​ជួយ​សង់​សាលារៀន​គឺជា​ការរួមចំណែក​ដ៏​សំខាន់​លើ​វិស័យ​អប់រំ​

266
ចែករម្លែក
  • 10
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​: លោក ហ៊ុន ម៉ា​ណែ​ត ជា​បុត្រ​ច្បង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បាន​សម្តែង​ការអបអរសាទរ​និង​លើកទឹកចិត្ត​ដល់​សប្បុរជន​ក្នុង​សហគមន៍​ដែល​បាន​ចូលរួម​កសាង​សាលារៀន​គឺជា​ការចូលរួមចំណែក​ដ៏​សំខាន់​លើ​វិស័យ​អប់រំ​។​នេះ​ជា​អ្វីដែល​រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់ និង​ចង់បាន​បំផុត​។​

​ក្នុង​ពិធី​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​ជិត ៥.០០០ នាក់​ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើ់ប្រាស់​នូវ​អគារសិក្សា​ចំនួន ពីរ ខ្នង ស្ថិតក្នុង​បរិវេណ​វត្ត​ព្នៅ​កើត ភូមិ​ព្នៅ​កើត​ឃុំ​ព្រៃ​ចារ​ស្រុក​ជើងព្រៃ​ដែល​បាន​អមដំណើរ​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​។ លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ព​ង​ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី ៩ មីនា​ចុង​សប្តាហ៍​នេះ​បាន​មានប្រសាសន៍ថា អគារសិក្សា​ចំនួន​ពីរ​ខ្នង​នេះ បានបង្ហាញ​ពី​ការផ្សារភ្ជាប់​រវាង​ពុទ្ធចក្រ​និង​អាណាចក្រ​គឺ​ដូចគ្នា​តាម​បណ្តា​វត្ត​អារាម​ទូទាំងប្រទេស​យើង​ជាច្រើន​កន្លែង​ផ្សេងទៀត​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​លើកឡើងថា សូម​សម្តែង​ការកោតសរសើរ អបអរសាទរ និង​ថ្លែងអំណរគុណ ដល់​ព្រះសង្ឃ ថោង ស្រ៊ី​ន ចៅអធិការ​វត្ត​ព្នៅ​កើត​បាន​ផ្តួចផ្តើម​ឲ្យ​មានការ​សាងសង់ ដោយ​បិណ្ឌបាតបច្ច័យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បង្កើតបានជា​ថវិកាបដិភាគ​ហើយ​បាន​កៀងគរ​ថវិកា​ពី​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​គឺ​គ្រប់​ចំនួន​ជិត​១០​ម៉ឺន​ដុ​លា្ល​រ​អាមេរិក​សង់​បាន​អគារ​ចំនួន​ពីរ​ខ្នង​នេះ​ឡើង​។​

លោក​បាន​បន្ថែមថា​ការចូលរួម​សង់សាលា​រៀន​នេះ​ទៀតសោត​គឺជា​ការចូលរួមចំណែក​ដ៏​សំខាន់​លើ​វិស័យ​អប់រំ​របស់​យើង និង​ស្របតាម​នូវ​អ្វីដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់​ជាន់ថ្នាក់​យកចិត្ត​ដាក់ និង​ចង់បាន​បំផុត​នោះ គឺ​ក៏​នឹង​ជួយ​លើកកម្ពស់​សមត្ថភាព ធនធានមនុស្ស​ដល់​ប្រជាពលរដ្ឋ ទាំង​បច្ចុប្បន្ន និង​នាពេល​អនាគត​។​

លោក​បាន​បន្តថា​ពិសេស​អគារសិក្សា​ទាំងពីរ​ខ្នង​នេះ​មានតម្លៃ​ប្រហែល​១០​ម៉ឺន​ដុល្លារ​មែន​។​ប៉ុន្តែ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​ធំធេង និង​សម្បើម មិនអាច​កាត់ថ្លៃ​បាន និង​មិនអាច​វាស់​បានទេ នៅពេល​អនាគត​នោះ គឺ​ផ្តល់​ការអប់រំ​ចំណេះដឹង​គុណធម៌​និង​សីលធម៌​ដល់​ក្រុមគ្រួសារ​និង​សង្គមជាតិ​យើង​ដ៏​ច្រើន​លើសលុប​ត្រឡប់មកវិញ​។​

​គួរ​បញ្ជាក់ថា ដើម្បី​ឆ្លើយតប និង​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​បរិច្ចាក​នូវ​ថវិកា​ធនធាន ដើម្បី​សាងសង់​អគារសិក្សា​ចំនួន ពីរ ខ្នង​មាន​ចំនួន ១០ បន្ទប់ ចំណាយ​ថវិកា​សរុប​ចំនួន ៩២.៩៥១,៤៧ ដុល្លារ​អាមេរិក​ខាងលើនេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ផ្តល់នូវ​មេដាយ​មុនី​សារ​ភ័​ណ្ឌ​ថ្នាក់​មហាសេនា​ចំនួន មួយ គ្រឿង​,​មេដាយមាស​ចំនួន ប្រាំ គ្រឿង និង​ប័ណ្ណសរសើរ​ចំនួន ១៣ ច្បាប់​ប្រគេន និង​ជូន​ដល់​សប្បុរសជន​៕S/​