«​ជីវិត​ក្នុង​ភាព​នឹងថ្កល់​» ​រឿងរ៉ាវ​របស់​ប្រជាជន​ក្រោម​របប​ខ្មែរក្រហម​ ​ប៉ែន ផេង​៖កម្មករ​រោងចក្រ​បារី​

196
ចែករម្លែក
ប៉ែន ផេង នៅ​ទួលស្លែង នៅ​ឆ្នាំ​១៩៧៦ ឬ​១៩៧៧​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​វេ​នី ខក​ហ្កៀ​ល​, ប៊ា​ង ពី​វ័​ន្ត​, ស៊ឹម សុភ័ក្ត្រ និង រ៉ា ឆៃ​រ៉ា​ន់​
ភ្នំពេញៈ​ប៉ែន ហង្ស ត្រូវជា​ប្អូនប្រុស ប៉ែន ផេង បាន​និយាយ​រៀបរាប់ថា​៖
​ ​ខ្មែរក្រហម​មក​យក​បងស្រី​ខ្ញុំ​កាល​គាត់​ឈប់រៀន​ថ្នាក់​ទី​៩​។ ពេលនោះ​ទាហាន លន់ នល់ និង​ទាហាន​វៀតណាម​កំពុងតែ​ច្បាំង​គ្នា​ពេញទំហឹង ហើយ​យន្តហោះ​ចាប់ផ្ដើម​ទម្លាក់​គ្រាប់បែក​ស្លាប់​អស់​ប្រជាជន​ជាច្រើន​នាក់​និង​គោក្របី​រាប់សិប​ក្បាល​។​


​ ​បង​ផេង មិន​ចង់ទៅ​ទេ ប៉ុន្តែ​អង្គការ​និយាយថា​គាត់​ចាំបាច់​ត្រូវតែទៅ​។ ឪពុកម្ដាយ​ខ្ញុំ​យំ ព្រោះ​មិន​ចង់​ឲ្យ​កូន​ទៅ​ចូលរួម​បដិវត្តន៍​ទេ​។ បង​ផេង ឱប​ម៉ែ​ពុក​ហើយ​យំ​ទាំងអស់គ្នា​។
​ ​ដំបូង​ខ្មែរក្រហម​យក បង​ផេង បងប្រុស​ខ្ញុំ​ឈ្មោះ ផាម និង​ប្រជាជន​ជាច្រើន​នាក់​ទៀត ដឹក​តាម​រទេះសេះ​ឲ្យ​ទៅ​លើក​ទំនប់​ក្បែរ​ភូមិ​នេះ​។ បន្ទាប់មក បង​ផេង ទៅធ្វើ​ទាហាន​។ ពីរ​ឆ្នាំក្រោយ​គាត់​បានមក​លេង​ផ្ទះ​ម្ដង មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ក៏​ត្រឡប់​ទៅវិញ​។ គាត់​បាន​យក​ប៉ែល​មកជា​មួយ​ដែរ ប៉ុន្តែ​ខ្ញុំ​មិនបាន​ដឹងថា​ហេតុ​ម៉េច​ទេ​។ បង​ផេង ឱប​ក្រុមគ្រួសារ​ហើយ​និយាយថា​យើង​បែក​គ្នា​រហូត​ហើយ​។​


​ ​បុរស​ម្នាក់​ឈ្មោះ កែក ឥឡូវនេះ​គាត់​ស្លាប់​ហើយ​បាន​ប្រាប់​ខ្ញុំ​ថា បង​ផេង ទៅ​ភ្នំពេញ​ធ្វើការ​នៅ​រោងចក្រ​មួយ​ដ៏​អាថ៌កំបាំង​។ ក្រោយ​ខ្មែរក្រហម​ដួលរលំ​ខ្ញុំ​ក៏​ទៅរក​គ្រូទាយ​។ គ្រូទាយ​ប្រាប់ថា បង​ផេង ស្លាប់​ហើយ ទើប​ខ្ញុំ​មិន​ទន្ទឹងរង់ចាំ​គាត់​ត្រឡប់មកវិញ​។​
​ ​ឪពុក​ខ្ញុំ​ស្លាប់​នៅ​ឆ្នាំ​១៩៧៣ គឺ​ក្រោយពេល​បងប្រុស​បងស្រី​ខ្ញុំ​ចាក​ចេញទៅ​។ គាត់​ធ្លាក់ខ្លួន​ឈឺ​ដោយសារតែ​នឹក​កូនៗ​។ មុនពេល​គាត់​ស្លាប់​គាត់​និយាយថា «​ខ្ញុំ​នឹង​ទៅ​ជួប​កូនស្រី​ខ្ញុំ​ហើយ​»​។


​ ​អំឡុង​បដិវត្តន៍ ខ្ញុំ​ធ្វើ​ពេទ្យ​ដំបូង​នៅ​ពេទ្យ​ឃុំ ក្រោយមកទៀត​ធ្វើជា​អ្នកបាញ់​ថ្នាំ​មូស​។ ខ្ញុំ​ដើរ​បាញ់ថ្នាំ​មូស​។ ខ្ញុំ​ដើរ​បាញ់ថ្នាំ​តាម​ភូមិ​ក្បែរៗ​នោះ​។ ពេល​ដើរ​បាញ់​សព្វ​អស់ហើយ ខ្ញុំ​ចាប់​ផ្ដើមធ្វើ​សាជាថ្មី​វិញ​។ ពេល​ល្ងាច​ខ្ញុំ​ធ្វើស្រែ​។​


​ ​នៅ​ឆ្នាំ​១៩៧៨ ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ​មុន​របប​ខ្មែរក្រហម​ដួលរលំ អង្គការ​ចាត់តាំង​ឲ្យ​ខ្ញុំ​រៀបការ​។ ស្អែក​ឡើង​ខ្ញុំ​អង្គុយ​លើ​កៅអី​នៅក្នុង​ពិធី​រៀបការ​តាំងចិត្ត​ថា​ធ្វើតាម​អ្វីដែល​អង្គការ​បញ្ជា​។ ពិធី​នោះ​រៀបការ​យុវនារី​សរុប​១៦០​គូ​។ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​សច្ចា​ថា​នៅ​រួមរស់​ជាមួយគ្នា និង​មានកូន​មួយ​ក្នុងពេល​មួយឆ្នាំ​។ ខ្មែរក្រហម​បាន​ឲ្យ​ខោអាវ​ខ្មៅ និង​ក្រមា​មួ​យមក​យើង ហើយ​មាន​រៀបចំ​ម្ហូបអាហារ​ឲ្យ​ហូប​។ ក្រោយ​បដិវត្តន៍ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​វិល​មក​ផ្ទះ​វិញ​។ ឥឡូវ​យើង​មានកូន​ប្រាំ​នាក់​៕សរន