​ជំងឺគ្រុនឈាម​នៅ​បន្ទាយមាន ជ័យ​បន្ត​កើនឡើង​មាន​ដល់​ជិត​១.៣០០​នាក់​

547
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ស្ថានភាព​ផ្ទុះឡើង​នូវ​ករណី​ជំងឺគ្រុនឈាម​នៅ​ខេត្តបន្ទាយមានជ័យ​បន្ត​កើនឡើង​សន្សឹមៗ​មិន​គំហុក​គឺ​មិនទាន់​ថយចុះ​នោះឡើយ​មកទល់​ថ្ងៃទី​២​ខែកក្កដា​ឆ្នៃ​២០១៩​នេះ​។​គឺ​កើន​ពី​ជាង​៥០០​នាក់តាំងពី​ការចាប់​ផ្ដើមកា​លពី​ចុងខែ​ឧសភា​មកដល់​១.២៨៦​ករណី​នៅពេលនេះ ។​

​នេះ​បើតាម​លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ក្ត្រា ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​។​គឺ​វា​កើនឡើង​ពី​ជាង​៥០០​ករណី​ចុងខែ​ឧសភា​និង​ដើម​មិថុនា​ឆ្នាំ​២០១៩​មកដល់​ជិត​១.៣០០​ករណី​នៅ​ដើមខែ​កក្កដា​ឆ្នាំ​២០១៩​នេះ ។​

លោក​បាន​បន្តថា​:​តួលេខ​នេះ​គឺ​អ្នកជំងឺ​គ្រុនឈាម​ទៅ​ទទួល​សេវា​ព្យ​បាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​មាន​ប្រមាណ​១០០​ករណី​ និង​នៅតាម​គ្លីនិក​ឯកជន​តិចតួច​។​ក្រៅពីនោះ​ភាគច្រើន​អ្នកជំងឺ​គ្រុនឈាម​បាន​ទៅរក​សេវា​ព្យ​បាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​មន្ទីរពេទ្យ​កុមារ​អង្គរ​របស់​មូល​និ​ធិបរទេស​នៅ​ខេត្តសៀមរាប ។​ក្នុង​ខេត្ត​នេះ​កន្លងមកនេះ​ករណី​ជំងឺគ្រុនឈាម​បាន​ផ្ទុះឡើង​នៅ​ស្ទើរ​គ្រប់​ស្រុក​ក្រុង​ដោយ​បង្ក​ឱ្យ​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ​ឆ្លង​ជំងឺ​ហើយ​ទៅរក​សេវា​ពិនិត្យ​ព្យ​បាល​នៅក្នុង​និង​ក្រៅ​ខេត្ត ។

​លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ក្ត្រា​បន្តថា​:​ការផ្ទុះ​ថ្មី​ករណី​ជំងឺ​គ្រុម​ឈាម​ក្នុង​ខេត្ត​នេះ​គឺ​មិន​មាននៅ​ស្រុក​ក្រុង​ថ្មី​ទេ​តែ​វា​បានកើត​នៅ​ជិត​គោលដៅ​ដែល​ជំនាញ​បាន​ចែក​អា​ប៊ែ​ត​និង​បាញ់ថ្នាំ​បង្ការ​កកើត​មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​នោះ​។​មកទល់​ឥឡូវនេះ​អ្នកជំងឺ​ប្រមាណ​១០០​នាក់​បាន​ទៅ​ទទួល​ពិនិត្យ​ព្យ​បាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី​និង​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​។​

​ជំងឺ​មួយចំនួនធំ​បាន​ទៅរក​សេវា​ព្យ​បាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​មន្ទីរពេទ្យ​កុមារ​អង្គរ​របស់​អង្គការ​មូល​និ​ធិបរទេស​នៅ​ខេត្តសៀមរាប​។​ជា​វិធាន​ការបង្ការ​ទប់ស្កាត់​បន្ត​កុំឱ្យ​មាន​ករណី​ចម្លង​ថ្មី​នៃ​ជំងឺគ្រុនឈាម​នេះ​ជំនាញ​បន្ត​ផ្សព្វផ្សាយ​សារ​អប់រំ​ដល់​ប្រជាជន​អំពី​ជំងឺគ្រុនឈាម​វិធី​បង្ការ​,​ដាក់​ថ្នាំ​អា​បែ​ត​ក្នុង​ពាងទឹក​អាងទឹក​នៅ​លំនៅដ្ឋាន​ប្រជាជន​,​ការបាញ់​ថ្នាំ​សម្លាប់​មូស​ខ្លា​ជុំវិញ​ផ្ទះ​ប្រជាជន​ទីប្រជុំជន​ផ្សារ​និង​សាលារៀន​ជាដើម​។​

​យុទ្ធនាការ​នេះ​ចាប់ផ្ដើម​រហូតដល់​គ្រប់គ្រង​សភាពការណ៍​បាន​:​គ្មាន​ទឹក​ដក់​,​គ្មាន​ដង្កូវទឹក​,​គ្មាន​មូស​ខ្លា​,​គ្មាន​ជំងឺគ្រុនឈាម​,​គ្រួសារ​មាន​សុខភាព​ល្អ ៕S/Ha

​រូបថត​:​ជ​ងឺ​គ្រុនឈាម​នៅ​បន្ទាយមានជ័យ​បន្ត​កើន​សន្សឹមៗ​មិន​គំហុក​កើន​ដល់​ជិត​១.៣០០​នាក់​តែ​នៅ​ពុំទាន់​មាន​អ្ម​ក​ស្លាប់​ទេ (​រូប​: ភ្នំ​ស្វាយ​)​