​ជិះ​ម៉ូតូឌុប​សង្សា​ត្រូវ​ក្រុមចោរ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​នៅ​ខណ្ឌ​សែន​សុខ​

746
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​គូរ​ស្នេហ៍​វ័យក្មេង​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​បំណង​ចូល​ផ្ទះ​។ តែ​ជា​អកុសល ខណៈពេល​ជិះ​ជិត​ដល់ផ្ទះ​ហើយក៏​ត្រូវ​ក្រុមចោរ​ប្រុស​ស្រី​មួយក្រុម​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច​។​

ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ខាងមុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍ SCG តាម​បណ្តោយ​ផ្លូវ​ហាណូយ​ស្ថិតក្នុង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​មានឈ្មោះ​សាន់​ទិ​ត្យ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​បុគ្គលិក​ផ្សារ​ទំនើប​អ៊ី​អន​ពីរ​ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ ភូមិ កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​

​បើតាម​សម្តី​ពី​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គាត់​និង​សង្សារ​របស់គាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ុយ​ស័​រ​គី​និ​ច ស៊េរី​២០១៤​ឡើង​ស៊េរី​២០១៨ ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1FA-4917​។

​ជនរងគ្រោះ​បាន​បន្តថា​ខ្លួន​ទើបតែ​ជិះ​ចេញ​មកពី​ផ្ទះ​របស់​សង្សារ​ដែល​នៅ​ម្តុំ​ខាំ​កូ​ស៊ីត​ធី គោលបំណង​ដឹក​សង្សារ​ទៅលេង​បន្ទប់​ជួល​របស់ខ្លួន​ដែល​នៅក្បែរ​កន្លែងកើតហេតុ​។ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវ​មាន​សភាព​ស្ងាត់​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​មួយក្រុម មាន​គ្នា​ជាង​ដប​នាក់ ជិះ​ម៉ូតូ​៦​ទៅ​៧​គ្រឿង​មិន​ចាំ​ម៉ាក ជិះ​មកពី​ក្រោយ​។ រួច​ក៏​ធ្វើ​សកម្មភាព​យក​មួកសុវត្ថិភាព​វាយ​ទៅលើ​ជនរងគ្រោះ​។

បណ្តាលឱ្យ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោរ​ក៏​ផ្តួល​ម៉ូតូ​រត់​យករួចខ្លួន ហើយដោយ​ក្រុម​ជនសង្ស័យ​ឃើញ​ឱកាសល្អ​ក៏​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​រត់គេចខ្លួន​ដោយ​សុវត្ថិភាព ភ្លាមៗ​នេះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ​តែ​គ្មាន​អ្នកណា​ចេញមក​មើល​នោះទេ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃ្មួញ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ម៉ូតូ​របស់ខ្លួន​យក​ត្រឡប់មកវិញ​​ហើយ​ដើរ​ចេញពី​ប៉ុស្តិ៍​ដោយ​ក្តី​អស់សង្ឃឹម​៕S/