​ជើង​ខ្លាំង​ទាំង ៤ នរណា​ឆ្លង​ផុត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ?

514
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ បាន​ឈានដល់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​នៅ​រសៀល​ថ្ងៃទី​២០ កក្កដា ខាងមុខនេះ ។​

​ជើង​ខ្លាំង ៤ រូប ដែលមាន​អ្នក​ប្រដាល់​កម្ពុជា ២ រូប និង​អ្នក​ប្រដាល់​ថៃ ចំនួន ២ រូប ។ អ្នក​ប្រដាល់​កម្ពុជា ចាន់ សំអាត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត ង៉ា​ម (Phat Ngam) ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ក្នុង​វគ្គ​វិលជុំ សន្សំ​ពិន្ទុ គេ​ឈ្នះ ៣ ប្រកួត​ចាញ់ មួយ​ប្រកួត​ដូចគ្នា ។

ចាន់ សំអាត និង ផេ​ត ង៉ា​ម​

​​ក្នុងជំនួប​នៅ​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ ផេ​ត ង៉ា​ម ចាញ់​សំអាត ដោយ​ស្វ័យប្រវត្តិ ដោយសារតែ​ពេលនោះ អ្នក​ប្រដាល់​ថៃ​រូបនេះ រក្សា​ទម្ងន់​មិនបាន ។ តែ​សម្រាប់​ការជួបគ្នា នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ វា​សំខាន់​ណាស់ ព្រោះ​អ្នកឈ្នះ នឹង​បាន​ឡើង ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ម្ចាស់​ខ្សែក្រវាត់ បាន ៤.០០០ ដុល្លារ ឯ​អ្នកចាញ់ ២.០០០ ដុល្លារ ។​

​សំអាត មាន​ប្រវត្តិ​ប្រកួត ចំនួន​៨១​ដង ឈ្នះ​៦១​ដង ចាញ់​១៧​ដង ស្មើ​ពិន្ទុ​៣​ដង និង​វាយ​គូប្រកួត ឲ្យ​សន្លប់​បាន ចំនួន​១៧​ដង ។ ផេ​ត ង៉ា​ម​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៨​ដង ឈ្នះ​៧១​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ ២​ដង ។ សំអាត លេខ​២ ពូ​ល​A អាច​យកឈ្នះ ផេ​ត ង៉ា​ម លេខ​១ ពូ​ល B បាន​ឬទេ ?​។​

​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ អ្នក​ប្រដាល់​កម្ពុជា សុខ សា​វិ​ន ក្លិប​ឆ្មា ស សែន​សុខ ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ដែន សា​យ៉ា​ម (Den Sayam) ។​

​ដែន សា​យ៉ា​ម ជា​អ្នក​ប្រដាល់ បាន​ចំណាត់ថ្នាក់​លេខ​២ នៃ​ពូ​ល B ចំពោះ សា​វិ​ន វិញ គេ​បាន​ចំណាត់ថ្នាក់​លេខ​១ នៃ​ពូ​ល A ។ ក្នុង​វគ្គ​ប្រកួត​ជម្រុះ សន្សំ​ពិន្ទុ សា​វិ​ន ៤ ប្រកួត​របស់គេ ឈ្នះ​៣​ប្រកួត និង ចាញ់​២​ប្រកួត ចំពោះ​សា​យ៉ា​ម​វិញ ៤​ប្រកួត​របស់គេ ឈ្នះ ២​ប្រកួត​និង​ចាញ់​២​ប្រកួត ។​

សុខ សា​វិ​ន និង ដែន សា​យ៉ា​ម​

​កាល​ជួបគ្នា ក្នុង​វគ្គ​សន្សំ​ពិន្ទុ សា​វិ​ន ប្រើ​កែង​វាយ សា​យ៉ា​ម ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ តែ​ជំនួប​លើក​នេះ មិនទាន់​ប្រាកដ ថា​សា​វិ​ន ជួប​សំណាងល្អ ដូច​លើក​មុន​នោះឡើយ ។ សា​វិ​ន មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៨​ដង ឈ្នះ​៧៤​ដង ចាញ់​២៨​ដង និង​ស្មើ​ពិន្ទុ​៦​ដង ។​

​ចំពោះ​ដែន សា​យ៉ា​ម​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៦​ដង ឈ្នះ​៦៧​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ តើ​ការជួបគ្នា ក្នុង​វគ្គ​ដ៏​សំខាន់​នេះ នរណា ជា​អ្នកឈ្នះ នរណា ជា​អ្នកចាញ់ ? ៕v