​ជៃ សែម ៖ អតីត​ពេទ្យ​ខ្មែរក្រហម​នៅ​ថ្មបាំង

555
ចែករម្លែក

ដោយ​: រី លក្ខិណា បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​
​ភ្នំពេញ​:
កាលពី​កុមារ ខ្ញុំ​មិនបាន​រៀនសូត្រ​ទេ ដោយសារ​នៅ​ក្នុងភូមិ​របស់ខ្ញុំ​មិនមាន​សាលារៀន​។ ក្រោយមក ខ្ញុំ​បាន​ចូលធ្វើ​ជា​កង​សេនាជន​ការពារ​ភូមិ​ត្រពាំង​ព្រៃ ស្ថិតនៅក្នុង​ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្តកោះកុង ព្រោះ​នៅពេលនោះ​មាន​ចលនា​ប​ដិ​វត្ដ​ន៍​បាន​កើតឡើង និង​តែង​ជ្រៀត​ចូលមក​ក្នុងភូមិ​។ នៅ​ឆ្នាំ​១៩៧០ ក្រុមខ្មែរក្រហម​ចូលទៅ​ដល់​ភូមិ​របស់ខ្ញុំ និង​បាន​ឃោសនា​ប្រាប់​ប្រជាជន​ពី​បដិវត្តន៍​របស់ខ្លួន​។

ជ័យ សែម កំពុងរែងឫស្សីធ្វើឈ្នាង

ការ​មក​ឃោសនា​នៅ​តំបន់​ដាច់ស្រយាល​ដូច្នេះ បានធ្វើ​ឲ្យ​ខ្ញុំ​មានចិត្ត​ចង់​ចូលរួម​ជាមួយ​ខ្មែរក្រហម​យ៉ាងខ្លាំង​។ ពាក្យ​ដែល​ក្រុមខ្មែរក្រហម​ប្រើ​សម្រាប់​ឃោសនា​នៅពេលនោះ គឺ «​បងប្អូន​កសិករ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ក្រោក​ឡើង​ដើម្បី​រួបរួម​កម្លាំង​គ្នា តស៊ូ​ប្រឆាំង​ជាមួយនឹង​វណ្ណៈ​ជិះជាន់​»​។ ក្រុមខ្មែរក្រហម​និយាយ​រួចហើយ ក៏​សំណូមពរ​ឲ្យ​បងប្អូន​នៅក្នុង​ភូមិ​ឡើង​មានមតិ​។ ដោយសារ​សង្គម​នៅ​សម័យ​នោះ​មានការ​ជិះជាន់ កេងប្រវ័ញ្ច កៀបសង្កត់​ពី​មេភូមិ​មេឃុំ ហើយ​ទិន្នផល​ដែល​កសិករ​ដាំ​បាន​លក់បាន​តម្លៃថោក ទើប​ខ្ញុំ​បាន​ជឿជាក់​លើ​ក្រុមខ្មែរក្រហម​កាន់តែខ្លាំង​។ ខ្ញុំ​បានសម្រេច​ចិត្ត​ចូលរួម​ជាមួយ​ខ្មែរក្រហម​ចាប់តាំងពី​ពេលនោះ​មក​។​

