​ជួយ​សម្រាល​ការលំបាក​មន្ត្រី​សាលាខេត្ត​ដោយ​ផ្តល់​ថវិកា​១០០​ដុល្លារ​បន្ថែម​លើ​ប្រាក់ខែ​

635
ចែករម្លែក
  • 709
    Shares

ដោយ​៖​បូកគោ​/​កំពត​៖​ក្នុង​បំណង​ចូលរួម​ជួយ​សម្រាល​ការលំបាក​សម្រាប់​ជីវភាព​គ្រួសារ​ក៏ដូចជា​អនុវត្តតាម​ការសន្យា​កន្លងមកលោកអភិបាលខេត្ត​កំពត​បាន​ផ្តល់ជូន​មន្ត្រីរាជការ​ចំណុះ​អង្គភាព​សាលាខេត្ត​នូវ​ទឹកប្រាក់​ម្នាក់ៗ​មួយរយ​ដុល្លារ​បន្ថែម​លើ​ប្រាក់បៀវត្សរ៍​ដែល​សាមីខ្លួន​ទទួលបាន​ជាប្រចាំ​។​

​នា​កិច្ច​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​អង្គភាព​រដ្ឋបាលខេត្ត កាលពី​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ផ្អែកលើ​កិច្ចសហការ​ល្អ​ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត​ទាំងមូល។​បានធ្វើឱ្យ​រដ្ឋបាលខេត្ត​បំពេញ​តួនាទី​ភារកិច្ច​ជូន​ប្រជាពលរដ្ឋ​ទទួល​ភាពជោគជ័យ​ជា​បន្តបន្ទាប់​។​នេះ​ជា​មោទនភាព​មួយ​ដែល​ជំរុញ​ថ្នាក់ដឹកនាំ​ពិសេស​រូបលោក​ផ្ទាល់​ឱ្យ​កាន់​តែមាន​ទឹកចិត្ត​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​និង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ខេត្ត​។

លោក​អភិបាលខេត្ត​បាន​បន្តថា​ជាការ​ឆ្លើយតប​ចំពោះ​ស្មារតី​ដ៏​ប្រពៃ​នេះ​លោក​ក៏​មិន​ភ្លេច​អំពី​ទុក្ខលំបាក​របស់​បងប្អូន​ដែល​ត្រូវ​ទទួល​រ៉ាប់រង​បន្ទុកគ្រួសារ​ដោយ​ផ្តល់ជូន​ម្នាក់ៗ​មួយរយ​ដុល្លារ​ក្នុង​មួយខែ​សម្រាប់​មន្ត្រីរាជការ​ចំណុះ​អង្គភាព​សាលាខេត្ត​កំពត​ទាំងមូល​។​

នេះ​ជាការ​សាកល្បង​ជំហាន​ដំបូង​ហើយ​បើ​ការអនុវត្ត​មាន​ភាពជោគជ័យ​ឆ្នាំក្រោយ​អាច​នឹងមាន​ការប្រែប្រួល​បន្ថែមទៀត​។​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍​ក្រើន​រំលឹកថា​យ៉ាងណា​សូមឱ្យ​បងប្អូន​ទាំងអស់​យកចិត្តទុកដាក់​ក្នុងការ​បំពេញ​កិច្ចការងារ​ដើម្បីឱ្យ​ខេត្ត​កាន់តែ​រីកចម្រើន​ដែលជា​មោទនភាព​សម្រាប់​ទាំងអស់គ្នា​។​

​សូម​រំលឹកថា​ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​ឧបត្ថម្ភ​ថវិកា​ជូន​មន្ត្រី​សាលាខេត្ត​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បរពៃណីជាតិ​ខ្មែរ​កាលពី​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​ជាការ​សាកល្បង​ចាប់ពី​ខែមករា​ឆ្នាំ​២០១៩​តទៅ​លោក​នឹង​ផ្តល់​ថវិកា​មួយរយ​ដុល្លារ​សម្រាប់​មន្ត្រី​ម្នាក់ៗ​បន្ថែម​លើ​ប្រាក់បៀវត្សរ៍​ដែលមាន​ស្រាប់​។

ពិតណាស់​ទឹកប្រាក់​មួយរយ​ដុល្លារ​នេះ​មិន​ច្រើន​ទេ​តែ​ជាការ​លើកទឹកចិត្ត និង​សម្រាល​ក្តី​លំបាក​របស់​មន្ត្រី​បាន​មួយផ្នែក​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​៕S/​