​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​ជា​បណ្តោះអាសន្ន

298
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​នេះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះទៅ​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ជា​បណ្តោះអាសន្ន​។​

លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ដែល​បាន​ណែនាំ ឱ្យ​មន្ទីរ​សាធារណៈការ នៅតាម​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ផ្លូវថ្នល់ ឱ្យបាន​ល្អ និង​មាន​គុណភាព​នោះ​។

ដូច្នេះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​តែង​បាន​យកចិត្តទុកដាក់​ថែទាំ​ផ្លូវថ្នល់​ទូទាំង​ខេត្ត​ជាប្រចាំ​។​ជាមួយគ្នា​នោះ​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ក្នុងឱកាស​ដែល​លោក​ចុះ​ពិនិត្យមើល​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​។​គឺ​លោក​បាន​ណែ​នាំឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ត្រូវ​សិក្សា​ផលប៉ះពាល់​និង​ពិនិត្យ​លទ្ធភាព​ដើម្បី​ធ្វើការ​ជួសជុល​ផ្លូវ​បណ្តោះអាសន្ន សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិន​។​

​ប្រធាន​មន្ទីរ​រូបនេះ​បាន​បញ្ជាក់ថា​ក្នុងចំណោម​ផ្លូវ​ដែល​រង​ការខូចខាត​ខ្លាំងជាងគេ​ដោយសារ​ជំនន់​ទឹកភ្លៀង រយៈពេល​ប៉ុន្មាន​ថ្ងៃ កន្លងមកនេះ គឺ​ផ្លូវ​ចំណុច PK17+៨០០ ស្ថិតក្នុង​ភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​គឺ​ទឹកបាន​ហូរ​បុក​យ៉ាងខ្លាំង​បណ្តាល​ឱ្យដាច់​ផ្លូវ​ក្រៅពីនោះ​មិនមាន​រង​ផលប៉ះពាល់​ខ្លាំង​នោះទេ​។​

លោក​សំលាង​ទ្រី​បាន​គូសបញ្ជាក់ថា​ដើម្បី​ធ្វើការ​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​បុក​ដាច់​នេះ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​។​មន្ត្រី​ជំនាញ​បាន​កាយ​ផ្លូវ​បង្ហូរទឹក​ដោយ​ដាក់លូ​ចំនួន​៦​កង់​ជា​បណ្តោះអាសន្ន​និង​ចាក់​ថ្ម​ចាក់ដី​កិន​បង្ហាប់​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​សិន​។​

​ចំណែក​ការធ្វើ​ផ្លូវ​នេះ​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស​របស់​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​នោះ គឺ​យើង​នឹង​រៀបចំ​ធ្វើ​នៅ​រដូវប្រាំង​៕S/​