​ជីវិត​ក្នុង​ព្រៃរបស់​អតីត​យោធា​ខ្មែរក្រហម

1146
ចែករម្លែក

​ដោយ​: ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ភ្នំពេញ​:
ខ្ញុំ​ឈ្មោះ រំ ភ្លឿ​ន​។ ចាប់តាំងពី​ខ្ញុំ​ធំ​ដឹងក្ដី​មក ខ្ញុំ​បានរស់នៅ​ជាមួយ​ស្រែចម្ការ និង​ក្នុងព្រៃ​ជា​ជម្រក​រហូត​។ ឪពុក​របស់ខ្ញុំ​គឺជា​អតីត​យោធា​ខ្មែរក្រហម​។ នៅពេលដែល​ឪពុក​ខ្ញុំ​ហាត់​ក្បួន​យុទ្ធសាស្ត្រ​យោធា​និង​ឡើង​វាយ​ជាមួយ​ខ្មាំង​នៅលើ​សមរភូមិ​ខ្ញុំ​តែងតែ​ទៅជា​ប់​ជាមួយ​គាត់​។ ចំណែក​ម្ដាយ​របស់ខ្ញុំ​ក៏​នៅ​ក្នុងព្រៃ​ជាមួយ​ឪពុក​ខ្ញុំ​ដែរ​។ ដោយសារ​ខ្ញុំ​រស់នៅ​ក្នុងព្រៃ​អស់​រយៈពេល​យូរ​រហូតដល់​ពេលខ្លះ​ខ្ញុំ​គិតថា​ព្រៃឈើ​គឺជា​ផ្ទះ​របស់ខ្ញុំ​ពិតប្រាកដ​។​

​នៅ​ក្នុងព្រៃ​ខ្មែរក្រហម​បាន​សាង​សង់រោង​សម្រាប់​កុមារ​រៀនសូត្រ​។ ខ្ញុំ​ក៏បាន​ចូលរៀន​សូត្រ​ជាមួយ​កូនៗ​របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម​ផ្សេងទៀត​ដែរ​។ ខ្ញុំ​និង​ក្មេង​ទាំងៗ​ទាំងនោះ​រៀន​អាន​អក្សរ ក​, ខ​, រៀន​ប្រកប និង​រៀន​នយោបាយ​បន្ថែមទៀត​។ ខ្ញុំ​នៅចាំ​ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​រៀន​កាល​ជំនាន់​នោះ​ថា «​ប្រសិនបើ​យើង​មិន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ទេ យួន​នឹង​យក​ទឹកដី​អស់​មិន​ខាន​»​។ ទាំងនេះ​គឺជា​ពាក្យសំដី​របស់​ខ្មែរក្រហម ហើយក៏​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ដែរ​។ ខ្ញុំ​រៀន​មិន​ឆ្លាត​ទេ​នៅក្នុង​ថ្នាក់ ហើយក៏​មិនសូវ​ចេះ​អាន​អក្សរ​ដែរ​។ ប៉ុន្តែ​ខ្ញុំ​រៀន​ឆាប់​ចេះ​ពី​របៀប​រស់នៅ និង​យក​រុក្ខជាតិ​ដែល​ដុះ​នៅក្នុង​ព្រៃ​មក​ធ្វើជា​អាហារ និង​ប្រើប្រាស់​ប្រចាំថ្ងៃ​តាមរយៈ​ឪពុក​របស់ខ្ញុំ​។ នៅពេល​ខ្ញុំ​ចង់​ងូតទឹក ឬ​ចង់​កក់សក់ ខ្ញុំ​បាន​បេះ​ស្លឹក​ទ្រមូង​មក​ឈ្លី​រហូតដល់​ទក់ និង​ចេញ​ពពុះ រួច​យកមក​កក់សក់​ជំនួស​សាប៊ូ​។ ទ្រមូង​មាន​រសជាតិ​ជូរ​អាច​លាងជម្រះ​សក់ និង​ក្អែល​ដែល​ជាប់​នៅ​នឹង​ខ្លួន​បាន​។ ដើម​ទ្រមូង​ធំ មាន​កម្ពស់​រហូតដល់​៣០​ម៉ែត្រ ហើយ​ស្លឹក​របស់​វា​យើង​អាច​យកមក​ស្លម្ជូរ និង​ផ្ទាប់​ជា​អន្លក់​។ ពេលណា​ដែល​ខ្ញុំ​បោក​ខោអាវ ខ្ញុំ​បាន​កាប់​សំបក​វ​ល្លិ៍​អ​ង្គុ​ញ ឬ​វ​ល្លិ៍​ស្គន់ មក​ត្រដុស​លើ​ខោអាវ រហូត​មាន​ពពុះ​ដែល​អាច​ឲ្យ​ខ្ញុំ​បោក​ខោអាវ​បាន​ជ្រះ​។

