​ជូនពរ និង ណែនាំ​មុន​ទៅ​ស៊ី​ហ្គេម​

229
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា បាន​ប្រាប់​ទៅ​កីឡាករ កីឡាការិនី អាជ្ញាកណ្ដាល មន្ត្រី​ដឹកនាំ​ក្រុម សរុប​ចំនួន ២១២ រូប ដែល​ត្រូវ​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន ថា​ត្រូវគោរព​ពេលវេលា ហ្វឹកហាត់ ហូបចុក​ឲ្យ​បានល្អ ។ លោក​ថ្លែង​បែបនេះ នា​ព្រឹក​ថ្ងៃទី​១៦ កញ្ញា ជាមួយ​កីឡា​ចំនួន ១៥ ប្រភេទ ក្នុងចំណោម ៣០ ប្រភេទ ដែល​ត្រូវ​ចេញទៅ ស៊ី​ហ្គេម​។​

ទិដ្ឋភាព​សំណេះសំណាល​

​នេះ​ជាការ​ជួប​សំណេះសំណាល ជា​លើក​ទី​១ ជាមួយ​កីឡា​តេ​ក្វាន់​ដូ WT (World Taekwondo) ប៉េតង់ ជី​ជី​តស៊ូ ប្រដាល់​គុន​ខ្មែរ សីដក់ ប្រដាល់​សាកល វាយ​កូន​បាល់ ល្បុក្កតោ (Arnis) បេ​ស្ប​ល បាល់ទះ (​បាល់ទះ​លើ​ក្ដារ និង លើ​ខ្សាច់​) បាល់ទាត់​អាយុ​ក្រោម​២២​ឆ្នាំ បាល់បោះ (​ម្ខាង​៣​នាក់ និង​ម្ខាង​៦​នាក់​) អត្តពលកម្ម ហែល​ទឹក និង​កាយសម្ព័ន្ធ ។​

ទិដ្ឋភាព​សំណេះសំណាល​

​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា បាន​ឲ្យ​ដឹងថា កីឡាករ កីឡាការិនី​ទាំងអស់ បាន​ហ្វឹកហាត់ និង ឆ្លងកាត់​ការធ្វើ​តេស្ត​សមត្ថភាព កម្លាំង និង​ប​ច្ចក​ទេស​បាន​តាម​ការកំណត់ ។ រាល់​ការហ្វឹកហាត់ សុទ្ធតែ​ឆ្លងកាត់​ការត្រួត​ព​និត្យ ពី​សំណាក់​អនុរក្ស ពិសេស​ការហូបចុក ៣ ពេល ដោយ​ម្ហូបអាហារ មាន​កាឡូរី គ្រប់គ្រាន់ ដែល​ផ្ដល់​ដោយ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ។​

ទិដ្ឋភាព​សំណេះសំណាល​

​លោក ស សុខា បាន​ចាត់ទុកថា ស៊ី​ហ្គេម​លើក​ទី​៣០ ឆ្នាំ​២០១៩ និង​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​វៀតណាម គឺជា​ការសាកល្បង សមត្ថភាព​ដ៏​សំខាន់ សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ។ លោក​រដ្ឋលេខាធិការ បាន​សំណូមពរ ឲ្យ​កីឡាករ កីឡាការិនី កុំ​លេង​ទូរស័ព្ទ នៅពេល​យប់​ច្រើន ក្នុងអំឡុងពេល​ទៅ​ស៊ី​ហ្គេម សម្រាប់​ករណីនេះ គ្រូបង្វឹក មន្ត្រី​ដឹកនាំ​កីឡាករ ត្រូវតែ​ពិនិត្យមើល​រឿងនេះ ឲ្យ​មែនទែន ។​

ទិដ្ឋភាព​សំណេះសំណាល​

​លោក​រដ្ឋលេខាធិការ ក៏បាន​សំណូមពរ ឲ្យ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា ជួយ​រៀបចំ​អាហារ​បែប ហ្វីលីពីន ដល់​កីឡាករ កីឡាការិនី​កម្ពុជា ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ និង ស៊ាំ​ជាមួយ​ម្ហូប​ហ្វីលីពីន ។ ធ្វើបែបនេះ ដើម្បី​កុំ​ឲ្យ​កីឡាករ កីឡាការិនី​កម្ពុជា យក​អាហារ​ពី​ស្រុក​ខ្មែរ ទៅ​ដូចជា ត្រីងៀត ឆៃប៉ូវ និង​ម្ហូប​ផ្អាប់​ដទៃទៀត ដែល​មិនមាន​គុណប្រយោជន៍ សម្រាប់​កម្លាំង​៕v