​ជើង​ខ្លាំង​ឆ្លងដែន​ទាំង ៣ នៅ​ព្រឹក​ថ្ងៃអាទិត្យ​

381
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៧ តុលា ២០១៩ មាន​អ្នក​ប្រដាល់ ឆ្លងដែន​ថៃ ចំនួន ៣ រូប ដែល​សុទ្ធ​ជា​ជើង​ខ្លាំង មក​ប្រកួត​ជាមួយ អ្នក​ប្រដាល់​កម្ពុជា​។​

​អ្នក​ប្រដាល់​កម្ពុជា លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផា​យ៉ាក ខា​មីន (Phayak Khamin) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។

លីន វីរៈ និង ផា​យ៉ាក ខាំ​មីន​

​វីរៈ មិនសូវ​មានឱកាស​ប្រកួត ជាមួយ​អ្នក​ប្រដាល់​បរទេស​ឡើយ ។ អ្នក​ប្រដាល់​រូបនេះ វ៉ៃ​ដោយមាន​អំណួត​បន្តិច តែ​ពេលខ្លះ គេ​ក៏​ប្រើ​កែង​វ៉ៃ បានល្អ​ដែរ ។ គេ​ចូលចិត្ត​ប្រើ​កែង តែ​កែង​របស់គេ វ៉ៃ​មិនសូវ​ច្បាស់​នោះទេ ជួនកាល​គេ​វ៉ៃ បាន ៣ ទឹក កម្លាំង​គេ​ធ្លាក់ចុះ​តែម្ដង ។ ចំពោះ ផា​យ៉ា ខា​មីន វិញ គេ​ធ្លាប់​មក ប្រកួត​ស្រុក​ខ្មែរ បាន​ច្រើនដង​ដែរ គេ​មិនមែនជា អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​នោះទេ គេ​ប្រើ​ជើង​ទាត់​បានល្អ កណ្ដាប់ដៃ​ធ្ងន់ និង វ៉ៃ មិន​ឆេវឆាវ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៤៥​ដង ឈ្នះ​៣៥​ដង និង​ចាញ់​១០​ដង ។ ចំពោះ លូន វីរៈ វិញ មាន​ប្រវត្តិ​ប្រកួត ចំនួន​៤០​ដង ឈ្នះ​២៨​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​ចំនួន​២​ដង ។ លីន វីរៈ ទើបតែ​ប្រកួត​ចាញ់ កូយ ឡាយ ក្លិប​ទ័ព​ឆ័​ត្រ​យោង ដោយ​ពិន្ទុ ។ ជំនួប​មួយ​នេះ វីរៈ អាច​សាង​ជ័យជំនះ បាន​ឬទេ ?​។​

ឡុង ជិន និង ផេ​ត ង៉ា​ម​

​ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត ង៉ា​ម (Phat Ngam) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​ដែរ ។ ទោះបី ឡុង ជិន ទើបតែ​ប្រកួត​ឈ្នះ អ្នក​ប្រដាល់ ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ពិន្ទុ ក៏ពិតមែន តែមួយ​រយៈ​នេះ គេ​សង្កេតឃើញថា អ្នក​ប្រដាល់​រូបនេះ មានការ​ស្រុតចុះ​ខ្លាំងណាស់ ។ ចំពោះ ផេ​ត ង៉ា​ម វិញ គេ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ យ៉ាង​ជោកជាំ ទៅហើយ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៩០​ដង ឈ្នះ​៧២​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ ឡុង ជិន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៤​ដង ឈ្នះ​៦៤​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ដោយ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា ពីមុនមក​នោះ តើ ឡុង ជិន ឬ ផេ​ត ង៉ា​ម ជា​អ្នកឈ្នះ ?​។​

សេក គឹម​រូ​ន និង យ៉​ត ភី​ត​

​អ្នក​ប្រដាល់​ពូកែ​កូរ សេក គឹម​រូ​ន ក្លិប​ម្កុដ​រាជសីហ៍​នោះ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត ភី​ត (Yorth Phit) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ គឹម​រូ​ន មិនសូវ​ចូលចិត្ត ទទួលយក​លទ្ធផល ចាញ់​នោះទេ បើ​ចាញ់ គេ​ឡាំប៉ា​មិន​ចង់​ចុះ ពីស​ង្វៀន​ប្រកួត​ឡើយ​។ ចំពោះ យ៉​ត ភី​ត គេ​ខានមក​ប្រកួត​នៅ​ស្រុក​ខ្មែរ មួយរយៈ ហើយ គេ​ជា​អ្នក​ប្រដាល់ មហា​កម្លាំង​ដូច គឹម​រូ​ន ដែរ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៦​ដង ឈ្នះ​៦៩​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ ចំពោះ គឹម​រូ​ន វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៩​ដង ឈ្នះ​៧០​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ដោយ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា ពីមុនមក​នោះ មិនដឹងថា នរណា ជួប​សំណាងល្អ​នោះទេ ។​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ឡុង អា​ឆើត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ធន ស៊ី​ហុង ក្លិប​កងយោធពល​ខេមរភូមិន្ទ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ អេ​លី​ត ឡុង​ឡី ក្លិប​ឆ្មា ស សែន​សុខ ប្រកួត​ជាមួយ វ៉ោ​យ ធាន ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v

អ្នកខ្លាំង​ដែល​ត្រូវ​ជួបគ្នា​