​បន្ទាប់ពី​ចូល​ចលនា​របស់​ខ្មែរក្រហម​រួចមក ខ្ញុំ​ក៏បាន​បន្ត​ឃោសនា​អូសទាញ​ឲ្យ​យុវជន​នៅក្នុង​ភូមិ​ឲ្យ​ចូលរួម​ជាមួយ​ខ្ញុំ​ដែរ​។ ការឃោសនា​អូសទាញ និង​បញ្ចុះបញ្ចូល​ឲ្យ​យុវជន​ចូលរួម​ជាមួយ​ខ្ញុំ​មិន​ពិបាក​ទេ ព្រោះ​យុវជន​ភាគច្រើន​បាន​ជឿជាក់​ទៅលើ​មាគ៌ា​របស់​ខ្មែរក្រហម​។ ក្រោយពី​ប្រមូលបាន​សមាជិក​ច្រើន​ហើយ ខ្ញុំ​និង​យុវជន​ទាំងនោះ​ក៏បាន​នាំគ្នា​ហ្វឹកហាត់​ក្បួន​យោធា​នៅក្នុង​ព្រៃ​ក្នុង​មួយថ្ងៃ​កន្លះ​ម៉ោង​។ នៅពេលនោះ​ក្រុម​របស់ខ្ញុំ​មាន​កាំភ្លើង​តែ​២-៣​ដើម​តែប៉ុណ្ណោះ​។ ដូច្នេះ​យើង​បាន​ចែក​កម្លាំង​ដើម្បី​ចាំងឈើ​ធ្វើជា​កាំភ្លើង រួចហើយ​លាប​ធ្យូង និង​ថ្នាំ​ពណ៌​ខ្មៅៗ​ដើម្បី​បន្លំ​ភ្នែក​កងទ័ព លន់ នល់​។ យើង​ចេញ​ដើរល្បាត​ម្តងៗ​មាន​សមាជិក​ប្រមាណ​ចាប់ពី​៥​នាក់ ទៅ​១៥​នាក់​។ កង​របស់ខ្ញុំ​បាន​បន្លំ​ដោយបាន​ពាក់​ស្បែកជើង​រួចហើយ​ដើរទៅ​មុខ​។ រយៈពេល​ប្រហែល​២​ម៉ោង​ក្រោយមក កង​របស់ខ្ញុំ​បាន​ដោះ​ស្បែកជើង​ចេញ រួចហើយ​ដើរកាត់​កន្លែង​ដដែល ដើម្បី​ឲ្យ​កងទ័ព​ខាង លន់ នល់ គិតថា​ខ្ញុំ​មាន​គ្នាច្រើន​។ កង​របស់ខ្ញុំ​បានរស់នៅ​ក្នុងព្រៃ​ដោយ​មានតែ​ដំឡូង និង​ក្តួច លាយ​ជាមួយ​បាយ​ហូប​។​

នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ យោធា​ខ្មែរក្រហម​បានទទួល​ជ័យជម្នះ​លើ​របប​លន់ នល់​។ ពេលនោះ​យោធា​ខ្មែរក្រហម​ក៏បាន​ជម្លៀស​ប្រជាជន​ថ្មី​ពី​ភ្នំពេញ​មកដល់​ស្រុក​ថ្មបាំង​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​តែងតាំង​ធ្វើជា​យោធា​ស្រុក​ថ្មបាំង ដែលមាន​ប្រធាន ឈ្មោះ នុ​ន និង​ឈ្មោះ ម៉េង​។

​ក្រោយមក នៅ​ឆ្នាំ​១៩៧៦ ខ្ញុំ​ត្រូវបាន​ផ្លាស់​ពី​យោធា​ទៅ​នៅ​អង្គភាព​ពេទ្យ​ស្រុក​ថ្មបាំង​វិញ ដោយមាន​ឈ្មោះ យ៉​ន គឺជា​ប្រធាន​ពេទ្យ​។ នៅពេលនោះ​ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើការ​ងារ​ខាង​ផ្គត់ផ្គង់​ស្បៀង និង​ដំឡូង​ដល់​អ្នកជំងឺ​។ ខ្ញុំ​និង​សមាជិក​៥​ទៅ​៦​នាក់ បាន​រែក​ដំឡូង​ពី​ថ្មបាំង ទៅ​ផ្តល់​ឲ្យ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ជំនាប់ ព្រោះ​អ្នកជំងឺ​មិនមាន​អាហារ​ហូប​គ្រប់គ្រាន់​។ ចុងភៅ​បាន​បបរ​មួយ​ខ្ទះ​ដោយ​ដាក់​លាយ​ដំឡូង ត្រួយ​ល្ហុង គល់​ចេក និង​ត្រ​យ៉ូ​ង​ចេក រួចហើយ​ដួស​ដាក់​ចាន​ឲ្យ​អ្នកជំងឺ ដែល​មើលទៅ​ឃើញតែ​ទឹក​បបរ​រាវៗ មិនឃើញ​គ្រាប់​អង្ករ ឬ​បន្លែ​ឡើយ​។ នៅ​អំឡុង​ពេលនោះ ខ្ញុំ​ក៏មាន​ជំងឺ​ហើម​ដែរ ព្រោះតែ​ហូប​មិន​គ្រប់គ្រាន់​។
​នៅក្នុង​ឆ្នាំ​១៩៧៦ ដដែល ខ្ញុំ​រៀបការ​ជាមួយ​នារី​ម្នាក់​ដែល​ធ្វើការ​នៅក្នុង​អង្គភាព​ពេទ្យ​ឃុំ​។ កាល​ខ្ញុំ​រៀបការ​នៅពេលនោះ​មាន​ទាំងអស់​៩​គូ ដោយ​យើង​ត្រូវ​ឡើង​ប្តេជ្ញា​នៅ​ចំពោះមុខ​អង្គការ​។ ក្រោយ​រៀបការ​រួច ខ្ញុំ​និង​ប្រពន្ធ​បានរស់នៅ​ជុំគ្នា ប៉ុន្តែ​យើង​ចេញទៅ​ធ្វើការ​នៅ​អង្គភាព​ផ្សេងគ្នា ដោយ​ប្រពន្ធ​របស់ខ្ញុំ​ធ្វើការ​នៅ​អង្គភាព​ពេទ្យ​ឃុំ ចំណែក​ខ្ញុំ​នៅ​អង្គភាព​ពេទ្យ​ស្រុក​។