​ពេលដែល​ខ្ញុំ​នៅក្នុង​ព្រៃ ហើយ​មិន​មានទឹក​ផឹក ខ្ញុំ​បាន​កាប់​ដើម​វ​ល្លិ៍​ឆ្វេង​សម្រក​យក​ទឹក​ដែល​ហូរ​ចេញពី​វ​ល្លិ៍​ឆ្វេង​មក​ផឹក​។ ទឹក​ហូរ​ចេញពី​វ​ល្លិ៍​ឆ្វេង​ហាក់រ​មាស់ក​បន្តិច ប៉ុន្តែ​ក៏​អាចជួយ​ឲ្យ​ខ្ញុំ​បាត់​ការ​ស្រេក​ទឹកបាន​មួយគ្រា​ដែរ​។ ខ្ញុំ​សម្គាល់​វ​ល្លិ៍​ឆ្វេង​បាន​ដោយសារ​រុក្ខជាតិ​នេះ ដុះ​ព័ទ្ធ​ដើមឈើ​ផ្សេងៗ​ពី​ខាងឆ្វេង​ដៃ និង​វ័ណ្ឌ​រហូតដល់​ចុងឈើ​។

ការរស់នៅ​ក្នុងព្រៃ​មិនមាន​អង្ករ​ហូប​គ្រប់គ្រាន់​ទេ ដូច្នេះ​ខ្ញុំ​តែងតែ​ដើរ​ជីក​ក្ដួច និង​ដំឡូង​ព្រៃ​មក​ហូប​ជំនួស​បាយ​។ នៅពេល​ខ្ញុំ​រក​ក្ដួច​បាន ខ្ញុំ​មិនអាច​យក​វា​មក​ហូប​ភ្លាមៗ​បានទេ​។ ខ្ញុំ​យក​ក្តួច​មក​ចិត​ជា​ចំណិត​ស្ដើងៗ រួចហើយ​យក​វា​ទៅ​ច្រកចូល​បាវ បន្ទាប់​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹកស្ទឹង​ប្រមាណ​ជា​ពីរ​ទៅ​បី​យប់​ទើប​អាចយ​កវា​មក ចម្អិន​ហូប​បាន​។ មើម​ក្ដួច​មាន​សារធាតុ​ម្សៅ​ម្យ៉ាង​ធ្វើ​ឲ្យ​អ្នក​ហូប​អាច​ពុល​ស្លាប់​បាន ប្រសិនបើ​យើង​មិន​យក​វា​ទៅ​ត្រាំ​ទឹក​។ កាលពីមុន​នៅក្នុង​ព្រៃ មាន​សត្វ​ខ្លា​ច្រើនណាស់ ហើយ​ប្រសិនបើ​អ្នកភូមិ​ចង់​សម្លាប់សត្វ​ខ្លា​ដោយសារ​ខ្លាច​ចូល​យក​យាយី​ខ្លួន គឺ​អ្នកភូមិ​បាន​យក​មើម​ក្ដួច​មក​លាយ​ជាមួយ​សត្វ​ដែល​ខ្លួន​បរបាញ់​ដាក់​ឲ្យ​សត្វ​ខ្លា​ស៊ី​។ បន្ទាប់ពី​សត្វ​ខ្លា​បាន​ស៊ី​សត្វ​ដែល​លាយ​ជាមួយ​មើម​ក្ដួច​នោះ​រួចមក សារធាតុពុល​អាចធ្វើ​ឲ្យ​សត្វ​ខ្លា​ងាប់​ភ្លាមៗ​។

