​ជើងឯក​រង​លី​គ កម្ពុជា ចុះ​អឹម​.​អូ​.​យូ ជាមួយ​ក្រុម​ជើង​ឯង​រង ជេ​លី​គ​-២ ជប៉ុន​

199
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្លិប​បាល់ទាត់​វិសាខា ដែលជា​ក្រុម​ជើងឯក​លី​គរ​ង ឆ្នាំ​២០១៩ របស់​កម្ពុជា កាលពី​ថ្ងៃទី​១៥ ធ្នូ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (​អឹម​.​អូ​.​យូ =MOU) ជាមួយ​ក្រុម​យ៉ូ​កូ​ហា​ម៉ា អេ​ហ្វ ស៊ី ( Yokohama FC ) ដែលជា​ក្រុម​ជើងឯក​រង លី​គ​ទី​២ (​ជេ​លី​គ​-២ = J-Leaque-2) របស់​ជប៉ុន ។​

ពិធី​ចុះ MOU រវាង ក្លិប​បាល់ទាត់​វិសាខា និង​ក្រុម​យ៉ូ​កូ​ហា​ម៉ា អេ​ហ្វ ស៊ី​

MOU ដែល​បាន​ធ្វើឡើង នៅ​ប្រទេស​ជប៉ុន​នោះ គឺ​ចុះហត្ថលេខា ដោយ​លោកស្រី កែ សួន​សុ​ភី ដែលជា​ប្រធាន ក្លិប​បាល់ទាត់​វិសាខា ជាមួយ​លោក អូ​ណូ​ដេ​រ៉ា ហ៊ី​រ៉ូ​ស៊ិ ( Onodera Hiroshi ) ប្រធាន​ក្លិប Yokohama FC ។​

ពិធី​ចុះ MOU រវាង ក្លិប​បាល់ទាត់​វិសាខា និង​ក្រុម​យ៉ូ​កូ​ហា​ម៉ា អេ​ហ្វ ស៊ី​

​ការចុះ MOU ជាមួយ​ក្លិប​ក្របខណ្ឌ J-League 2 គឺ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព កម្ពុជា​-​ជប៉ុន និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​កា​រងារ រវាង​ក្លិប​ទាំងពីរ ពិសេស​ការផ្លាស់ប្ដូរ កីឡាករ​យុវជន​ថ្នាល ក៏ដូចជា គ្រូបង្វឹក សំដៅ​ជំរុញ​ការអភិវឌ្ឍ​ក្លិប​ទាំងពីរ ឆ្ពោះទៅរក​ភាព​រីកចម្រើន បន្ថែមទៀត​។​

​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ស្ថាបនិក​ក្លិប​បាល់ទាត់​វិសាខា បាន​អញ្ជើញ​ជា​សាក្សី ក្នុង​ពិធី​ចុះ MOU នេះ​។​

លោក ស សុខា ប្រគល់វត្ថុអនុស្សាវរីយ៍ជូន លោក អូ​ណូ​ដេ​រ៉ា ហ៊ី​រ៉ូ​ស៊ិ

​គួរ​បញ្ជាក់ថា ក្នុង​រដូវ​កាល​ឆ្នាំ ២០១៩ ក្លិប Yokohama FC បានទទួល​ជើងឯក​រង ក្របខ័ណ្ឌ J-League 2 ដែល​នាំ​ឲ្យ​ពួកគេ ទទួលបាន​កៅអី ឡើងទៅ​លេង ក្របខណ្ឌ J-League 1 នា​រដូវ​កាល​ថ្មី ឆ្នាំ​២០២០ ជាមួយ​ក្រុម​ជើងឯក​។ ចំណែក​ក្រុម​វិសាខា​វិញ ក៏​ជា​ក្រុម​ជើងឯក​រង នៃ​លី​គ​កំពូល​កម្ពុជា ឆ្នាំ ២០១៩ នេះ ផងដែរ​៕v