ទីរពេទ្យបង្អែក​មណ្ឌល​សុខភាព​រួមទាំង​ប៉ុស្តិ៍​សុខភាព​ទាំងអស់​សរុប​ចំនួន​ជាង​១៣២៥​កន្លែង​នៅ​ទូទាំងប្រទេស​មាន​សេវា​របេង​តាម​យុទ្ធសាស្ត្រ​«​ដូ​ត​ស៍​»​។​យើង​បាន​ពង្រីក​ដូ​ត​សិ៍​សហគមន៍​បាន​ដល់​៦៤៤​នៃ​មណ្ឌល​សុខា​ភាព​។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា​៖ ក្នុង​រយៈពេល​១៨​ឆ្នាំកន្លងមក​ករណីរ​បេង​សរុប​ជាង​៦២​ម៉ឺន​ករណី ករណី​បេ​កា​វិជ្ជមាន​ចំនួន​ជាង​២៨​ម៉ឺន​ករណី​ត្រូវបាន​ស្រាវជ្រាវ​និង​ដាក់​ឲ្យ​ព្យាបាល​។​នេះ​បានន័យថា​ជីវិត​អ្នកជំងឺ​ជាច្រើន​ម៉ឺន​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ឲ្យ​ផុតពី​សេចក្តីស្លាប់​។​ហេតុនេះហើយ​ទើប​ជិត​ទស្សវត្សរ៍​ចុងក្រោយ​នេះ​អត្រា​មាន​ជំងឺ​ប្រ៉េ​វ៉ាឡង់​អត្រា​អាំង​ស៊ី​ដង់​និង​អត្រា​ស្លាប់​នៃ​ជំងឺរបេង​នៅ​កម្ពុ​ជាមាន​ការថយចុះ​ជា​បន្តបន្ទាប់​យ៉ាងខ្លាំង​ជាង​កណ្តា​ប្រទេស​ដទៃទៀត​៕S/

​ចំណងជើង​រូ​បថ​តៈ​ពិធី​បិទ​សន្និបាត​ការងារ​កំចាត់​រោគរបេង​ទូទាំងប្រទេស​លើក​ទី​២៤ កាលពី​រសៀល​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៩​នា​សណ្ឋាគារ​ភ្នំពេញ​(​រូបៈ​សុផល​)