​កាលពីមុន​ឆ្នាំ​១៩៧៥ តំបន់​អន្លង់វែង​ដែល​ខ្ញុំ​រស់នៅ​មាន​ព្រៃឈើ​យ៉ាង​ក្រាស់​។ ប្រជាជន​នៅ​តំបន់​នេះ​ភាគច្រើន​បាន​គាំទ្រ​ចលនា​តស៊ូ​ខ្មែរក្រហម និង​បាន​យក​ព្រៃ​ស្អា​ក (​ឬ​មន្ទីរ​កងកេង​) ធ្វើជា​កន្លែង​ឃោសនា និង​ជ្រើសរើស​ប្រជាជន​នៅ​ស្រុក​អន្លង់វែង​ចូលរួម​ជាមួយ​បដិវត្តន៍​។ ទាំង​ប្រជាជន និង​ខ្មែរក្រហម​ភាគច្រើន​នៅពេលនោះ​ក៏បាន​រស់នៅ​ដោយ​អាស្រ័យ​ពី​ព្រៃឈើ​។ ក្រោយពេល​ខ្មែ​ក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ គ្រួសារ​ខ្ញុំ និង​ប្រជាជន​ដែល​តស៊ូ​ផ្សេងទៀត​បាន​ជម្លៀស​ទៅ​រស់នៅ​ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ នៅ​ទីនោះ​ខ្ញុំ​បាន​ចូល​កងចល័ត​កុមារ​ទី​២ ដែលមាន​តួនាទី​ដើរ​ចល័ត​នៅក្នុង​ឃុំ​

ខ្ញុំ​ដើរ​កាប់​ដើម​ទន្ទ្រានខែត្រ​ធ្វើ​ជី​សម្រាប់​ដាក់​ស្រែ និង​ដំណាំ​។ នៅ​អំឡុង​ឆ្នាំ​១៩៧៧-១៩៧៨ ខ្ញុំ​ត្រូវបាន​ផ្លាស់​មក​កង​ធ្វើ​ជី​នៅ​តំបន់​៤​។ កង​ធ្វើ​ជី​មាន​សមាជិក​ប្រមាណ​២០​ទៅ​៣០​នាក់​។ នៅ​ដើមឆ្នាំ​១៩៧៩ ពេល​កងទ័ព​វៀតណាម​វាយ​ផ្ដួលរំលំ​របប​ខ្មែរក្រហម ខ្ញុំ​និង​គ្រួសារ​បានរ​ត់ម​កលាក់​ខ្លួន​នៅក្នុង​ព្រៃ​ស្អា​ក​។ នៅ​ឆ្នាំ​១៩៨០ ឪពុកម្ដាយ​របស់ខ្ញុំ​ក៏បាន​នាំ​ខ្ញុំ​ឡើងលើ​ភ្នំ​ដងរែក​ជាមួយ​កងពល​ដែល​ដឹកនាំ​ដោយ តា​ផន ហើយ​ខ្ញុំ​ក៏បាន​ចូលធ្វើ​យោធា​ខ្មែរក្រហម​នៅពេលនោះ​។ នៅ​ឆ្នាំ​១៩៨៨ ខ្ញុំ​បាន​រៀបការ​ប្រពន្ធ​ដែលជា​អ្នកស្រុក​អន្លង់វែង​ជាមួយគ្នា​។

​ក្រោយ​សង្គ្រាម​បានបញ្ចប់​នៅ​ឆ្នាំ​១៩៩៩ តំបន់​ដែលជា​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល និង​យោធា​ខ្មែរក្រហម​នៅ​អន្លង់វែង​បាន​បន្សល់​នៅ​អាវុធយុទ្ធភណ្ឌ និង​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​។​ជា​ញឹកញាប់​ប្រជាជន​នៅ​តំបន់​នេះ​បាន​រងគ្រោះថ្នាក់​ពី​គ្រាប់មីន​ទាំងនេះ​។ នៅក្នុង​ឆ្នាំ​១៩៩៣ ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ជួយ​ព្រះ​តេជគុណ ប៊ុត សា​លួត ដើម្បី​ស្វែងរក​ទីតាំង​គ្រាប់មីន​ដែល​ខ្មែរក្រហម​បាន​បង្កប់​នៅតាម​ព្រៃ​ក្នុងសម័យ​សង្គ្រាម​ជាមួយ​វៀតណាម​ដើម្បី​ដោះចេញ​។

ក្នុងអំឡុង​ពេលធ្វើការ​ងារ​រុករក​គ្រាប់មីន ខ្ញុំ​បានឃើញ​ដើមឈើ​ធំៗ និង​មាន​សត្វព្រៃ​ជាច្រើន​រស់នៅ​ដែល​ទាក់ទាញ​ចិត្ត​របស់ខ្ញុំ​ចង់​ការពារ​ទាំងនោះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​ក្រោយមក​ខ្ញុំ​ក៏បាន​ស្ម័គ្រចិត្ត​ចូល​ធ្វើជា​អ្នកការពារ​ព្រៃឈើ​នៅ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ដឹកនាំ​ដោយ​ព្រះ​តេជគុណ ប៊ុត សា​លួត រហូតមកដល់​សព្វថ្ងៃ​៕ ល​