​នៅ​ឆ្នាំ​១៩៧៨ អង្គការ​បាន​ផ្លាស់ ស៊ីវ ដែលជា​លេខា​ស្រុក​ថ្មបាំង​ចាស់​ចេញ រួច​ដាក់ឈ្មោះ ផល មក​គ្រប់គ្រង​ជំនួស​វិញ​។ តាំងពី​ឈ្មោះ ផល ចូលមក​គ្រប់គ្រង​សមាជិក​នៅក្នុង​អង្គភាព​បាន​បាត់​ខ្លួន​បន្តបន្ទាប់ ធ្វើ​ឲ្យ​ខ្ញុំ​មានការ​បារម្ភ​យ៉ាងខ្លាំង​។

ចម្ការនៅស្រុកវាលវែង

​រហូតដល់​ពេលដែល​ក​ង​ទ័ព​វៀតណាម​វាយ​ចូលមក​ប្រទេស​កម្ពុជា ខ្ញុំ​បាន​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​ជាមួយ​ខ្មែរក្រហម​ម្តងទៀត ដោយសារ​ខ្ញុំ​បាន​ជឿ​ការឃោសនា​របស់​ខ្មែរក្រហម​ថា វៀតណាម​នឹង​សម្លាប់​ខ្មែរក្រហម និង​ចាប់​វះ​ពោះ​ញាត់​ស្មៅ​។ ខ្ញុំ​បាន​ទៅ​រស់នៅ​ថ្មដា ជាប់​ព្រំដែន​ថៃ​។ ថ្ងៃមួយ​កងទ័ព​រដ្ឋាភិបាល​នៅ​ភ្នំពេញ និង​កងទ័ព​វៀតណាម បាន​ស៊ើប​ដឹង​កន្លែង​លាក់ខ្លួន​របស់ខ្ញុំ ក៏​បាញ់​ផ្លោង​គ្រាប់​មក​ទីតាំង​របស់ខ្ញុំ​ចាប់តាំងពី​ម៉ោង​៥​ព្រឹក​បណ្តាល​ឲ្យ​យោធា​ខ្មែរក្រហម​មួយចំនួន​បាន​ស្លាប់ ហើយ​អ្នក​ដែល​នៅរស់​ជីវិត និង​ខ្ញុំ​ក៏បាន​រត់គេចខ្លួន​។​

​នៅ​ឆ្នាំ​១៩៩០ ខ្ញុំ​បាន​ចូលមក​រស់នៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង ដែល​ពេលនោះ​មាន​សុទ្ធតែ​ព្រៃឈើ​ដុះ​ជុំជិត​។ ខ្ញុំ​បាន​កាប់​ឆ្ការព្រៃ​ដើម្បី​យក​ដី​ធ្វើស្រែ​ចម្ការ និង​ធ្វើ​ខ្ទម​តូចៗ​រស់នៅ​បណ្តោះអាសន្ន​។ ចំណែក​ការធ្វើដំណើរ​លំបាក​ខ្លាំងណាស់ ហើយ​ប្រសិនបើ​ខ្ញុំ​ចង់​ទិញ​សម្ភារ និង​អំបិល​សម្រាប់​ហូប​ខ្ញុំ​ត្រូវធ្វើ​ដំណើរ​ទៅ​ទិញ​ពី​ផ្សារ​នៅ​ប្រមោយ​។ ចំណែក​ផលដំណាំ​ដែល​ប្រមូល​ពី​ចម្ការ សត្វ​ដែល​ដាក់​អន្ទាក់​បាន ខ្ញុំ​ទុក​ចែកគ្នា​ជាមួយ​ប្រជាជន​ក្នុងភូមិ​ហូប​។ ខ្ញុំ​លក់​តែ​ខ្លឹមឈើ និង​ជ័រ​រង្គ​ដែល​រកបាន​ប៉ុណ្ណោះ​៕