​ជិះ​កង់​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

2574
ចែករម្លែក

ដោយៈ​សុផល​/​សៀមរាបៈ​គណៈកម្មាធិកា​រ​ជិះ​កង់​ដើម្បី​កម្ពុជា (Cycling for Cambodia Committee) នៅ​ចុង​ឆ្នាំនេះ នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ប្រចាំឆ្នាំ​២០១៩​ក្រោម​ប្រធានបទ «​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​លើក​ទី​៦» ។

​ក្នុង​គោលបំណង​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ (Angkor Hospital for Children)​។​ការ​ជិះ​កង់​សប្បុរសធម៌​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​១១​ខែសីហា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ១​រសៀល នៅ​ទីក្រុង​សៀមរាប ខេត្តសៀមរាប​។​

​បើ​យោងតាម​គណៈកម្មាធិការ​ជិះ​កង់​ដើម្បី​កម្ពុជា​នេះ​ជា​ឆ្នាំ​ទី​៥​ឆ្នាំ​ហើយ​ដែល​រហូតមក​ដល់ពេលនេះ​រៃអង្គាស​ថវិកា​បាន​ជាង​៧​ម៉ឺន​ដុល្លារ​និង​មានការ​អញ្ជើញ​ចូលរួម​ប្រមាណ​៤​ពាន់​នាក់​ដែល​ភាគច្រើន​ជា​ប្រជាជន​ក្នុងស្រុក និង​ជនបរទេស​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​។​

​ព្រឹត្តិការណ៍​«​ជិះ​កង់​ដើម្បី​បរិស្ថាន​និង​សុខភាព​កុមារ​លើក​ទី​៦»​នឹង​ចាប់ផ្តើម​ចេញដំណើរ​ពី​ផ្សារ​រាត្រី​ផាម ខន​ថេ​ន​ន័​រ (Palm Container NightMarket)​រួច​កាត់​តាម​វិធី​សម្តេច​វិបុល​បញ្ញា​សុខ​អាន​(​ផ្លូវ​៦០​ម៉ែត្រ​) និង​បញ្ចប់​នៅ​វត្ត​ព្រះ​ដាក់​នៅ​ជាយក្រុង​សៀមរាប​ខេត្តសៀមរាប​ដែលមាន​ចម្ងាយ​សរុប​ជាង​៨​គីឡូម៉ែត្រ​។​

​គួរបញ្ជាក់​ផង​ដែលថា​ទឹកប្រាក់​ដែល​ទទួលបាន​បន្ទាប់ពី​ការចំណាយ​លើ​ការរៀបចំ​ព្រឹត្តិការណ៍ នេះ នឹងត្រូវ​បរិច្ចាគ​ទៅអោយ​មន្ទីរពេទ្យ​កុមារ​អង្គ​រហើយ​ពួកយើង​រំពឹងទុក​ថា​ការ​រៃអង្គាស​លើក​នេះ​អាចនឹងទទួល​បាន​យ៉ាងហោចណាស់​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក​។​

ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះ​ឱ្យមាន​សម្ទុះ​ជាង​ឆ្នាំមុនៗ គណៈកម្មាធិការ​ជិះ​កង់​ដើម្បី​កម្ពុជា​ក៏ដូចជា​ដៃគូ​សហការ​បាន​អំពាវនាវ និង​សូម​គោរព​ជូនដំណឹង​ដល់​អ្នក​ដែល​ចូលចិត្ត​ជិះ​កង់​អ្នក​ស្រលាញ់​សុខភាព​ហើយក៏​ដូច​សប្បុរស់ជន​ទាំងអស់​អញ្ជើញ​ចូលរួម​អោយបាន​ច្រើន​ផងដែរ​។​

​ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជិះ​កង់​ដើម្បី​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន Jaya Catering& Events Services, ក្រុមហ៊ុន​ទេសចរណ៍ Cambodia Cycling ក្រុមហ៊ុន​ទេសចរណ៍ Travel Loops និង​ហាង​លក់​និង​ជួល​កង់​UniqueAdventure​។​

ចំណែកឯ​តម្លៃ​នៃ​ការចូលរួម​ព្រឹត្តិការណ៍​ឆ្នាំនេះ​គឺ ២០​ដុល្លារ ក្នុង​ម្នាក់​។​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍ «​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ​លើក​ទី ៦» នឹង​ទទួលបាន​កង់​សម្រាប់​ជិះ​ចំនួន​១ អាវយឺត​១ អាហារសម្រន់ ភេសជ្ជៈ ទឹក និង​អាហារ​ថ្ងៃត្រង់ ដែល​រៀបចំ​ដោយ​ភោជនីយដ្ឋាន Asian Square ជាពិសេស​គឺ​ឱ​បាន​បង្កើត​បណ្តាញ និង​បង្កើត​មិត្ត​ថ្មីៗ មកពី​ស្ថាប័ន​ជាច្រើន និង ការរីករាយ​លេង​ហ្គេម​ជា​ក្រុម​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ​។​

​ទីកន្លែង​នៃ​ការចុះឈ្មោះ​នឹងធ្វើ​ឡើង​ចាប់ពី ថ្ងៃទី​១ ឧសភា ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​2019 នៅ​ភោជនីយដ្ឋាន Asian Square និង​មន្ទីរពេទ្យ​កុមារ​អង្គរ (Angkor Hospital for Children) ហើយ​លោកអ្នក​អាចធ្វើ​ការចុះឈ្មោះ​តាមរយៈ​គេហទំព័រ​របស់ មន្ទីរពេទ្យ​កុមារ​អង្គរ (Angkor Hospital for Children) https://angkorhospital.org/cycling-registration-form/​។​

​សូមជម្រាបថា​ការបរិច្ចាគ​ធនធាន​ថវិកា​ដល់​កម្មវិធី​នេះ​គឺ​ជួយ​សម្រាល​បន្ទុក​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​អង្គរ​(AngkorHospitalforChildren)​ក្នុងការ​បម្រើសេវា​ពិនិត្យ​ព្យាបាល​និង​ថែ​ទា​ដោយ​ឥតគិតថ្លៃ​ដល​កុមារ​កម្ពុជា​មកពី​គ្រប់ទិសទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកបដោយ​គុណភាព​ខ្ពស់​និង​ក្តីមេត្តា​ករុណា​៕S/