​ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង ​ជ្រុល​ទៅ​បុក​រថយន្ត​ ស្លាប់​ម្នាក់ ​របួស​ម្នាក់​

434
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​យុវជន​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​និង​អ្នករួមដំណើរ​ម្នាក់ទៀត​រងរបួស ​ដោយ​ជិះ​ម៉ូតូ​លឿន​ពេក​ពេលមកដល់​ផ្លូវ​កោង​យក​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ជនបទ​ ស្ថិតក្នុង​ក្រុមទី​៩ ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី​ កាលពី​រសៀល​ថ្ងៃទី​៣០ ​ខែមេសា​ឆ្នាំ​២០១៩ ។​

លោក​អនុសេនីយ៍ទោ​ម៉ៅ​ ហ៊​ត​ មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ ឫស្សី​បានឱ្យដឹងថា​ យុវជន​ដែល​ស្លាប់​នៅនឹងកន្លែង​មានឈ្មោះ​សាន់​ រ៉ា​ទី ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​(​អ្នកបើក​ម៉ូតូ​)​និង​អ្នករួមដំណើរ​រងរបួស​ស្រាល​ឈ្មោះ​ឡឹប​សេន​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ អ្នក​ទាំងពីរ​នៅ​ភូមិ​ស្រម៉​មាស ​ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោង​ឫស្សី​។

​ដោយឡែក​អ្នកបើកបរ​រថយន្ត​មានឈ្មោះ​ឆៃ​ យ៉ា​ភេ​មីន ​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ខ្លូត ឃុំ​ព្រៃ​ត្រឡាច ​ស្រុក​រុក្ខ​គី​រី​ ខេត្តបាត់ដំបង ​ត្រូវ​ប៉ូលិស​ចរាចរណ៍​ឃាត់ខ្លួន​។​​រថយន្ត​និង​ម៉ូតូ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​មោងឫស្សី​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕S/Ha